ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា លោក Trump មិន​បាន​បង្ហាញ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ដល់​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​នោះ​ទេ


លោក​ប្រធានាធិបតី Donald Trump ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov (រូប​ស្តាំ) នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov (រូប​ស្តាំ) នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក H.R. McMaster និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋបាល​របស់​លោក Donald Trump បាន​បញ្ជាក់​ថា របាយការណ៍​ដែល​បាន​បោះពុម្ព​ផ្សាយ​ថា លោក​ប្រធានាធិបតី Trump បាន​បង្ហាញ​ព័ត៌មាន​សម្ងាត់​បំផុត​ដល់​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការិយាល័យ​របស់​លោក Trump ផ្ទាល់ គឺ​ជា​របាយការណ៍​មិន​ពិត។

លោក McMaster បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​នៅ​ឯ​សេតវិមាន កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ព័ត៌មាន​ដំបូង ដែល​សារព័ត៌មាន Washington Post បាន​រាយការណ៍ គឺ​ជា​ព័ត៌មាន «មិន​ពិត»។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump មិន​បាន​បង្ហាញ​អំពី​ប្រតិបត្តិការ​យោធា​ណា​មួយ ដែល​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ។ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ ពេល​លោក​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី។ រឿង​នេះ​មិន​បាន​កើត​ឡើង​នោះ​ទេ»។

លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson ដែល​បាន​និយាយ​ថា លោក​ក៏​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភា ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​អគ្គរដ្ឋទូត​រុស្ស៊ី​ដែរ​នោះ បាន​គាំទ្រ​ការ​លើកឡើង​របស់​លោក McMaster។

លោក Tillerson បាន​បន្ថែម​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្នុង​ខ្លឹមសារ​ដើម​ថា៖ «យើង​បាន​ពិភាក្សា​បញ្ហា​ជា​ច្រើន ដែល​ភាគ​ច្រើន គឺ​កិច្ច​ប្រឹងប្រែង​រួម​គ្នា និង​ការ​គំរាមកំហែង ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម»។

កន្លង​មក អង្គការ​សារព័ត៌មាន​ជា​ច្រើន បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី Donald Trump បាន​បង្ហាញ​ព័ត៌មាន​ដែល​ចាត់ទុក​ថា​ជា​ព័ត៌មាន​សម្ងាត់​បំផុត ដល់​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov និង​លោក​អគ្គរដ្ឋទូត​រុស្ស៊ី Sergey Kislyak នៅ​ឯ​ការិយាល័យ​របស់​លោក នៅ​សេតវិមាន​ប្រធានាធិបតី ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG