ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេតវិមាន​ការពារ​ការ​អញ្ជើញ​របស់​ខ្លួន​ចំពោះ​ប្រធានាធិបតី​ហ្វីលីពីន​ ដែល​មាន​រឿង​ចម្រូង​ចម្រាស


ប្រធានា​ធិបតី​ស.រ.អា. លោក​ Donald Trump ធ្វើកាយ​វិការ​ ខណៈ​ពេលដែល​រូបលោក​ដើរក្នុងសួន South Lawn ក្នុងបរិវេណ​សេតវិមាន​ ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ មុនពេល​លោកចាកចេញ​ទៅរដ្ឋ​ Groton ទីក្រុង​ Connecticut (រូបថត​ថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០១៧​)។

កាល​ពី​ពេល​ថ្មីៗ​នេះ សេតវិមាន​ បាន​ចេញ​មុខ​ការពារ​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​ Donald Trump ចំពោះ​សម​ភាគី​ហ្វីលីពីន​ មក​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​បាន​និយាយ​ថា​គឺ ដើម្បី​ពង្រឹង​សម្ព័ន្ធ​មិត្ត​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​កម្លាំង​យោធា​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​អាច​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​ព្រួយ​បារម្ភ​លើ​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​ប្រទេស​របស់​លោក​ប្រធានាធិបតី Rodrigo Duterte​ ដែល​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ ABCលោក​ Reince Priebus ប្រធាន​ផ្នែក​បុគ្គលិក​នៃ​សេត​វិមាន​ បាន​និយាយ​ថា​៖ “ពេល​នេះ​ វា​មិន​មាន​អ្វី​ដែល​ជា​បញ្ហាប្រឈម​សម្រាប់​អាមេរិក និងអាស៊ី ខ្លាំង​ជាង​ការ​គំរាម​កំហែង​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ។ មិន​ថា​ពលរដ្ឋ​ល្អ ឬ​អាក្រក់​ទេ​ គឺ​យើង​សូម​ឲ្យ​ពល​រដ្ឋ​នោះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ សម្រាប់​ប្រទេស​របស់​ពួក​គេ។ យើង​ទាំង​អស់​គ្នា​ ត្រូវ​តែ​ស្រុះ​គ្នា​រឿង​កូរ៉េ​ខាង​ជើង”។

ការ​លើក​ឡើងរបស់​លោក​ Priebus កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សេតវិមាន​បាន​ប្រកាស​ជូន​ដំណឹង​ ពី​ការ​អញ្ជើញ​លោក Duterte មក​សេតវិមាន​ និង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​ បាន​និយាយ​ថា លោក​ Trump បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Duterte ថា​លោក​មាន​ការ​ចាប់​អារម្មណ៍​លើ​ទំនាក់ទំនង​មិត្តភាព និង​ការងារ។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​ បាន​ហៅ​ការ​សន្ទនា​កាល​ពី​សប្ដាហ៍​មុន​ រវាង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ថា​ មាន​ "ភាព​ស្និទ្ធ​ស្នាល​ខ្លាំង​ណាស់​"។ វា​ក៏​បង្ហាញ​ពី​ចំណង​ទំនាក់ទំនង​ដែល​ "ពេល​នេះ​ នឹង​ឆ្ពោះ​ទៅ​រក​ទិសដៅ​វិជ្ជមាន​បំផុត"​។

ប៉ុន្តែ​ សេចក្ដី​ថ្លែងការណ៍​នេះ​ មិន​បាន​និយាយ​អំពី​ភាព​ចម្រូង​ចម្រាស​អន្តរជាតិ​ជុំវិញ​ការ​ថ្កោល​ទោស​នានា​លើ​សង្គ្រាម​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​របស់​លោក​ Duterte ឡើយ​ ដែល​ការ​បង្ក្រាប​បែប​នោះ​ គឺជា​ការ​ផ្ដើម​ហិង្សា​ដែល​នាំ​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​អង្គការ​សហ​ប្រជា​ជាតិ​ និង​ប្រមុខ​ដឹកនាំ​បស្ចិម​ប្រទេសភាគ​ច្រើន។

អ.ស.ប.​ ថ្កោលទោសការ​បង្ក្រាប​របស់​លោក​ Duterte

កាលពី​ឆ្នាំ​មុន​ អតីត​អគ្គលេខាធិការ​ អ.ស.ប.​ លោក​ Ban Ki-moon បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ ការ​គាំទ្រ​របស់​លោក​ Duterte លើ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយ​បាន​ហៅ​វា​ថា​ជា​ "ការ​រំលោភ​លើ​មូលដ្ឋាន​គ្រឹះ​របស់​សិទ្ធិ​មនុស្ស​ និង​សេរីភាព​"។ ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ចាប់​តាំង​ពី​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន​មក​ សង្គ្រាម​គ្រឿង​ញៀន​របស់​លោក​ Duterte បាន​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ជាង ​៦.០០០​នាក់​បាត់​បង់​ជីវិត​ ដែល​ក្នុង​នោះ​ ជន​រង​គ្រោះ​១​ភាគ ​៣​ រង​គ្រោះ​ដោយ​ការ​វាយ​ឆ្មក់​ពី​ក្រុម​ប៉ូលិស ​និង​ផ្សេងៗ​ទៀត​ដោយសារ​ក្រុម​ប្រជា​ការពារ។

នៅ​ពេល​មួយ​នោះកាល​ពី​ចុង​ឆ្នាំ​មុន​ លោក Duterte បាន​និយាយ​អួត​អាង​ប្រាប់​សារ​ព័ត៌មាន​ចក្រភព​អង់គ្លេស​ថា លោក​ធ្លាប់​បាន​សម្លាប់​ជន​សង្ស័យ​បី​នាក់​ ក្នុង​អំឡុង​ពេល​លោក​កាន់​តំណែង​ជា​ចៅហ្វាយ​ក្រុង Davao នៅ​តំបន់​ភាគ​ខាងត្បូង​។

កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​បន្ទាប់​ពី​ការ​បាញ់​សាក​ល្បង​កាំជ្រួច​មីស៊ីល​កូរ៉េ​ខាង​ជើង​

ការ​សន្ទនា​តាម​ទូរស័ព្ទ​ថ្នាក់​ប្រធានាធិបតី​របស់​លោក​ Trump ជាមួយ​លោក​ Duterte កើត​ឡើង​ចំ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​តេស្ត​សាក​ល្បង​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​ខ្លួន​មួយ​ទៀត ​នៅ​ទីក្រុង​ខាង​ជើង​ទីក្រុង​ព្យុងយ៉ាង។ ក្រុម​អ្នក​វិភាគ​ស.រ.អា.​ និង​កូរ៉េ​ខាង​ត្បូង​ បាន​និយាយ​ថា​ ការ​ធ្វើ​តេស្ត​សាក​ល្បង​នោះ​ទទួល​បរាជ័យ។

ទីក្រុង​វ៉ាស៊ីនតោន​ បាន​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ការ​ធ្វើ​តេស្ត​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ ដោយ​បាន​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​មីស៊ីល​ដ៏​ទំនើប​ក្នុង​ប្រទេស​សម្ព័ន្ធមិត្ត​កូរ៉េ​ខាង​ត្បូង​របស់​ខ្លួន។ លោក​ប្រធានាធិបតី​ Trump ក៏​បាន​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កង​នាវា​តូចៗ​នៃ​នាវា​ចម្បាំង​ និង​នាវា​មុជ​ទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​យ៉ាង​ហោច​ណាស់​ ចំនួន​មួយ​គ្រឿង​ នៅ​ក្នុង​តំបន់​នោះ​ ដើម្បី​បង្ហាញ​ពី​កម្លាំង​យោធា។

នាវា​ចម្បាំង​របស់​ជប៉ុន​មួយ​គ្រឿង​ បាន​ចេញ​ពី​កំពង់​ផែ​ Yokosuka ប៉ែក​ខាង​ត្បូង​ទីក្រុង​តូក្យូ​ នៅ​ថ្ងៃ​ទី​០១​ ខែ​ឧសភា។ នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ ឈ្មោះ​ Izumi បាន​ជួប​ និង​អម​នាវា​ភ័ស្តុភារ​ស.រ.អា.​ធំ​មួយ​ចូល​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច។ ការ​បញ្ជា​នាវា​ជប៉ុន​នេះ បញ្ជាក់​ពី​វត្តមាន​លើក​ទី​មួយ​នៃ​កង​កម្លាំង​របស់​ជប៉ុន​ ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ចូល​រួម​ការពារ​នាវា​ស.រ.អា.៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG