ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ក្រសួង​យុត្តិធម៌៖ យុវជន​ខ្លះ​ងាយ​ក្លាយ​ជា​ឧបករណ៍​នយោបាយ បើ​គ្មាន​ចំណេះដឹង​ផ្នែក​ច្បាប់


លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​​នៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​​នៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក ជិន ម៉ាលីន ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​​អ្នក​សារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការ​ចុះ​អនុស្សរណៈ​នោះ​​​ថា យុវជន​ជា​ច្រើន​ដែល​​ខ្វះ​ខាត​ចំណេះ​ដឹង​ផ្នែក​ច្បាប់ កំពុង​ត្រូវ​បាន​អ្នក​នយោបាយ​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ផល​ចំណេញ​​ផ្នែក​នយោបាយ។

អ្នក​នយោបាយ​មួយ​ចំនួន​បាន​ប្រើប្រាស់​ការ​បកស្រាយ​ច្បាប់​ដោយ​ភាព​មិន​ត្រឹមត្រូវ ​មក​ពង្វក់យុវជន​ដែល​មិន​មាន​ចំណេះដឹង​ផ្នែក​ច្បាប់​គ្រប់គ្រាន់ ដើម្បី​ប្រើប្រាស់​ពួកគេធ្វើ​ជា​ឧបករណ៍​នយោបាយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌។

កាល​ពី​ព្រឹក​ថ្ងៃអង្គារ​ក្នុង​សប្ដាហ៍នេះ លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​កែ​ទម្រង់​ច្បាប់​និងប្រព័ន្ធ​យុត្តិធម៌​នៃ​ក្រសួង​យុត្តិធម៌ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ស្ដីពីកម្ម​វិធី​យុវជន​ក្នុងបុព្វហេតុ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ជាមួយមហាវិទ្យាល័យ​ច្បាប់ និង​កិច្ចការ​សាធារណៈនៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា និង​សមាគម​ស្រាវជ្រាវ និង​ផ្សព្វ​ផ្សាយ​ច្បាប់​ខ្មែរ។

លោក ជិន ម៉ាលីន ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់អ្នក​សារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការ​ចុះ​អនុស្សរណៈ​នោះ​ថា យុវជន​ជា​ច្រើន​ដែលខ្វះ​ខាត​ចំណេះ​ដឹង​ផ្នែក​ច្បាប់ កំពុង​ត្រូវ​បាន​អ្នក​នយោបាយ​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ផល​ចំណេញផ្នែក​នយោបាយ។

លោកបន្ត​ថា យុវជន​ដែល​តែង​រិះ​គន់​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាលភាគច្រើន​ ជា​យុវជន​ដែល​គាំទ្រ​គណបក្សប្រឆាំង ​ហើយ​ថា​ពួកគេ​រិះគន់​ដោយសារ​ពួកគេ​មិន​យល់​ពី​ទិដ្ឋភាពច្បាប់​ពិត​ប្រាកដ។

លោក​បន្ថែម​ថា ទង្វើ​ទាំង​នោះ​នាំឲ្យ​មានគ្រោះ​ថ្នាក់​ដល់​សង្គម និង​ធ្វើ​ឲ្យ​ពួកគេ​រងផល​ប៉ះពាល់ រហូត​ឈាន​ដល់​ការ​ទទួល​រង​គ្រោះ​ផ្នែក​ផ្លូវ​ច្បាប់​ក៏​មាន។​

លោក​បញ្ជាក់​ថា៖ «សង្គម​យើង​មិន​បាច់​មើល​អី​ទេ មើល​តែ​ការ​បញ្ចេញ​មតិ​របស់យុវជន​យើង​នៅ​តាម​បណ្ដាញហ្វេសប៊ុក តើ​យើង​អាច​ទទួល​យក​បាន​ប៉ុន្មាន។ អ្នក​ខ្លះ​ចេញ​មក​មិន​ដឹង​រឿង​អី​ផង​ជេរ​យក​តែ​ម្ដង។ ឮ​គេ​ថា​អញ្ចេះ ឮ​គេ​ថា​អា​ហ្នឹង​ខុស​ច្បាប់ ឮ​ថា​អា​ហ្នឹង​មិន​ស្រប​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ បន្ទរ​តាម​គេ​ហើយ​ជេរ​ថែម មិន​ដឹង​ថា​ខ្លឹមសារ​ពិត​ប្រាកដ​ហ្នឹង​គេ​និយាយ​ថា​ម៉េច​ផង មិន​ដឹង​ថា​អា​ហ្នឹងខុស​ច្បាប់​ត្រង់ណា ។ អា​ហ្នឹង​ខុស​គោល​ការណ៍​ប្រជាធិបតេយ្យ​ត្រង់​ណា​ផង។ ខ្ញុំ​សោកស្ដាយ​ដែល​យុវជន​របស់​យើង​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​អ្នក​នយោបាយ ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ របស់​អ្នកវិភាគ​ដែល​គ្មាន​ការ​ទទួល​ខុសត្រូវ ហើយ​អះអាង​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ។ អា​ហ្នឹង​គឺសម្លាប់​យុវជន​យើង​នៅ​ពេល​ដែល​គាត់មិន​មាន​ការ​ពិចារណា​ច្បាស់​លាស់»។

លោក​ ជិន ម៉ាលីន បន្ថែម​ថា ការ​ចុះ​អនុស្សរណៈ​លើ​កម្មវិធី​ផ្នែក​ច្បាប់​នេះ​ នឹង​ធ្វើ​ឲ្យ​យុវជន​អាច​ពិចារណា​វែកញែក​លើ​ការ​វិភាគ​ និង​ការ​អត្ថាធិប្បាយ​ណា​មួយ​ឲ្យ​ស្រប​តាមច្បាប់​ដើម្បី ជៀស​វាង​ការ​ធ្វើសកម្មភាព​នយោបាយ​ដែល​មិន​ត្រឹមត្រូវ។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់ VOA ថា យុវជន​មិនមែន​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​ណាមួយ​នោះ​ទេ។

លោកស្រី​បន្ត​ថា ការ​បញ្ចេញ​មតិ និង​ការ​រិះ​គន់​រដ្ឋាភិបាលរបស់​យុវជន​ កើត​ឡើង​ដោយ​សារ​បញ្ហា និង​ភាព​អសកម្ម​នានាដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។

លោកស្រី​បញ្ជាក់​ថា៖ «យុវជន​យល់ថា​អ្នកណា គណបក្ស​ណា ក្រុម​អ្នកដឹកនាំ​ណា ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ជា​អ្នក​អាច​ទៅ​ដោះ​ស្រាយ​បញ្ហា មាន​ឆន្ទៈ​គ្រប់គ្រាន់​ដើម្បី​ដោះ​ស្រាយ​បញ្ហា។​ ដូច្នេះ​យុវជន​បាន​ឃើញ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​នេះ។ ឥឡូវ ​យុវជន​តាំង​ពី​កើត​មក​រហូត​មក​ដល់​ពេលនេះ គ្នា​ទៅ​បោះ​ឆ្នោត​ តើ​គ្នា​បាន​ឃើញ​អី? បែកបាក់​គ្រួសារ បាត់​បង់​ដីធ្លី អំពើ​ពុក​រលួយ គម្លាត​ជាមួយ​អ្នក​មាន និង​អ្នកក្រ ការ​មិន​ចេះ​អក្សរ ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​មិន​កើត បាន​ធ្វើ​អី? បាន​ធ្វើ​ការងារ​ដែល​អត់​មាន​ជំនាញ​ ហើយ​យុវជន​ចង់​បាន​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ»។

លោកស្រី​ មូរ សុខហួរ បន្ថែម​ថា ​យុវជន​មាន​តួនាទី​យ៉ាង​សំខាន់​ដើម្បី​ចូល​រួម​ក្នុង​វិស័យ​នយោបាយ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ចូល​រួម​បញ្ចេញ​មតិ​ឲ្យបាន​កាន់​តែ​ច្រើន​ក្នុង​សង្គម ជា​ជាង​ការ​បំបិទ​សិទ្ធិ និង​បំបាក់​ស្មារតី តាម​រយៈ​ការគំរាម​កំហែងពួកគេ​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ។

កន្លង​មក ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​តែង​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញ​មតិ និង​ចូល​រួម​សកម្មភាព​នយោបាយ​នានា ជាពិសេស​ការ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម ក្រោយពី​មាន​ការ​ចោទ​ប្រកាន់ និង​ការ​ឃុំ​ខ្លួន​យុវជន​មួយ​ចំនួន ​បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​សារ​ផ្សេងៗ​ដែលបង្ហាញ​ពី​ការ​មិន​គាំទ្រ និង​រិះ​គន់​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ​ក្នុង​ស្រុក​មួយ មាន​ប្រសាសន៍​ថា លោក​មិន​យល់ស្រប​ចំពោះ​ការ​លើកឡើង​ដែល​ថា​យុវជន​មិន​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​គ្រប់គ្រាន់​ដែល​អាច​ងាយ​នឹង​ឲ្យ​អ្នក​នយោបាយ​ប្រើប្រាស់​ដើម្បីធ្វើ​ជា​ឧបករណ៍​នយោបាយ​បាននោះ​ទេ។

លោក​បន្ថែម​ថា យុវជន​មាន​មូលដ្ឋាន​ក្នុង​ការ​គិតពិចារណា ដោយ​ផ្អែក​លើ​ចំណេះ​ដឹង​របស់​ពួកគេ ដូច្នេះ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​ធ្វើ​ឡើង​ដោយសារ​ពួកគេ​មើល​ឃើញ​ពី​បញ្ហា​ក្នុង​សង្គម និង​ភាព​អវិជ្ជមាន​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល។​

លោក​បញ្ជាក់​ថា៖ «យុវជន​ភាគ​ច្រើន​គាត់​អត់​បាន​សិក្សា​ផ្នែក​ច្បាប់​ទេ។ គាត់​រៀន​មុខវិជ្ជា​ផ្នែក​ច្បាប់​ហ្នឹង​ជា​មុខ​វិជ្ជា​គោល​តូច​មួយ​ទេ មួយ​ឆមាស​អី​ទេ។ ប៉ុន្តែ​បើ​សិន​ដូច​ទស្សនៈ​ថា​ងាយ​ស្រួល​អូស​ទាញ​អញ្ចឹង​យុវជន​ទាំងអស់ រដ្ឋាភិបាល ឬ​ក៏​គណបក្ស​កាន់អំណាច​ហ្នឹង គេ​អូសទាញ គេ​ឲ្យ​ដើរ​តាម​គេ ពុំ​មាន​យុវជន​លើក​ទស្សនៈ​ប្រឆាំង​រដ្ឋាភិបាល​ទេ។ តែទស្សនៈ​បច្ចុប្បន្ន យុវជន​លើកឡើង​ទស្សនៈ​គំនិតមួយ​ចំនួន​ហ្នឹង​វា​អត់​ស្រប​នឹង​គោលការណ៍ ឬ​ការ​លើកឡើង​របស់​រដ្ឋាភិបាល​ទេ។ ​អញ្ចឹង​បាន​ន័យ​ថា រដ្ឋាភិបាល​ពុំ​ទាន់​អូស​ទាញ​យុវជន​បាន​ទាំងអស់​ទេ ហើយ​យុវជន​ទាំងអស់​មិនមែន​ជា​អ្នក​សិក្សា​ផ្នែក​ច្បាប់​ទេ»។

លោក​ ឯម សុវណ្ណារ៉ា បន្ថែម​ថា ការ​បំបិទសេរីភាពប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ ឬ​ហាមឃាត់​មិន​ឲ្យ​រិះគន់​លើ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល នឹង​ធ្វើ​ឲ្យ​ពួកគេលែង​ហ៊ាន​បញ្ចេញ​មតិ​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍសង្គម។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​យុវជន​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ យុវជន​ខ្លះ​ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ និង​ធ្វើ​កិច្ច​សន្យា​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង។ ខ្លះ​ទៀត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ពី​បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​សារ​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ពាក់ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាល។

ក្រុម​សង្គម​ស៊ីវិល​យល់​ថា ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​របស់​យុវជន​ទាំង​នោះ​ គឺ​ជា​ទម្រង់​មួយ​នៃ​ការ​បញ្ចេញ​មតិ មិន​មែន​ជា​បទល្មើស​នោះ​ទេ៕

XS
SM
MD
LG