ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទ្វីប​អាហ្វ្រិក​​ភាគ​ខាង​លិច​ហាម​មិន​ឲ្យ​នាំ​ចូល​ប្រេង​ម៉ាស៊ូត​កខ្វក់


រូបឯកសារ៖ ធុង​ប្រេស​ម៉ាស៊ូត​នៅ​ឯ​ហាង​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​នៅ​ប្រទេស​នីហ្សេរីយ៉ា។
រូបឯកសារ៖ ធុង​ប្រេស​ម៉ាស៊ូត​នៅ​ឯ​ហាង​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​នៅ​ប្រទេស​នីហ្សេរីយ៉ា។

ប្រទេសមួយ​ចំនួន​​នៅ​ទ្វីប​​អាហ្វ្រិក​ភាគ​ខាង​លិច​បាន​យល់​ព្រម​បញ្ឈប់​ការ​នាំចូល​ប្រេង​ម៉ាស៊ូត​ដែល​មានសារធាតុ​ស្ពាន់ធ័រ​ខ្ពស់​ពី​​​អឺរ៉ុប។ ប្រេង​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រេង​ឥន្ធនៈ​កខ្វក់​ ហើយ​ការ​បំភាយ​ឧស្ម័ន​នេះ​​ធ្វើ​​ឲ្យ​ការ​​បំពុល​​ខ្យល់​​អាកាស​កាន់​តែ​​អាក្រក់​ និង​រួម​ចំណែក​ដល់​​បញ្ហា​សុខភាព​ផ្សេងៗ។

ក្រុម​មន្រ្តី​បរិស្ថាន​ អ.ស​.ប.​ កោត​សរសើរ​ដល់​កិច្ច​ព្រមព្រៀង​នេះ​ ប៉ុន្តែ​ពួក​គេ​និយាយ​ថា ​ទ្វីប​អាហ្រ្វិក​នៅ​មាន​ផ្លូវ​ដ៏វែងឆ្ងាយ​ដែល​ត្រូវ​ដើរ​តទៅទៀត​ដើម្បី​សម្រេច​បាន​នូវ​ស្តង់​ដារ​ការ​បំពុល​ខ្យល់​សម័យ​ទំនើប។

មាន​តែ​ប្រទេស​ចំនួន​៧​ប៉ុណ្ណោះក្នុង​ចំណោម​ប្រទេសទាំង​៥៤​ក្នុង​ទ្វីប​អាហ្វ្រិក​ ដែល​បាន​ឈប់​នាំ​ចូល​ប្រេង​ម៉ាស៊ូត​កខ្វក់។ ប្រទេស​ទាំង​៧នោះ​គឺ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ភាគ​ខាង​កើត​ លើក​លែង​តែ​ប្រទេសម៉ារ៉ុក​ ​និងប្រទេសម៉ូរីស។​ បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ភាគ​ខាង​លិច​ដែល​បាន​យល់​ព្រម​ចូល​រួម​ឈប់​នាំ​ចូល​ប្រេងម៉ាស៊ូត​នេះមាន​ប្រទេស​នីហ្សេរីយ៉ា​ ​បេណាំង​ តូហ្គោ​ ហ្គាណា​ និង​ប្រទេស​កូត​ឌីវ័រ។ ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​មិន​មាន​ប្រសិទ្ធភាព​ភ្លាម​ៗ​នោះ​ទេ។ ប្រទេស​ហ្គាណា​នឹង​បញ្ឈប់​ការ​នាំចូល​ប្រេង​នេះ​នៅ​ខែ​មីនា​ ហើយ​ប្រទេស​ដ៏ទៃ​ទៀត​នឹង​អនុវត្ត​តាម​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ ប្រទេស​បី​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ភាគ​ខាងត្បូង​អាច​យល់​ព្រមហាម​ប្រាម​ការ​នាំ​ចូល​ប្រេងម៉ាស៊ូត​កខ្វក់​នៅ​ឆ្នាំ​ក្រោយ។

នាង​ Jane ​Akumu ​មន្ត្រី​កម្មវិធី​ផ្នែក​បរិស្ថាន​នៃ​ អ.ស.ប.​ពិភាក្សា​អំពី​បញ្ហា​ដឹក​ជញ្ជូន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

«មក​ទល់​នឹង​ពេល​នេះ យើងបាន​ធ្វើ​ការលើ​កម្មវិធី​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ យើង​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០០២​ ដោយ​ផ្តោត​លើ​ការ​លុប​បំបាត់​សា​រធាតុ​សំណ​នៅ​ក្នុង​ប្រេង​សាំង។ មក​ដល់​ឆ្នាំ​២០០៥​ ទ្វីប​អាហ្រ្វិក​ក្នុង​អនុតំបន់​សាហារ៉ា​ទាំង​មូល​ បាន​លុប​បំបាត់​សារធាតុ​សំណ​នៅ​ក្នុង​ប្រេង​សាំង។ ដូច្នេះ​ចាប់​ពី​ពេល​នោះ​មក ​ប្រហែល​ជា​នៅ​ឆ្នាំ​២០០៦​ ជា​ពេល​ដែល​យើង​ចាប់​ផ្តើម​លុប​បំបាត់សារធាតុស្ពាន់ធ័រ​ ជាពិសេស​នៅ​ក្នុង​ប្រេង​ម៉ាស៊ូត ​ដោយសារ​តែ​វា​មាន​ផល​ប្រយោជន៍​សម្រាប់​សុខភាព​ និង​បរិស្ថាន»។

ជា​រៀងរាល់​ឆ្នាំ ​ចំនួន​មនុស្សស្លាប់​រាប់​លាន​នាក់​ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើ​ការ​បំពុល​ខ្យល់​អាកាស។

ការ​បំភាយ​ឧស្ម័ន​ប្រេង​ម៉ាស៊ូត​កខ្វក់​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​ហឺត​ ជំងឺ​រលាក​ទងសួត​ ជំងឺ​មហារីក​សួត ​និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ព្រម​ទាំង​បញ្ហា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​បេះដូង។ ក្រុម​មន្ត្រី​សុខាភិបាល​ជា​ច្រើន​បាន​និយាយ​ថា​ កុមារ​ងាយ​រង​គ្រោះ​ជាពិសេសជាង​គេ​ពី​ការបំភាយ​ឧស្ម័ននេះ។

«ការ​បំភាយ​ឧស្ម័ន​ពី​ប្រេងម៉ាស៊ូត​ ជា​ពិសេស​ចេញ​ពី​រថយន្ត​ធុន​ធ្ងន់​ដូច​ជា​រថយន្ត​ក្រុង​ រថយន្ត​ដឹក​ទំនិញ​ធំៗ​ គឺ​ជា​កត្តា​រួម​ចំណែក​ឲ្យ​មាន​កាបូន​ខ្មៅ​ដែល​ជា​សារធាតុ​បំពុល​អាកាសធាតុសំខាន់​បំផុត​ទីពីរ»។

កាបូន​ខ្មៅ​កើត​មក​ពី​ចំហេះ​មិន​ពេញ​លេញ​នៃ​ប្រេង​ឥន្ធនៈ​ហ្វូស៊ីល។

នាង​ Akumu ​និយាយ​ថា​ ខណៈ​ពេល​ដែល​អឺរ៉ុប​ប្រើ​ប្រេង​ម៉ាស៊ូត​បរិសុទ្ធ​ជាង​មុន​នា​ពេល​បច្ចុប្បន្ន​នេះ ពាណិជ្ជករ​ខ្លះ​នៅ​ទ្វីប​នោះ​អាច​លក់​ប្រេង​ម៉ាស៊ូត​កខ្វក់​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ដោយ​ «លាយ» ​វា​ជាមួយ​នឹង​ប្រេង​ឥន្ធនៈ​ផ្សេង​ទៀត​ដែល​មាន​សារធាតុស្ពាន់​ធ័រទាប។ ពួក​ពាណិជ្ជករ​កំពុង​ទាញ​យក​ផល​ប្រយោជន៍​ពី​ភាព​ធូរ​រលុង​នៃ​ស្តង់ដា​រប្រេង​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ជា​ច្រើន។ ភាគ​ច្រើន​នៃ​ប្រេង​ឥន្ធនៈ​កខ្វក់​ដែល​នាំ​ចេញ​ទៅ​កាន់​ទ្វីប​អាហ្រ្វិក​មាន​ប្រភព​មក​ពី​ប្រទេស​ហូឡង់។

នាង ​Akumu​ និយាយ​ថា​ ប្រេង​ម៉ាស៊ូត​ដែល​មាន​សារធាតុ​ស្ពាន់ធ័រ​ទាប​មិន​គួរ​មាន​តម្លៃ​ថ្លៃ​សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ទេ។

«ខ្ញុំ​គិត​ថា​ ជំហាន​បន្ទាប់​គឺ​ត្រូវ​មើល​ទៅ​លើ​ប្រភេទ​រថយន្ត​ដែលនាំចូល​មក​ក្នុង​ប្រទេស​ទាំង​នេះ។ ដូច្នេះ​ យើង​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បី​ណែនាំ​អំពី​ប្រេង​ឥន្ធនៈ​ស្អាត។ ប៉ុន្ដែ​គោល​បំណង​ចុង​ក្រោយ​នោះ​តាម​ពិត ​គឺ​យើង​ចង់​ឲ្យ​មាន​ប្រេង​ឥន្ធនៈ​ស្អាត​ និង​រថយន្ត​ប្រើ​ប្រេង​ឥន្ធនៈ​ស្អាត​ដើម្បី​ឲ្យ​ការ​បំភាយ​ឧស្ម័ន​ពី​រថយន្ត​មាន​ស្តង់ដារ​ ដែល​បញ្ហា​នេះ​កំពុងខ្វះខាត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក»។

ទ្វីប​អាហ្រ្វិក​នាំចូល​រថយន្តជជុះចាស់ៗ​ជា​ច្រើន។ នាង​ Amuku​ បាន​ផ្តល់​ឧទាហរណ៍​ថា ​នៅ​ក្នុង​ប្រទេស​ហ្គាណា រថយន្ត​ជាមធ្យម​មាន​អាយុ​១៤​ឆ្នាំ។ កម្មវិធី​បរិស្ថាន​នៃ ​អ.ស.ប.​ ​និយាយ​ថា៖ «ការ​រួម​បញ្ចូល​គ្នា​រវាង​ប្រេង​ឥន្ធនៈ​ដែល​មាន​កំរិត​ស្ពាន់ធ័រ​ទាប​ជាមួយ​នឹង​រថយន្ត​ដែល​មាន​ស្តង់ដារ​ខ្ពស់​អាច​កាត់​បន្ថយ​ការ​បំភាយឧស្ម័នមានគ្រោះ​ថ្នាក់​ដែលបញ្ចេញ​ដោយ​រថយន្ត​ ​រហូតដល់ទៅ​៩០​ភាគ​រយ»៕

ប្រែសម្រួលដោយ ផន​ បុប្ផា

អត្ថបទ​ទាក់ទង

XS
SM
MD
LG