ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខណៈ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​កូរ៉េ​ទាំងពីរ តើ​កម្ពុជា​មាន​តួនាទី​អ្វី​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ចរចា​ក្នុង​បញ្ហា​ឧបទ្វីប​កូរ៉េ?


រូបឯកសារ៖ មនុស្ស​ម្នាក់​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​ដែល​រាយការណ៍​ព័ត៌មាន​ស្តី​ពី​ការ​បាញ់​គ្រាំ​មីស៊ីល នៅ​ស្ថានីយ៍រថភ្លើង​មួយ​កន្លែង នៅ​ទីក្រុងសេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។

ទំនាក់​ទំនង​រវាង​កម្ពុជា​និង​កូរ៉េ​ខាង​ជើង​ ត្រូវ​បាន​បន្សល់​ទុក​តាំងពី​អតីតកាល នៅ​ក្នុង​សម័យ​ដឹកនាំ​ដោយ​អតីត​ព្រះមហាក្សត្រ ព្រះបរម​រតន​កោដ្ឋ។ តែ​ទំនាក់ទំនង​នេះ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​រហូត​មក​ដល់​ពេល​នេះ បើ​ទោះជា​ប្រទេស​ទាំងពីរ​មិន​មាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ធំដុំ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ភាព​តាន​តឹង​នៅ​កូរ៉េ​ខាង​ជើង​កំពុង​ក្លាយ​ជា​បញ្ហា​ព្រួយ​បារម្ភ​របស់​ពិភពលោក ដោយសារ​ការ​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ជា​បន្ត​បន្ទាប់។ ការ​ចរចា​ទៅ​លើ​អាវុធ​នុយក្លេអ៊ែរ​ណា​មួយ​ហាក់​ដូច​ជា​មិន​អាច​នឹង​កើត​មាន​រហូត​មក​ដល់​ពេល​នេះ។ មាន​ការ​លើក​ឡើង​ជា​សំណួរ​ថា​ ដោយ​សារ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កូរ៉េ​ទាំង​ពីរ តើ​កម្ពុជា​មាន​តួនាទី​អ្វី​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ចរចា​ក្នុង​បញ្ហា​ឧបទ្វីបកូរ៉េ​ឬ​ទេ?

អតីត​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ឈាង វុន បាន​និយាយ​ថា​អំឡុង​ពេល​លោក​បំពេញ​អាណត្តិ​ជា​មន្រ្តី​ទូត​ចាប់​ពីឆ្នាំ២០០០ ​ដល់ ​ឆ្នាំ​២០០៤ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ពេល​នោះ លោក Kim Dae Jung ​ធ្លាប់​បានលើក​ឡើង​ទៅកាន់​រូប​លោក​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយថា​ កូរ៉េខាងត្បូង​ចង់​ឲ្យ​អតីត​ព្រះបរម​រតន​កោដ្ឋ​ ព្រះបាទ​នរោត្តម សីហនុ ​មាន​តួនាទី​សម្រប​សម្រួល​ឲ្យ​មាន​ការ​ចរចា​ជម្លោះ​រវាង​កូរ៉េ​ខាង​ត្បូង​និង​កូរ៉េ​ខាង​ជើង។

​លោក ឈាង វុន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​បរទេស សហប្រតិបត្តិការ ឃោសនាការ និង​ព័ត៌មាន មាន​ប្រសាសន៍​ថា​ លោក​នៅ​ចាំ​បាន​ថា ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ចង់​ឲ្យ​ព្រះបាទនរោត្តម សីហនុ មាន​តួនាទី​នៅ​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ចរចា​រវាងប្រទេស​កូរ៉េ​ទាំង​ពីរ។ ប៉ុន្តែលោក​ថា ​នៅ​ពេល​នោះ ​កូរ៉េ​ខាង​ជើង​មិន​មាន​ជំហរ​ចង់​ចរចា​នោះ​ទេ។

លោក ឈាង វុន បាន​ថ្លែង​ប្រាប់​ VOA ថា៖ «តែ​ព្រះ​អង្គ​លោក​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា​ទាល់តែ​ខាង​ត្បូង​និង​ខាង​ជើង ​គេស្នើ​មក អាហ្នឹង​បាន​យើង​អាច​ធ្វើ​ទៅ​កើត។ អានេះ​ជា​ការងារ​ការទូត»។​

លោក​មានប្រសាសន៍​បន្ថែម​ថា៖ «ដើម្បី​ធ្វើ​អាជ្ញាកណ្តាល​កើត លុះតែ​ប្រទេស​ទាំងពីរ​គេយល់​ព្រម​ទាំងពីរ។ (បើ)កូរ៉េ​ខាងត្បូង​គាត់​ស្នើ​យើង​ឲ្យ​ធ្វើ​អាជ្ញា​កណ្តាល ហើយ​បើ​កូរ៉េ​ខាង​ជើង​អត់​ព្រម អត់​ដែល​ស្នើ​យើង ក៏​យើង​ធ្វើ​មិន​កើត​ដែរ»។

លោក​ ឈាង វុន បន្ត​ទៀត​ថា​ ​ប្រទេស​កម្ពុជា​មិនលូកដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណានោះទេ​ ហើយ​កម្ពុជា​រាប់​អាន​ជាមួយ​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក​ ដោយ​មិន​ប្រកាន់និន្នា​ការអ្វីឡើយ។​

រូបឯកសារ៖ លោក ​ឈាង វុន​ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្ស​កាន់​អំណាចប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​។

រូបឯកសារ៖ លោក ​ឈាង វុន​ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្ស​កាន់​អំណាចប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​។

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាង​ជើង បាន​បន្សល់​ទុកតាំងពី​ព្រះបាទ​នរោត្តម សីហនុ​ អំឡុង​សម័យ​កាល​ដឹកនាំ​ដោយ​មេដឹកនាំ​ផ្តាច់​ការ​កូរ៉េខាងជើង​ លោក គីម អ៊ីលស៊ុង ដែល​កាល​នោះ​លោក​បាន​សង់​ព្រះរាជ​ដំណាក់​ថ្វាយ​ព្រះបាទ​នរោត្តម សីហនុ​ ក្នុង​ឆ្នាំ​១៩៧៤។ ទំនាក់​ទំនង​កាទូត​រវាង​ប្រទេស​ទាំងពីរ​បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​១៩៦៥ ហើយ​ព្រះបរម​រតនកោដ្ឋ ​ក៏​ធ្លាប់​មាន​អង្គរក្ស​ជា​ជនជាតិ​កូរ៉េ​ខាង​ជើង​ផងដែរ។​

​ជាមួយ​ភាព​តានតឹង​ដែល​កើត​ចេញ​ពី​បញ្ហា​អាវុធនុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង សំណួរ​ត្រូវ​បាន​លើក​ឡើង​ថា​ តើ​ប្រទេស​ជា​សមាជិក​អាស៊ាន អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នេះ ជា​ពិសេស​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កូរ៉េ​ទាំង​ពីរ។

អ្នក​ជំនាញ​និយាយ​ថា​ កម្ពុជា​គួរ​តែ​មាន​តួនាទី​សកម្មជាង​នេះ ទៅលើ​បញ្ហា​នៅ​កូរ៉េ​ខាង​ជើង ដោយ​ប្រើ​ប្រាស់​យន្តការ​អាស៊ាន។ ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណាមួយ​ នៅ​តែ​ជា​សំណួរ​សម្រាប់​កម្ពុជា។

​លោក ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​មាន​ប្រសាសន៍​ថា ដោយ​សារ​ទំនាក់ទំនង​ជិត​ស្និទ្ធិ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​អាច​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​កូរ៉េ​ខាង​ជើង​ នៅ​ពេល​មាន​ការ​ស្នើ​សុំ​ណា​មួយ​មក​កម្ពុជា។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖

«អញ្ចឹង​ទេ​ក្នុង​ករណី​ដែល​ប្រទេស​កូរ៉េ​ទាំង​ពីរ​ហ្នឹង​មក​ស្នើ​សុំ​ឲ្យ​កម្ពុជា​ធ្វើ​ជា​អាជ្ញា​កណ្តាល ឬ​ក៏​យក​ប្រទេស​កម្ពុជា​ទៅ​ជា​កន្លែង​ដើម្បី​ពិភាក្សា​ណាមួយ។ ខ្ញុំ​គិតថា​ កម្ពុជា​អាច​ធ្វើ​បាន ក៏​ប៉ុន្តែ​បើ​ឲ្យ​កម្ពុជា​យើង​ទៅ​ទំនាក់​ទំនង​ដើម្បី​ស្វែង​រក​ដំណោះស្រាយ ប្រហែល​ជា​មិន​អាច​ទេ»។ លោក​បញ្ជាក់​ថា ​កម្ពុជា​ក៏​អាច​ជា​ទីតាំង​សម្រាប់​ការ​ចរចា​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​ទីតាំង​ពិភាក្សា​រវាង​កូរ៉េ​ទាំងពីរ ប្រហែល​ជា​ភាគី​កម្ពុជា​ស័ក្តិសម​ដែរ​ដែល​ប្រទេស​ទាំង​ពីរ​អាច​ជឿ​ទុក​ចិត្ត​បាន​ដែរ»។

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។

លោក ឈាង វណ្ណារិទ្ធិ​ បន្តថា ​ប្រទេស​ជា​សមាជិក​អាស៊ាន​អាច​បើក​ឱកាស​ឲ្យ​មាន​ការ​ជជែកគ្នា​រវាង​កូរ៉េ​ខាង​ជើង​និង​ប្រទេស​ពាក់ព័ន្ធ នៅ​ក្រៅកិច្ច​ប្រជុំ​ផ្លូវការ​នានា នៅ​ពេល​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ប្រទេស​ជាច្រើន​ចូលរួម។​

«(កម្ពុជាយើង​គួរ​តែ​)សកម្មជាង​មុន នៅ​ក្នុង​ការ​ផ្តល់​ជា​អនុសាសន៍​ និង​គំនិត​ផ្តួច​ផ្តើម​ណាមួយ ដើម្បី​ធានា​នូវ​ស្ថិរភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ហ្នឹង។ ប៉ុន្តែ​បច្ចុប្បន្ន​ហ្នឹង​ប្រហែល​ជា​បញ្ហា​ផ្ទៃ​ក្នុង ​វា​ស្មុគស្មាញ​ច្រើន​ពេក»។

ប្រទេស​កម្ពុជា​បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េ​ទាំងពីរ បើ​ទោះជា​កម្ពុជា​មិនមាន​ប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង។ កម្ពុជា​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កូរ៉េ​ខាងត្បូង​ច្រើន ក្នុង​នោះ​មាន​ការ​វិនិយោគ ទេសចរណ៍​ និង​ការ​បញ្ជូន​កម្លាំង​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាដើម។

លោក ឈាង វណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​សូវ​ជា​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​នោះទេ។​

«និយាយ​ឲ្យ​ចំ​ទៅ ផល​ប្រយោជន៍​ជាតិ​យើង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ វា​ច្រើន​ជាង​កូរ៉េ​ខាងជើង។ កូរ៉េ​ខាង​ជើង​ វា​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​អញ្ចឹង​ទៅ។ យើង​ចេះ​តែ​រក្សា​ទុក​ប្រវត្តិសាស្រ្ត​ទាំង​ហ្នឹង ក៏ប៉ុន្តែ​ជា​ដុំកំភួន​ផ្នែក​សេដ្ឋកិច្ច ផ្នែក​ពាណិជ្ជកម្ម ផ្នែក​វិនិយោគ​ហើយ»។

លោក​បញ្ជាក់ថា ​បើ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បង្ខំ​ឲ្យ​ជ្រើស​រើស​ កម្ពុជា​ត្រូវ​តែ​ជ្រើសរើស​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​សារ​ផល​ប្រយោជន៍​ជាតិ។

រូបឯកសារ៖ អតីត​ប្រធានាធិបតីកូរ៉េ​ខាង​ជើង លោក គីម យ៉ុងអ៊ីល (កណ្តាល) អមដោយ​កូន​ប្រុស​របស់​លោក​គឺ​លោក គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​នា​ពេល​បច្ចុប្បន្ន (ស្តាំ) ធ្វើ​ទស្សនកិច្ច​នៅមូលដ្ឋាន​កងទ័ព​អាកាស​នៃ​កូរ៉េ​ខាង​ជើង។ (រូបថត៖ AFP)

រូបឯកសារ៖ អតីត​ប្រធានាធិបតីកូរ៉េ​ខាង​ជើង លោក គីម យ៉ុងអ៊ីល (កណ្តាល) អមដោយ​កូន​ប្រុស​របស់​លោក​គឺ​លោក គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​នា​ពេល​បច្ចុប្បន្ន (ស្តាំ) ធ្វើ​ទស្សនកិច្ច​នៅមូលដ្ឋាន​កងទ័ព​អាកាស​នៃ​កូរ៉េ​ខាង​ជើង។ (រូបថត៖ AFP)

កាលពី​ឆ្នាំ​២០០៧ អតីត​ប្រធានាធិបតីកូរ៉េ​ខាង​ជើង លោក គីម យ៉ុងអ៊ីល បានមក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដែលជា​ទស្សនកិច្ច​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ លោក សុខ​ ទូច មាន​ប្រសាសន៍​ថា​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កូរ៉េខាង​ជើង​នោះ​ទេ ដូច្នេះ​លោក​មើល​ឃើញ​ថា​ទំនាក់ទំនង​នេះ​មិន​ដូច​ទំនាក់ទំនង​កាល​ពី​អតីតកាល​នោះ​ទេ។​

លោក​បន្ត​ថា​ ដោយ​សារ​បញ្ហា​កូរ៉េ​ខាង​ជើង​មាន​ប្រទេស​មហាអំណាច​មួយ​ចំនួន​នៅ​ពីក្រោយ ដូច្នេះ​ប្រទេស​កម្ពុជា​នឹង​មិន​មាន​លទ្ធភាព​អាច​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​បាន​នោះទេ។

លោក សុខ ទូច មាន​ប្រសាសន៍​ថា៖ «កូរ៉េ​(ខាង​ជើង)ជា​ឧបករណ៍​របស់​ចិន សព្វថ្ងៃ​នេះ ដើម្បី​ពង្រឹង​កម្លាំង​របស់ខ្លួន​ទប់​ជាមួយ​អាមេរិក។ ចិន​ប្រើ​ប្រាស់​កូរ៉េ​ខាង​ជើង​ជា​រនាំង ដើម្បី​ឲ្យ​អាមេរិកកាំង ហូរ​ថវិកាឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក ព្រោះ​ចិន​មាន​បំណង តាម​គោល​នយោបាយ​របស់​បក្ស​របស់​គេ គឺ​គេ​នៅ​ឆ្នាំ​២០២០ គេ​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅលើ​ពិភព​លោក»។

លោក​បន្តថា​ ប្រសិន​បើ​អាស៊ាន​មាន​បញ្ហា​ប្រឈម​ជាមួយ​កូរ៉េ​ខាង​ជើង នោះ​កម្ពុជា​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​បញ្ហា​ទាំង​នេះ។

លោក​មានប្រសាសន៍ថា៖ «ប្រសិន​បើ​កូរ៉េ​ខាង​ជើង​មាន​បញ្ហា​ជាមួយ​អាស៊ាន នោះ​កម្ពុជា​នឹង​អាច​ដើរ​តួនាទី​បាន»។

​ចាប់តាំងពី​លោក​ គីម ជុងណាម បង​ប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​លោក​ គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ ត្រូវ​បាន​សម្លាប់​នៅ​ព្រលាន​យន្តហោះ​ក្រុង​កូឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ដុនដាប​ទៅៗ។

លោក Paul Chambers សាស្រ្តាចារ្យ​ និង​ទីប្រឹក្សា​ស្តីពី​បញ្ហា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ Naresuanក្នុង​ប្រទេស​ថៃ មាន​ប្រសាសន៍​ថា​ បញ្ហា​ឃាតកម្ម​លោក គីម ជុងណាម អាច​ជា​បញ្ហា​ដល់​ប្រទេស​កម្ពុជា ដោយ​សារ​មាន​សេចក្តី​រាយការណ៍​ថា​ជន​សង្ស័យ​បាន​មក​ហាត់​សម​ការ​សម្លាប់​លោក គីម ជុងណាម​ នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​បញ្ជាក់​ថា ​ប្រសិន​បើ​ការ​ចោទ​ប្រកាន់​នោះ​ជា​ការ​ពិត លោក ហ៊ុន សែន ត្រូវ​តែ​ដកខ្លួន​របស់​លោក​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​រក្សា​មុខ​មាត់​របស់​រដ្ឋាភិបាល។

ទោះជាយ៉ាងណា លោក Paul Chambers​ មាន​ប្រសាសន៍​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​ដើរ​តួនាទី​ក្នុង​ការ​កាត់​បន្ថយ​នូវ​ភាព​តានតឹង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ។​

«ការដើរ​តួនាទី​បែប​នេះ​នឹង​បង្កើន​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​តំបន់​របស់​លោក ហ៊ុន សែន ជា​អ្នក​ការទូត​មួយ​ដែលអាច​ដោះ​ស្រាយ​បញ្ហា។ វេទិកា​ថ្នាក់​តំបន់​អាស៊ាន អាច​ត្រូវយក​មក​ប្រើ​ប្រាស់​សម្រាប់​បរិបទ​នេះ»។

លោក​ គីម ជុងណាម បង​ប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​លោក​ គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង។

លោក​ គីម ជុងណាម បង​ប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​លោក​ គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង។

លោក​បន្តថា​ ដោយ​សារ​កម្ពុជា​បាន​ឃ្លាត​ឆ្ងាយ​ពី​សហរដ្ឋអាមេរិក ដូច្នេះ​កូរ៉េ​ខាង​ជើង​អាច​គិត​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​ទុក​ចិត្ត​បាន។

«ដោយ​សារ​ប្រទេស​ចិន​ស្និទ្ធិ​នឹង​ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាង​ជើង ខណៈ​សហរដ្ឋ​អាមេរិក​ហាក់​នៅ​ឆ្ងាយ​ពី​កម្ពុជា ដូច្នេះ​ប្រទេស​កូរ៉េ​ខាង​ជើង​គិត​ថា​អាច​ទុកចិត្ត​កម្ពុជា។ នៅ​ចំណុច​នេះ ខ្ញុំ​គិតថា​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​អាច​រឹង​មាំ​គ្រប់គ្រាន់​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​នៅ​ថ្ងៃ​ណាមួយ អាច​សម្រប​សម្រួល​រវាង​ប្រទេស​ទាំងពីរ»។

លោក​បណ្ឌិត​ អ៊ា សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យOccidental College ​នៃ​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក​បាន​ចោទជា​សំណួរ​ពី​តួនាទី​របស់​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ​ដោយ​លោក​បាន​លើក​ឡើង​ពី​បញ្ហាសមុទ្រចិន​ខាងត្បូង។

«ខ្ញុំ​មិន​ច្បាស់​ថា ​អាស៊ាន​មាន​សមត្ថភាព ដើម្បី​ចូលរួម​ដោះស្រាយ​នោះ​ឬយ៉ាងណា។ វា​មិន​មាន​ការ​ឯកភាព​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង»។

កាល​ពី​សប្តាហ៍មុន ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ លោក Rex Tillerson បាន​និយាយ​ថា ​គោលនយោបាយ​នៃ​ «ការ​អត់ធន់​បែប​យុទ្ធសាស្ត្រ» ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចប់ហើយ ហើយ​ថា​សកម្មភាព​យោធា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ជា «ជម្រើស​មួយ​នៅ​លើ​តុ​ចរចា»។ជាមួយ​ការផលិត​អាវុធ​នុយក្លេអ៊ែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង កម្ពុជា​បាន​ប្រកាស​ជំហរ​ច្បាស់លាស់​ថា​ខ្លួន​មិន​គាំទ្រ​កិច្ច​ប្រឹងប្រែង​ណាមួយ​របស់​កូរ៉េ​ខាង​ជើង​ក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។

លោក Raoul M.Jennar ទីប្រឹក្សា​ផ្នែក​ការទូត​របស់​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​VOAថា កម្ពុជា​នឹង​គោរព​ទៅ​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ លោក​បញ្ជាក់​បន្ថែមថា​ កម្ពុជា​មិន​មាន​ហេតុផល​ណាមួយ ​ដើម្បី​ចូល​ខ្លួន​ទៅ​ក្នុង​បញ្ហា​កូរ៉េ​ខាង​ជើង​នោះ​ទេ។

«យើង​មិន​មាន​ការ​ពាក់ព័ន្ធ​ពិសេស​ណា​នៅក្នុង​បញ្ហា​នេះ។ យើង​មិន​មាន​ហេតុ​ផល​ណាមួយ​ ដើម្បី​ព្យាយាម​ឲ្យ​ប្រទេស​យើង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សន្ទរី មាន​ប្រសាសន៍​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាង​ជើង ​ជា​ទំនាក់​ទំនង​ទូត មិត្តភាព​ និង​ត្រូវ​បាន​បន្សល់​ទុក​ជា​ប្រវត្តិសាស្រ្ត​ ហើយ​កម្ពុជា​នៅ​តែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អនេះ។ ទោះជាយ៉ាងណា លោក​បញ្ជាក់ថា​ កម្ពុជា​ចង់​ឃើញ​ឧបទ្វីប​កូរ៉េ​ខាង​ជើង​គ្មា​ន​អាវុធ​នុយក្លេអ៊ែរ ហើយ​ចាប់ផ្តើ​ម​ការ​ចរចា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ឡើង​វិញ​ ដើម្បី​ដោះ​ស្រាយ​ដោយ​សន្តិវិធី។

«ហើយ​ជំហរ​ដែល​កម្ពុជា​លើក​ឡើង​ហ្នឹង គឺ​ពុំ​មែន​សំដៅ​កាន់​ជើង​ភាគី​ណាមួយ ឬក៏​ប្រឆាំង​នឹង​ភាគី​ណា​មួយ​ទេ ជំហរ​របស់​កម្ពុជា​គឺ​យើង​ចង់​ឃើញ សន្តិភាព​ ស្ថិរភាព និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ»។

លោក​បន្ថែមថា៖ «នយោបាយ​ការបរទេស​របស់​កម្ពុជា​យើង​ គឺ​យើង​រក្សា​ទំនាក់ទំនង​មិត្តភាព ទំនាក់​ទំនង​ល្អ​ជាមួយ​រាល់​បណ្តា​ប្រទេស​ទាំង​អស់​នៅ​លើ​សកល​លោក»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សន្ទរី ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃខែ​តុលា ​ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហ្វេសប៊ុក)

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សន្ទរី ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃខែ​តុលា ​ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហ្វេសប៊ុក)

លោក ជុំ សន្ទរី បាន​ឲ្យ​ដឹង​ទៀតថា​ កម្ពុជា​នឹង​ពិចារណា ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ណាមួយ ឲ្យ​កម្ពុជា​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​លើ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ។

«កម្ពុជា​រីករាយ​ប្រសិន​មាន​សំណើ​ណា​មួយ​ឲ្យ​កម្ពុជា​ជួយ​សម្រប​សម្រួល គឺ​យើង​រីករាយ​នឹង​ជួយ​សម្រប​សម្រួល ប៉ុន្តែ​ឲ្យ​យើង​មាន​ជា​គម្រោង​ ជាក់​ស្តែង​ច្បាស់លាស់ ក្នុង​ការ​អន្តរាគមន៍​ជួយ​សម្រប​សម្រួល​ក្នុង​បញ្ហា​នេះ គឺកម្ពុជា​អត់​ទាន់​មាន​ទេ»។

កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍មុន នៅ​ក្នុង​កិច្ច​ប្រជុំ​តុមូល​ចិន​លើក​ទី៥​ស្តីពី​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ថា ​អាស៊ាន​ត្រូវ​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​សម្រប​សម្រួល​ក្នុង​កិច្ច​ប្រជុំ​កំពូល​នានា។

«មួយទៀត ខ្ញុំ​ក៏​បាន​ប្រាប់​ថា ​អាស៊ាន​និង​សមាជិក​អាស៊ាន​មិន​ត្រូវ​ទុក​ខ្លួន ធ្វើ​ជា​ស្មៅ​សម្រាប់​ដំរី​ជាន់​ទេ ព្រោះ​អាស៊ាន​ជា​តួអង្គ​ដែល​ធ្វើ​ការ​សម្រប​សម្រួល ​រាប់​ទាំង​នៅ​ពេល​ដែល​ប្រជុំ​អាស៊ាន​ម្តងៗ ទាំង​មហា​អំណាច​ចិន ទាំង​មហា​អំណាច​អាមេរិក មក​ចូលរួម​ប្រជុំ រាប់​ទាំង​ប្រជុំ​នៅ​កម្ពុជា​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២»។

លោក ឈាង វណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា ​កម្ពុជា​គួរតែ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​គាំទ្រ​ប្រទេស​មហា​អំណាច ហើយ​ដើរ​តាម​ចរន្ត​ពិភពលោក​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង តាម​រយៈ​ការ​ចូលរួម​ដាក់​ទណ្ឌកម្ម ​ឬ​រិះគន់​លើ​ប្រទេស​មួយ​នេះ។

«ក្នុង​ករណី​មាន​សង្រ្គាម​កើត​ឡើង ដើម្បី​រិះគន់​ប្រទេស​ណាមួយ ហើយ​កម្ពុជា​ត្រូវ​តែ​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍ ​និង​ដាក់​សម្ពាធ​លើ​ប្រទេស​ណាមួយ»។

ទោះជាយ៉ាងណា លោក​មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​នោះ​ទេ ដោយ​សារ​រដ្ឋាភិបាល​រវល់​នឹង​ផ្តោត​លើ​កិច្ចការ​បោះឆ្នោត។

«ខ្ញុំ​គិត​ថា​កម្ពុជា​យើង​ពុំ​ទាន់​រួចរាល់​ទេនៅ​ក្នុង​ការ​ឆ្លើយ​តប​ភាព​តាន​តឹ​ង​នៅ​ឧបទ្វីបកូរ៉េ ដោយ​សារ​កម្ពុជា​នៅ​ផ្តោត​លើ​បញ្ហា​បោះឆ្នោត ដោយ​សារ​បញ្ហា​នយោបាយ​ការ​បោះឆ្នោត​មិន​ទាន់​យក​ចិត្ត​ទុកដាក់​ខ្ពស់។ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ក្រោយ​ពី​ការ​បោះឆ្នោត រដ្ឋាភិបាល​ថ្មី​កើត​ឡើង។ ខ្ញុំគិត​ថា​ កម្ពុជា​យើង​គួរ​តែ​ដើរ​តួនាទី​ជា​ប្រទេស​មួយ​ដែល​អាច​ចូលរួម​នៅ​ក្នុង​ការពារ​សន្តិសុខ​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ តាម​មធ្យោបាយ​ដែល​អាច​ទៅ​រួច»៕

XS
SM
MD
LG