ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប អះអាង​ថា គេហទំព័រ​ផ្ទុក​ទិន្នន័យ​​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​បាន​លបលួច​ចូល​មើល


លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) ​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​គេហទំព័រ​សម្រាប់​ស្វែង​រក​ឈ្មោះ​បោះឆ្នោត​ដែល​មាន​អាស័យដ្ឋាន​ ​www.voterlist.org.kh ​ត្រូវ​បាន​ក្រុម​អ្នក​លួច​មើល​ទិន្នន័យ​កុំព្យូទ័រ​ ឬ​ហៅថា​ Hackers ​ចូល​ទៅ​បង្ក​ការ​រំខាន​ដល់​ការ​ស្វែង​រក​ឈ្មោះ​របស់​អ្នក​ដែល​បាន​ចុះ​បោះឆ្នោត​ក្នុង​គេហទំព័រ​នោះ។ (ហ៊ុល រស្មី/VOA)

ក្រោយ​ការ​​​ដាក់​ឲ្យ​ដំណើរ​ការ​បាន​បន្តិច គេហទំព័រ​ដែល​ទើប​តែ​បង្កើត​ថ្មី​នោះ មាន​អ្នក​ចុច​ចូល​មើល​ជាង​១លាន​នាក់ ហើយ​បាន​ជាប់​គាំង ដែល​ធ្វើ​ឲ្យ​​ពលរដ្ឋ​ភាគ​ច្រើន​មិន​អាច​ចូល​មើល​ឈ្មោះ​បាន។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កំពុង​ស្វែងរក​អ្នក​លួច​មើល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ ឬ​ហៅ​ថា Hacker នៅ​ក្រៅ​ប្រទេស ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ស្វែង​រក​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ក្នុង​គេហទំព័រដែល​ទើបបង្កើត​ថ្មី​មួយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​ គ.ជ.ប។

កាល​ពី​ថ្ងៃទី៣ ខែ​មករា នេះ​ គ.ជ.ប បាន​ចាប់​ផ្ដើម​បិទ​បញ្ជី​ឈ្មោះ​សម្រាប់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​តាម​មូលដ្ឋាន និង​នៅ​លើ​គេហទំព័រ​ថ្មី​មួយដែល​មាន​អាសយដ្ឋាន www.voterlist.org.kh

ក្រោយ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​បាន​បន្តិច គេហទំព័រ​ដែល​ទើប​តែ​បង្កើត​ថ្មី​នោះ មាន​អ្នក​ចុច​ចូល​មើល​ជាង​១លាន​នាក់ ហើយ​បាន​ជាប់​គាំង ដែល​ធ្វើ​ឲ្យពលរដ្ឋ​ភាគ​ច្រើន​មិន​អាច​ចូល​មើល​ឈ្មោះ​បាន។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ២០១៧ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ នេះ​ថា​ គេហទំព័រ​ដែល​ទើប​តែ​បង្កើត​ដោយ គ.ជ.ប ដើម្បី​សម្រួល​ដល់​ការ​ស្វែង​រក​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​ក្រុម Hacker នៅ​ក្រៅ​ប្រទេស​លួច​ចូល​មើល​ (Hack)។

លោក​បន្ត​ថា សមត្ថកិច្ច​មិន​ទាន់​កំណត់​អំពី​មូលហេតុ​នៃ​ការ​លួច​ចូល​ប្រព័ន្ធ​ទិន្នន័យ​នេះ​ច្បាស់​លាស់​នៅ​ឡើយ​ ប៉ុន្តែ​លោក​ថា ក្រុម​ទាំង​នោះ​មាន​ចេតនា​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

លោក ហង្ស ពុទ្ធា បន្ថែម​ថា បើ​ទោះបី​ជា​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ហើយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឈ្មោះ​របស់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ ប៉ុន្តែ គ.ជ.ប និង​សមត្ថកិច្ច​កំពុង​ស្វែង​រក​អ្នក​ដែល​ Hack ចូល​នោះ ដើម្បី​ប្រគល់​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។

«ការ Hack ហ្នឹង​គឺ Hack ខាង​ក្រៅ​ទេ គ្រាន់​តែ Hack រំខាន​ដល់​អ្នក​ពិនិត្យ​ទេ​ចំណែក​ឯកសារ​ដើម​គឺ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ជាន់​ណាស់។ ហើយ​អ្នក​ជំនាញ​ការ​ជប៉ុន ក៏​កំពុង​តែ​អង្គុយ​ជាមួយ​យើង​ដើម្បី​ធ្វើការ​ការពារ ហើយ​និង​ដោះ​ស្រាយ​បាន។ ហើយ​ពី​ម្សិល​ទល់​ថ្ងៃ​ហ្នឹង​គឺ​យើង​ដោះ​ស្រាយ​បាន​អស់​ហើយ។ អញ្ចឹង ​ខ្ញុំ​គិត​ថា​ យើង​នឹង​តាម​ដាន​មើល​ទាំងអស់​គ្នា​ទៀត។​ យើង​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​រក​ហើយ ប៉ុន្តែ​រឿង​នេះ​ទុក​ឲ្យ​ខាង​សមត្ថកិច្ច​ដែល​មាន​ជំនាញគាត់​ធ្វើ​ការ​ចុះ»។

ថ្មីៗ​នេះ​ រដ្ឋាភិបាល​អាមេរិក​ក្នុង​អាណត្តិ​ ប្រធានាធិបតី បារ៉ាក់ ​អូបាម៉ា បាន​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន​៣៥​នាក់ ចំពោះ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា ​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អាមេរិក និង​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក អូបាម៉ា បាន​លើក​ឡើង​ថា ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អាមេរិក​នេះ ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

លោក​ គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល (Comfrel) ប្រាប់​ VOA​ ថា​ គ.ជ.ប តែង​ត្រូវ​បាន​ជន​ខិលខូច​លួច​ចូល​ក្នុង​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ។

ប៉ុន្តែ ​លោក​ថា គ.ជ.ប មាន​ការ​ធ្វេសប្រហែស និង​មិន​ទទួល​យក​ការ​ផ្ដល់​អនុសាសន៍​ក្នុង​ការ​ការពារ​ជាមុន​ពី​អ្នក​ជំនាញ។

លោក​បន្ថែម​ថា គ.ជ.ប គួរ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ។​

«រឿង​វែបសាយ​នេះ អត់​ទាន់​ឃើញ​មាន​ការ​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ ថា​តើ​ទប់​ស្កាត់ Hack ហ្នឹងយ៉ាង​ដូចម្ដេច​នៅ​ក្នុង​ប្រព័ន្ធ​វែបសាយ​ គ.ជ.ប ហ្នឹង ហើយ​រឿង​ហ្នឹង​អត់​ទាន់​ឃើញ​បាន​ជជែក​គ្នា​ទេ ​និយាយ​ការពិត​ទៅ។ ហើយ​ឥឡូវ​ យើង​ឮ​ដំណឹង​ពី​ការ​ Hack ហ្នឹង​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​ហួសពេល​ដែរ។ វា​អាច​ថា​គ្រាន់​តែ​ជា​ការ​ចាប់ផ្ដើម​ទេ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ ហើយ​គួរ​តែ គ.ជ.ប បើក​ការ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ទៅ មិនមែន​តែ​អ្នក​ជំនាញ​ក្នុង​ក្របខ័ណ្ឌ​ គ.ជ.ប ទេ។ ក្រៅ​ក្របខ័ណ្ឌ​ គ.ជ.ប ហ្នឹង​ ក៏​ហៅ​គេ​មក​ជជែក​ដើម្បី​ឲ្យ​យោបល់​ថា ​តើ​ទប់ស្កាត់ Hack ហ្នឹង​យ៉ាង​ដូចម្ដេច?»។

លោក គល់ បញ្ញា បន្ថែម​ថា ​ទោះ​បី​ជា​ការ​ចូល​មើល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ឬ​ហៅ​ថា Hack ចូល​គេហទំព័រ​របស់ គ.ជ.ប កើត​ឡើង​ជា​ច្រើន​ដង​ក្ដី ក៏​លោក​ថា​ នៅ​កម្ពុជា​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ធ្វើ​ឡើង​ដោយ​ដៃ មិន​មែន​ធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ដូច្នេះ​ លោក​ថា ករណី​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ទេ។

កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៧ និង​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១៨​ខាងមុខ។

ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​បាន​ធ្វើ​ឡើង​រយៈពេល​បី​ខែ​កាល​ពី​ចុង​ឆ្នាំ២០១៦​កន្លង​ទៅ​នេះ​ មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជាង​៧​លាន​ ៨​សែន​នាក់​ ឬ​ស្មើ​នឹង​ជាង៨១%​ នៃ​ចំនួន​ប្រជា​ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​សរុប។ ក្នុង​នោះ​ ឈ្មោះ​ស្ទួន​ចំនួន​ជាង​៨.០០០ ត្រូវ​បាន​រក​ឃើញ ​និង​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​ដែល​ធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជា​លើក​ដំបូង​នេះ៕

XS
SM
MD
LG