ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេតវិមាន​​បន្ធូរ​បន្ថយ​ការ​ចោទ​ប្រកាន់​របស់​លោក Trump ដែល​ថា​លោក Obama លួច​ថត​សំឡេង​របស់​លោក


រដ្ឋលេខាធិការ​សេតវិមាន​លោក Sean Spicer អំពាវនាវ​ឲ្យ​សមាជិក​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​កិច្ច​ប្រជុំប្រចាំថ្ងៃខ្លី​មួយនៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​១៣ មីនា ២០១៧។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ស្នើ​សុំ​ពេល​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​សភា​ក្នុង​ការ​ផ្ដល់​នូវ​ភស្តុតាង​សម្រាប់​ការ​ចោទ​ប្រកាន់​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ថា អតីត​ប្រធានាធិបតី Barack Obama បាន​លួច​ថត​សំឡេង​ទូរស័ព្ទ​របស់​លោក​នៅ​ក្នុង​ទីក្រុង ញូវយ៉ក ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ឆ្នំា​មុន។

លោក Trump មិន​បាន​បង្ហាញ​ភស្តុតាង​ណា​មួយ​ទេ នៅ​ពេល​ដែល​លោក​បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ Twitter របស់​លោក ចោទ​ប្រកាន់​ដូច​នេះ​កាល​ពី​ដើម​ខែ​នេះ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​លោក Sean Spicer បាន​និយាយ​ថា លោក Trump មិន​ចង់​មាន​ន័យ​ថា លោក Obama ថត​សំឡេង​ទូរស័ព្ទ​របស់​លោក​នោះ​ទេ។

ដោយ​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Spicer បាន​ព្យាយាម​និយាយ​បន្ធូរបន្ថយ​ការ​លើក​ឡើង​របស់​លោក Trump ដែល​ថា​លោក Obama បាន​បញ្ជា​ឲ្យ​មាន​ការ​លួច​ថត​ជា​សម្ងាត់​នៅ​ឯ​សណ្ឋាគារ​នៅ​ក្នុង​ទីក្រុងញូវយ៉ក​របស់​លោក។

លោក Spicer បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump ពិតជា​មិន​បាន​គិត​ថា លោក Obama ជា​អ្នក​លួច​ថត​សំឡេង​របស់​លោក​ដោយ​ខ្លួន​លោក​ផ្ទាល់​នោះ​ទេ‍»។

លោក Spicer បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សេតវិមាន​រំពឹង​ថា ក្រសួង​យុត្តិធម៌​នឹង​ឆ្លើយតប​ចំពោះ​សំណើ​របស់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា ដែល​បាន​ស្នើ​សុំ​ព័ត៌មាន​ដើម្បី​គាំទ្រ​ដល់​ការ​ចោទ​ប្រកាន់​លើ​ការ​លួច​ថត​សំឡេង​នេះ៕

XS
SM
MD
LG