ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​សុខ អាន​គឺ​ជា​នរណា?

  • ហ៊ាន សុជាតា

ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

កើត​នៅ​ក្នុង​គ្រួសារ​កសិករ​ លោក​សុខ ​អាន ​ សម្រេច​ចាកចេញ​ពី​ស្រុក​កំណើត​ខ្លួន​ មក​រស់​នៅ​ និង​បន្ត​ការ​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ។ ក្រៅពី​ភាសាខ្មែរ​ ដែល​ជា​ភាសា​កំណើត​ខ្លួន​ លោក​ សុខ អាន​ ក៏​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ បារាំង​ និង​វៀតណាម​បាន​ស្ទាត់​ជំនាញ​ផងដែរ។

លោក​ សុខ​ អាន​ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុកទី​ស្តីការ​គណៈរដ្ឋមន្ត្រីជា​សមាជិក​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដ៏​មាន​អំណាច​និង ​ជា​ដៃគូ​ដ៏​ជិតស្និទ្ធរបស់​លោក ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន តាំងពី​ទសវត្សរ៍​ឆ្នាំ​៧០​បាន​ទទួល​មរណភាព​កាល​ពី​ម្សិលមិញ។​ ការ​លាចាក​លោក​របស់​លោក​ សុខ ​អាន ជា​ការ​បាត់បង់​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន។​

ជា​សន្តិសុខ​មួយ​រូប​ ដែល​បំពេញ​ការងារ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​ សុខ​ អាន​ លោក ស៊ុន វន វ័យ​៣៥ ឆ្នាំ ធ្លាប់​បាន​ជួប​ លោក​ សុខ​ អាន​ ពេល​លោក ​សុខ​ អាន​ ដើរ​ហាត់​ប្រាណ​ ក្នុង​ឯកសណ្ឋាន​កីឡា នៅ​ជិត​គេហដ្ឋាន​ ចំនួន​២ដង និង​ធ្លាប់​បាន​ឃើញ​ លោក ​សុខ ​អាន​ ជិះ​រថយន្ត​កាត់​មុខ​លោក​ជា​ច្រើន​ដង។​

លោក​ ស៊ុន​ វន​ នៅ​ចាំ​មិន​ទាន់​ភ្លេច​ ដែល​កាល​ពី​ឆ្នាំ​មុនលោក​ទទួល​បាន​ប្រាក់​ចំនួន​៥​ ម៉ឺន​រៀល​ ជា​អំណោយ​ពី​លោក ​សុខ​ អាន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។ ក្រៅ​ពី​នេះ​ លោក​ថា​ លោក​ សុខ​ អាន​ និង​ក្រុម​គ្រួសារ​ក៏​ធ្លាប់​រៀបចំ​ជា​ចំណី​អាហារ​ ឬ ផ្លែឈើ​ចែក​ជូន​អ្នក​ជិតខាង ក្នុង​ឱកាស​បុណ្យទាន​នានា​ផងដែរ។

លោក ​ស៊ុន ​វន​ ថ្លែង​ប្រាប់ VOA ទៀត​ថា​ នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ លោក​មិន​បាន​ឃើញ​មុខ​ លោក​ សុខ អាន​ ​ញឹកញាប់​ដូច​មុន​ទៀត​ទេ ពោល​គឺ​ក្រោយ​ពេល​ដែល​លោក​ សុខ​ អាន​ ធ្លាក់​ខ្លួន​ឈឺ។ ​

«បើ​ជិះឡាន​រាប់​មិន​ភ្លេច​ដែរ​ តែ​ដើរ​តែ​២​ដង​ទេ។ គាត់​ដើរ​ភាគ​ច្រើន​ មក​ត្រឹម​ហ្នឹង​ គាត់​បក​ទៅ​វិញ​ របៀប​គាត់​ហាត់ប្រាណ​អីហ្នឹង»។

អ្នក​ជិត​ខាង​ដទៃ​ទៀត​ ដែល​រស់​នៅក្បែរ​ខាង​ លោក សុខ​ អាន​ ឲ្យ​ដឹង​ថា​ ពួកគេ​គ្រាន់​តែ​ធ្លាប់ឃើញ​ លោក​សុខ​ អាន​ជិះ​រថយន្ត​កាត់​ពួកគេ រួច​ចូលផ្ទះ​របស់​លោក​ប៉ុណ្ណោះ​ រីឯ​អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​ស្គាល់​ផ្ទះ​លោក​ សុខ ​អាន ​ប៉ុន្តែ​មិន​ធ្លាប់​ជួប​លោក​នៅផ្ទះទេ​សូម្បី​តែ​ម្តង។

២​ថ្ងៃ​ ក្រោយ​លោក​ សុខ​ អាន ទើប​តែ​ទទួល​បាន​គោរមងារ​«សម្តេច​វិបុលបញ្ញា»​ពី​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី​នោះ ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ ទី​១៥​ ខែ​មិនា​ លោក​សុខ​ អាន ​ បាន​ទទួល​មរណភាព ​ក្នុង​វ័យ​៦៦​ឆ្នាំ​ នៅ​ឯ​មន្ទីរពេទ្យ​ ក្រុង​ប៉េកាំង​ ប្រទេស​ចិន​បន្ទាប់​ពី​លោក​មាន​ជម្ងឺ​ធ្ងន់​អស់​រយៈពេល​ជា​ច្រើន​ខែ​នោះ។​

លោក​ សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​គឺ​ជា​បញ្ញវន្ត​មួយ​រូប​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ នៅឆ្នាំ​១៩៧២ និង​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលាភូមិន្ទរដ្ឋបាលនៅ​ឆ្នាំ​១៩៧៥។

មុន​ពេល​លោក​ក្លាយ​ជា​អ្នក​នយោបាយ​ លោក​ សុខ​ អាន​ ធ្លាប់​បម្រើ​ការងារ​ជា​អ្នក​អប់រំ​ ផ្តើម​ចេញ​ពី​សាស្ត្រាចារ្យ​នៃ​ក្រសួង​អប់រំ​ជាតិ​ ខេត្ត​តាកែវ​ នាយក​អនុវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​តាកែវ​ និង ​ជា​គ្រូ​បង្រៀន​ទុតិយភូមិ​ក្នុង​ខេត្ត​សៀមរាប។

លោក​ ក៏​ទទួល​បាន​នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​មួយ​ចំនួន​ផង​ដែរ​ ក្នុង​នោះ​មាន​ ផ្នែក​គោល​នយោបាយ​ និង​គ្រប់គ្រង​សាធារណៈ​ វិទ្យាសាស្ត្រ​នយោបាយ​ និង​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​កូរ៉េ ហ្វីលីពីន​ រុស្ស៊ី និង​អាមេរិក​ជាដើម។

មាន​មាឌ​ធំ​មាំ​ សម្បុរស​ និង​ភ្នែក​តូច​ បែប​កូន​កាត់ចិននេះ លោក​ សុខ អាន​ ​ កើត​នៅ​ថ្ងៃទី​ ១៦ ខែមេសា​ ឆ្នាំ​១៩៥០​ នៅ​ក្នុង​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ ខេត្ត​តាកែវ​ ជាទី​ដែល​លោក​បាន​ជាប់​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​៥​អាណត្តិ​ជាប់​គ្នា​ គិត​ចាប់​ពី​ការ​បោះឆ្នោត​លើកទី១​ នៅ​កម្ពុជា​ នា​ឆ្នាំ​ ១៩៩៣ ​មក​ម៉្លេះ។

អ្នក​នាង​ មាស​ មិថុនា​វ័យ​៣៦​ឆ្នាំ​ ជា​កសិករ​មួយរូប​ មក​ពី​ខេត្ត​តាកែវ​ បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​លោក​ សុខ អាន។ អ្នក​នាង​ លើក​ឡើង​តាម​ទូរស័ព្ទ​ប្រាប់ ​VOA ថា​ លោកសុខ​ អាន​ នាពេល​កន្លង​មក​ធ្លាប់​អភិវឌ្ឍ​ផ្លូវ​ថ្នល់ ​ជួយ​ចាស់​ជរា​ ជីក​អណ្តូង​ទឹក​ និង​សាងសង់​មន្ទីរពេទ្យ​នៅ​ក្នុង​ខេត្ត​តាកែវ។ អ្នក​នាង​ បន្តថា​ ការ​អភិវឌ្ឍ​ទឹកដី​ខេត្ត​តាកែវ​នេះ​ ក៏​ដោយសារ​ខេត្ត​នេះ​ មាន​ការ​អភិវឌ្ឍ​តិចតួច​នៅ​ពេល​ លោក សុខ​ អាន​នៅ​ក្មេង។

អ្នក​នាង​ មាស​ មិថុនា​ ថ្លែងថា៖

«ការ​លំបាក​ និយាយ​រួម ​កាល​គាត់​នៅ​ពី​ក្មេង​ អត់​មាន​ការ​រីក​ចម្រើនអីចឹង​។ ដល់​ពេល​គាត់​ដើរ​ទៅ​ប្រទេស​គេ​ច្រើន​ចឹង​ គាត់​ចង់​ជួយ​ប្រទេស​យើង​ឲ្យ​រីក​ចម្រើន​ដូច​គេ​ដែរ»។​

មេ​ឃុំ​លាយ​បូរ​ ក្នុង​ខេត្ត​តាកែវ​ លោក​ ញ៉ែម​ ឆន​ ថ្លែងប្រាប់​ VOA ថា​ កន្លង​មក ​លោក​ សុខ ​អាន ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​អភិវឌ្ឍ​ខេត្ត​ តាកែវ​ដែល​ជា​ស្រុក​កំណើត​របស់​លោក ​ សុខ​ អាន ​ផ្ទាល់៖

«ចំពោះ​ការ​ដឹកនាំ​ខេត្ត​ តាកែវ​គឺ​ គាត់​យក​ចិត្ត​ទុក​ដាក់។ ចំពោះ​ខេត្ត​ផ្សេង​ទៀត ខ្ញុំ​អត់​បាន​ដឹង​ទេ។ តែ​ចំពោះ​ខេត្ត​តាកែវ គាត់​ដឹក​នាំ​មាន​ការ​រីក​ចម្រើន​យ៉ាង​ច្រើនក្នុង​ខេត្ត​តាកែវ»។

កើត​នៅ​ក្នុង​គ្រួសារ​កសិករ​ លោក ​សុខ ​អាន ​សម្រេច​ចាកចេញ​ពី​ស្រុក​កំណើត​ខ្លួន​ មក​រស់​នៅ​ និង​បន្ត​ការ​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ។ ក្រៅពី​ភាសាខ្មែរ​ ដែល​ជា​ភាសា​កំណើត​ខ្លួន​ លោក​ សុខ អាន​ ក៏​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ បារាំង​ និង​វៀតណាម​បាន​ស្ទាត់​ជំនាញ​ផងដែរ។

លោក​ សុខ​ អាន ​ចាប់ផ្តើម​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ នាឆ្នាំ​១៩៧៩​ ជា​ពេល​ដែល​អ្នក​ទាំង​២​បាន​ផ្តើម​ដំណើរ​ជីវិត​នយោបាយ​រួមគ្នា​នៅ​ឯ​ក្រសួង​ការ​បរទេស។

នៅ​ពេល​នោះ​លោក​ សុខ​ អាន​ធ្វើ​ការ​ជា​ប្រធាន​ខុទ្ទកាល័យ​របស់​លោក​ ហ៊ុន ​សែន​ ខណៈ​ដែល​លោក​ ហ៊ុន ​សែន​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។

ទំនាក់ទំនង​អ្នក​ទាំង២​ កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​មួយ​កម្រិត​ទៀត​ ក្រោយ​មក​ទៀត​ លោក​សុខ​ អាន ​ក្លាយ​ជា​ដន្លង​របស់​លោក ​ ហ៊ុន ​សែន ​ នៅ​ឆ្នាំ​២០០៥ ​ពេល​ដែល​កូន​ប្រុស​លោក ​គឺ​លោក​ សុខ​ ពុទ្ធីវុធ ​ រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ អ្នកស្រី​ ហ៊ុន​ ម៉ាលី​ កូន​ស្រី​របស់​លោក​ ហ៊ុន សែន។

មុន​ពេល​លោក​ សុខ អាន​ បាន​ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ លោក​ សុខ អាន​ ធ្លាប់​បម្រើ​ការងារ​ជា​ឯក​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ឥណ្ឌា​ ព្រមទាំង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​ក្រសួង​មហាផ្ទៃ។

លោក ​សុខ ​អាន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បុគ្គល​សំខាន់​មួយ​រូប​ក្នុង​គណបក្ស​កាន់​អំណាច​ និង​ជួរ​រដ្ឋាភិបាល​ ដែល​មាន​តួនាទី​និង​មុខ​តំណែង​សំខាន់ៗ​ជា​ច្រើន​មុខ។

ជាក់ស្តែង​រូប​លោក​ផ្ទាល់​គឺ​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​កាន់​អំណាច។ រី​ឯ​ក្នុង​ជួរ​រដ្ឋាភិបាល​វិញ​លោក ​សុខ ​អាន​ គឺ​ជា​ប្រធាន​ក្រុម​ការងារ​ជាតិ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​ អាជ្ញាធរ​ជាតិ​អប្សរា​ អាជ្ញាធរ​ជាតិ​ប្រេង​កាត​ រាជ​បណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ក្រុម​ការងារ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​ ក្រុម​ការងារ​ទទួល​ស្គាល់​គុណភាព​អប់រំ​ជា​ដើម។

ស្នាដៃ​សំខាន់ៗ​ដែល​ លោក​ សុខ​ អាន បាន​បន្សល់​ទុក​ក្រោម​ភាព​ជា​អ្នក​ដឹកនាំ​កំពូល​មួយ​រូប​នៅ​កម្ពុជា​ មាន​ជាអាទិ៍​ ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ ការ​ទាមទារ​រូប​បដិមា​ខ្មែរ​ដែល​បាត់បង់​ពី​បរទេស​មក​វិញ​ ការ​បង្កើត​ឲ្យ​មាន​សាលា​ក្តី​ខ្មែរ​ក្រហម​ ការ​ចុះ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​នា​ឆ្នាំ​១៩៩១​ ជាដើម។

ឧបនាយករដ្ឋមន្រ្តីសុខ អានឈរ​នៅ​ក្បែរថ្មរ​ភក់​មាន​អាយុ​ជាង​១០សតវត្សរ៍​របស់កម្ពុជា។
ឧបនាយករដ្ឋមន្រ្តីសុខ អានឈរ​នៅ​ក្បែរថ្មរ​ភក់​មាន​អាយុ​ជាង​១០សតវត្សរ៍​របស់កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​លោក​ សុខ​ អាន ​ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រដ្ឋាភិបាល​កម្ពុជា។​

លោក​ សុខ ​ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា​ លោក​សុខ​អាន​ គឺ​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​ ហើយ​បាន​រួម​ចំណែក​ការងារ​ធំៗ​ជូន​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ។

«គាត់​ជា​សមាជិក​គណៈប្រតិភូ​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ទៅ​ពិភាក្សា​ការងារ​ជាមួយ​នឹង​សម្តេច​នរោត្តមសីហនុ​ នៅ​ទីក្រុង​ប៉ារីស​ ​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា។ នេះ​ជា​ស្នាដៃ​មួយ​ដែល​គាត់​បាន​រួម​ចំណែក​ក្នុង​ប្រវត្តិសាស្ត្រ។ ទី​២​គាត់​បាន​គិតគូរ​អំពី​ ការ​ការពារ​បូរណភាព​ទឹក​ដី​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ គាត់​បាន​រៀបចំ​ឯកសារ​ផ្សេងៗ​ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម។ មួយ​ទៀត​ដែល​លេចធ្លោ​ថ្មីៗ​នេះ​គាត់​បាន​ខិតខំ​តស៊ូ​ជាមួយ​ភាគី​ថៃ​ក្នុង​ការ​ដោះស្រាយ​ប្រាសាទ​ព្រះវិហារ​រហូត​បាន​សម្រេច​ជោគជ័យ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បញ្ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក»។

លោក​ ផៃ​ ស៊ីផាន ​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ ថ្លែង​ថា​ លោក​ សុខ​ អាន​ បាន​កសាង​ស្នាដៃ​ជាច្រើន​ដល់​ប្រជាជន​ និង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំមក​ម្ល៉េះ។​ លោកបន្ត​ថា​លោក ​សុខ​ អាន​ជា​អ្នក​ជំនាញ​ខាង​ផ្នែល​គោល​នយោបាយ​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​នេះ​ថ្លែង​ប្រាប់​ VOA ថា៖

«លោក​ចាប់​ផ្តើម​តតាំង​ពី​ឆ្នាំ​ ១៩៧៩​មក​ លោក​ប្រយុទ្ធ​ប្រឆាំង​ការពារ​ជីវិត​ប្រជាពលរដ្ឋ។ លោក​ជា​អ្នក​ជំនាញ​ដឹកនាំ​កម្ពុជា​ ឲ្យ​គេ​ទទួល​ស្គាល់​ពេញ​ពិភពលោក ។លោក​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហ្នឹង​ដោយ​ជោគជ័យ​ ទោះជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ​ ដែល​ទូត​អាមេរិកាំង​បាន​និយាយ​ថា​ លោក​មាន​ភាព​ជំនាញ​វ័យ​ឆ្លាត​ ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​ងារ​ទូត ​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​ព្រះវិហារ​ទទួល​ស្គាល់​ដោយ​មិន ចាំបាច់​បោះ​ឆ្នោត​ គឺ​ទទួល​ស្គាល់​ដោយ​ឯកច្ឆន្ទ​ឆ្នាំ​ ២០០៨»។

លោក​ មាស ​នី ​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ថ្លែង​ប្រាប់​ VOA ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បាត់​បង់​ធនធាន​មនុស្ស​ដ៏​មាន​សារៈសំខាន់​មួយ​រូប​ ក្រោយ​ការ​ទទួល​មរណភាព​របស់​លោក​ សុខ​ អាន។

លោក​ថ្លែង​ថា​ ដោយ​ហេតុ​លោក​ សុខ អាន​ មាន​តួនាទី​ច្រើន​ក្នុង​រដ្ឋាភិបាល​ ដែល​លោក​ពិបាក​កត់​សម្គាល់​អំពី​ស្នាដៃ​របស់​លោក​ ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា៖

«នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ បើ​យើង​មើល​ទៅ​ឯក​ឧត្តម​ សុខ​ អាន ​ ពីដើម​មក​ គឺ​គាត់​ជា​ធនធាន​មនុស្ស​មួយ​សំខាន់​ណាស់​ សម្រាប់​គាត់​ជួយ​ប្រឹក្សា​យោបល់​ដល់​រដ្ឋាភិបាល។ ហើយ​បើ​យើង​មើល​តួនាទី​របស់​ឯក​ឧត្តម​សុខ អាន​ក្នុង​ជួរ​រដ្ឋាភិបាល​វិញ​ យើង​ឃើញ​គេ​ច្រើន​ប្រើ​ពាក្យ​មួយ​មន្ត្រី​ជាន់​ខ្ពស់​ដៃ​មួយ​រយ។ អីចឹង​បើ​អត់​ពី​ឯក​ឧត្តម​សុខ​ អាន​ទៅ​ សំណួរ​សួថា​តួនាទី​ទាំង​នោះ​ នឹង​ត្រូវ​ធ្លាក់​លើ​អ្នក​ណាវិញ​ បើ​មនុស្ស​ម្នាក់​កាន់​ការងារ​រាប់សិប​ជំពូក»។

លោក​ សុខ​ អាន​ បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ អ្នកស្រី​ អាយ ​អាន្នី​សុខ​ អាន​មាន​កូន​ស្រី​ម្នាក់​ និង​កូន​ប្រុស​៤​នាក់​ ដែល​កំពុង​បំពេញ​តួនាទី​សំខាន់​ៗ​ក្នុង​តំណែង​រដ្ឋាភិបាល​ និង​ជា​អ្នក​ជំនួញ​សំខាន់។ ក្នុង​នោះ​ លោក​ សុខ​ ពុទ្ធីវុធ​ជា​ប្រធាន​សហភាព​សហព័ន្ធ​ស្រូវ​អង្ករ​ និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​មួយរូប​ លោក ​សុខ ​សូកាន​ តំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​តាកែវ។​ លោក​ សុខ សូកេន​ ជា​អនុ​ប្រធាន​នាយកដ្ឋាន​គណៈកម្មការ​វិនិយោគ​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ និង​លោក ​សុខ ​សង្វារ ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា៕

XS
SM
MD
LG