ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ដំណើរ​ស្វែង​រក​ឪពុក​បង្កើត​របស់​កុមារ​កូន​កាត់​វៀតណាម​៣​នាក់​នៅ​សហរដ្ឋ​អាមេរិក


កុមារកំព្រាវៀតណាមអង្គុយនៅលើកៅអីក្នុងយន្តហោះដឹកអ្នកដំណើរ C-5A Galaxy ដំបូងគេបង្អស់នៃប្រតិបត្តិការ​ជម្លៀស​កុមារ (Operation Babylift) ពីអាកាសយាន្តដ្ឋាន Tan Son Nhut នៅទីក្រុង Saigon នៅក្នុងអំឡុងពេលចុងក្រោយនៃសង្គ្រាមវៀតណាម កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៥។

Moki ទៅ​រៀន​នៅ​សាលា​អន្តរជាតិ​បារាំង​អាមេរិកាំង French American International School ដែល​ជា​សាលា​ឯកជន​មួយ​​បង្រៀន​ពីរ​ភាសា និង​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង San Francisco។ សាលារៀន​នោះ​មិន​រើសអើង​ពណ៌​សម្បុរ​នោះ​ទេ។

ក្រោយ​ពី​ហោះ​ឡើង​បាន​បន្តិច​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​១៩៧៥ យន្តហោះ​ដឹក​អ្នក​ដំណើរ American C-5 បាន​ធ្លាក់​ពេល​កំពុង​ចុះចត​វិញ​នៅ​គ្រា​មាន​អាសន្ន​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន Tan Son Nhut ក្នុង​ទីក្រុង Saigon។ ហេតុការណ៍​ធ្លាក់​យន្តហោះ​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១៣៨​នាក់​ស្លាប់ ដែល​ក្នុង​នោះ​ក៏​មាន​កុមារ​ចំនួន​៧៨​នាក់​ផង​ដែរ។

ជើង​ហោះហើរ​នោះ​គឺ​ជា​ការ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ជា​លើក​ដំបូង​បង្អស់​ដែល​អនុញ្ញាត​ដោយ​លោក​ប្រធានាធិបតី​អាមេរិក Gerald Ford ក្នុង​ការ​ជម្លៀស​កុមារ​កំព្រា​ជនជាតិ​វៀតណាម នៅ​ពេល​សង្គ្រាម​ជិត​បញ្ចប់។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រតិបត្តិការ​ជម្លៀស​កុមារ ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Operation Babylift។

ថ្វីត្បិត​តែ​មាន​ការ​ធ្លាក់​យន្តហោះ​នៅ​ពេល​ចាប់​ផ្តើម​ដំបូង​ក៏​ដោយ ក៏​ប្រតិបត្តិការ​នេះ​បាន​ជម្លៀស​កុមារ​ជនជាតិ​វៀតណាម​ជាង​៣០០០​នាក់​ដោយ​ជោគជ័យ។ ក្នុង​ចំណោម​កុមារ​ទាំង​នោះ​មាន​កូនកាត់​ជាច្រើន​ដែល​ជា​កូន​របស់​យោធា​អាមេរិក​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​ក្រោយ​ពី​សង្រ្គាម​បាន​បញ្ចប់។

​តែ​នៅ​មាន​កុមារ​ជាច្រើន​នាក់​ទៀត​រាប់​មិន​អស់​ ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល។

មនុស្ស​មួយ​ចំនួន​បាន​ចាកចេញ​ទៅ​បាត់។ រយៈពេល​ជា​ច្រើន​ខែ​មុន​ពេល​ជើង​ហោះហើរ​របស់​ប្រតិបត្តិការ​ជម្លៀស​កុមារ​លើក​ដំបូង​បាន​ធ្លាក់ អ្នក​ស្ម័គ្រចិត្ត​រយៈពេល​យូរ​មួយ​ចំនួន ដូចជា​លោកស្រី Maria Eitz បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង។

ហេតុអ្វី​បាន​ខ្ញុំ​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ?

លោកស្រី Maria Eitz យល់​ពី​ស្ថានភាព​ជា​កុមារ​កំព្រា​នៅ​អាល្លឺម៉ង់ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២។ ជា​ស្ត្រី​ម្នាក់​ដែល​ចិញ្ចឹម​កូន​ដោយ​ខ្លួន​ឯង លោកស្រី Eitz បាន​យក​ក្មេង​ប្រុស​វៀតណាម​ដែល​ជា​កូនកាត់ ចំនួន​ពីរ​នាក់​ទៅ​ចិញ្ចឹម​រួច​ជា​ស្រេច​ទៅ​ហើយ។ លោកស្រី​បាន​ដាក់​ឈ្មោះ​ឲ្យ​ពួកគេ​ថា Jonathan និង Nicholas។ ប៉ុន្តែ​លោកស្រី​ចង់​ឲ្យ​កូនប្រុស​ចិញ្ចឹម​ទាំង​ពីរ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត។

ឯកសារ​ចម្លង​នៃលិខិតឆ្លងដែន​ប្រចាំប្រទេសវៀតណាម​ខាង​ត្បូង (កាលពីអតីតកាល) របស់​នាង Moki ដែលត្រូវបាន​ទទួក​យក​ទៅ​ចិញ្ចឹម​ដោយអ្នកស្រី Maria Eitz។ (Vu Nguyen/VOA)

ឯកសារ​ចម្លង​នៃលិខិតឆ្លងដែន​ប្រចាំប្រទេសវៀតណាម​ខាង​ត្បូង (កាលពីអតីតកាល) របស់​នាង Moki ដែលត្រូវបាន​ទទួក​យក​ទៅ​ចិញ្ចឹម​ដោយអ្នកស្រី Maria Eitz។ (Vu Nguyen/VOA)

នៅ​ពេល​ដែល​លោកស្រី Eitz បាន​ទៅ​ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា Can Tho ​បុគ្គលិក​ស្រី​នៅ​ទី​នោះ ព្យាយាម​ណែនាំ​កុមារ​កំព្រា​ជនជាតិ​វៀតណាម​ដែល​មាន​សម្បុរ​ស​ដល់​លោកស្រី។ ប៉ុន្តែ​លោកស្រី Eitz បាន​សម្លឹង​មិន​ដាក់​ភ្នែក​ទៅ​លើ​ក្មេង​ស្រី​សម្បុរ​ខ្មៅ​ម្នាក់ ដែល​មាន​ក្បាល​ពោះ​ធំ​និង​សក់​រួញ គេង​លើ​អង្រឹង​ជា​មួយ​នឹង​កុមារ​២​នាក់​ទៀត​នៅ​ឯ​ជ្រុង​មួយ។

«នោះ​គឺ​ជា​កូនស្រី​របស់​ខ្ញុំ។» លោកស្រី Eitz បន្លឺ​ឡើង។

លោកស្រី Eitz ចង់​បាន​ក្មេង​ស្រី​ម្នាក់​ដែល​មាន​សម្បុរ​ស្រដៀង​នឹង​កូនប្រុស​ចិញ្ចឹម​ទាំង​២​របស់​លោកស្រី ដែល​មាន​សម្បុរ​ខ្មៅ។ លោកស្រី​ចង់​បាន​ក្មេង​ស្រី​ម្នាក់ ដែល​អ្នក​ផ្សេង​ទៀត​មិន​ចង់​បាន។ លោកស្រី Eitz បាន​ដាក់​ឈ្មោះ​ក្មេង​ស្រី​នោះ​ថា Moki និង​បាន​យក​នាង​ចេញ​ពី​ប្រទេស​វៀតណាម​ទៅ​រស់​នៅ​ជាមួយ​នឹង​គ្រួសារ​របស់​លោកស្រី​នៅ​ក្នុង​ទីក្រុង San Francisco។

នៅ​ទី​បំផុត លោកស្រី Eitz បាន​យក​ក្មេង​ស្រី​ម្នាក់​ទៀត​មក​ចិញ្ចឹម។ នាង​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ​ថា Aiyana។

មិន​យូរ​ប៉ុន្មាន លោកស្រី Eitz បាន​រៀបការ​ជាមួយ​នឹង​លោក Don Hesse ហើយ​បាន​ចិញ្ចឹម​បីបាច់​កូន​ចិញ្ចឹម​ទាំង​៤​នៅ​ក្នុង​ផ្ទះ​ប្រភេទ Victoryពណ៌​ប្រផេះ​មួយ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​រុក្ខវិថី​លេខ​៦នៅ​ទល់​មុខ​ឧទ្យាន Golden Gate។

នាង Moki និយាយ «ខ្ញុំ​ចាំ​ថា ខ្ញុំ​សប្បាយ​ណាស់​កាល​ពី​នៅ​តូច»។ តែងតែ​មាន​ក្មេងៗ​នៅ​ក្នុង​ផ្ទះ​ជានិច្ច។ ក្មេង​ដែល​គ្មាន​ផ្ទះ​សម្បែង ត្រូវ​បាន​គេ​ធ្វើបាប ឬ​ប្រើប្រាស់​ថ្នាំ​ញៀន​តែងតែ​មក​ផ្ទះ​នេះ។ អ្នកខ្លះ​មក​លេង ហើយ​អ្នក​ខ្លះ​ទៀត​មក​ដើម្បី​ឲ្យ​អ្នក​ស្រី​ជួយ​ព្យាបាល​ពីព្រោះ​លោកស្រី Eitz ជា​អ្នក​ជំនាញ​ខាង​ចិត្តសាស្រ្ត។

​Moki ទៅ​រៀន​នៅ​សាលា​អន្តរជាតិ​បារាំង​អាមេរិកាំង French American International School ដែល​ជា​សាលា​ឯកជន​មួយបង្រៀន​ពីរ​ភាសា និង​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង San Francisco។ សាលារៀន​នោះ​មិន​រើសអើង​ពណ៌​សម្បុរ​នោះ​ទេ។

នៅ​ទិវា​អតីត​យុទ្ធជន លោក Hesse ដែល​ជា​ឪពុក​ចិញ្ចឹម​របស់​នាង Moki តែងតែ​ចម្អិន​អាហារ​ពេល​ល្ងាច​និង​នាំ​ក្រុម​គ្រួសារ​ទៅ​ញ៉ាំ​ការ៉េម។ លោក​ចង់​ឲ្យ​កូនៗ​ទាំងអស់​ចងចាំ​និង​គោរព​ឪពុក​បង្កើត​របស់​ខ្លួន។

បន្ទាប់​ពី​មើល​ការ​សម្តែង​ល្ខោន ដែល​មាន​ចំណងជើង​ថា «កញ្ញា​សាយហ្គន» ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា “Miss Saigon” នាង Moki បាន​ស្រមៃ​ដល់​រឿង​ព្រេង​និទាន​ស្នេហា​ឪពុក​ម្តាយ​របស់​នាង។

នាង​បាន​ចាប់​ផ្តើម​មាន​មិត្ត​ប្រុស​កាល​ពី​អាយុ​១៦​ឆ្នាំ។ នាង​បាន​និយាយ​ថា «ពី​អាយុ​១៦​ឆ្នាំ​ដល់​១៨​ឆ្នាំ ខ្ញុំ​ព្យាយាម​ស្វែង​យល់​ពី​ខ្លួន​ឯង...តើ​គោលបំណង​របស់​ខ្ញុំ​គឺ​ជា​អ្វី? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ? ហេតុអ្វី​ជា​ខ្ញុំ?

កាល​ពី​អាយុ​១៨​ឆ្នាំ នាង Moki មាន​ផ្ទៃ​ពោះ។ នាង​បាន​បង្កើត​កូន​ស្រី​ម្នាក់ ឈ្មោះ Kaitlin កាល​ពី​ឆ្នាំ ១៩៩២។ នាង Moki ពន្យល់​ថា «ខ្ញុំ​ចង់​បាន​កូន​ជា​ឈាម​ខ្លួន​ឯង។ ខ្ញុំ​ចង់​បង្កើត​កូន​របស់​ខ្លួន​ឯង»។

នៅ​ពេល​ពិនិត្យ​ឃើញ​ថា Kaitlin មាន​ដុំ​ពក​មួយ​ដុំ​នៅ​ក​ នៅ​អាយុ​១ឆ្នាំ​កន្លះ នាង Moki បាន​នាំ​កូន​ស្រី​របស់​ខ្លួន​ទៅ​ពិនិត្យ​នៅ​ការិយាល័យ​វេជ្ជបណ្ឌិត​ម្នាក់​ក្នុង​ទីក្រុង Oakland។ នាង​គ្មាន​ប្រវត្តិ​សុខភាព​របស់​គ្រួសារ​នាង​ដើម្បី​ផ្តល់​ដល់​វេជ្ជបណ្ឌិត​ទេ។ នាង​ចាំ​បាន​ថា នាង​គិត​ថា «នេះ​គឺ​ជា​កូន​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​នាង​កើត​អ្វី​នោះ​ទេ។ ​វេជ្ជបណ្ឌិត​ក៏​ហាក់​ដូច​ជា​មិន​ដឹង​ថា​នាង​កើត​អ្វី​នោះ​ដែរ។ ហើយ​ខ្ញុំ​មិន​មាន​ព័ត៌មាន​នោះ​ទេ។ វា​ជា​រឿង​ដ៏​សោកសៅ»។

ដុំ​ពក​នោះ​មិន​កាច​សាហាវ​ទេ ប៉ុន្តែ​ការ​ស្វែងរក​ឪពុក​ម្តាយ​បង្កើត​របស់​នាង Moki បាន​ក្លាយ​ជា​រឿង​សំខាន់​សម្រាប់​ប្រវត្តិ​សុខភាព​របស់​កូន​នាង។

«ឯង​ត្រូវ​តែ​ធ្វើ​ការ​សម្រាប់​ម្ហូប​ដែល​ឯង​ហូប»

នៅ​ក្បែរ​ទីក្រុង Nha Trang គឺ​ជា​មូលដ្ឋាន​កងទ័ព​ជើង​អាកាស Tuy Hoaដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ចំណោម​មូលដ្ឋាន​កងទ័ព​ផ្សេង​ទៀត​សម្រាប់​កងកម្លាំង​អាមេរិក​នៅ​អតីត​វៀតណាម​ខាង​ត្បូង។ មូលដ្ឋាន​កងទ័ព​ផ្លូវ​អាកាស​នេះ​ គឺ​ជា​ទីតាំង​របស់​កង​យន្តហោះ​ចម្បាំង​ និង​ឧទ្ធម្ភាគចក្រ​ចម្បាំង​របស់​យោធា​អាមេរិក។ ទាហាននិង​អ្នក​បើក​យន្តហោះ​ចម្បាំង​ដែល​សម្រាក​ពី​ការងារ ជា​រឿយៗ​ជួបជុំ​គ្នា​នៅ​តៀម​ស្រា​ក្នុង​ភូមិ​តូច​មួយ​ដែល​មាន​ដី​ហុយ នៅ​ខាង​ក្រៅ​មូលដ្ឋាន​កងទ័ព​នោះ។

អ្នកស្រី Nguyen Thi Ngoc Van គឺ​ជា​ម្ចាស់​តៀម​ស្រា​នោះ។ ថ្ងៃ​មួយ​ក្នុង​ឆ្នាំ ១៩៧១ អ្នកស្រី Ngoc Van បាន​បើក​កន្លែង​រកស៊ី​ដូច​សព្វ​ដង ហើយ​បាន​រក​ឃើញ​ប្រអប់​ក្រដាស​មួយ​ដែល​មាន​ទារក​ម្នាក់​នៅ​ក្នុង​នោះ។

អ្នក​ស្រី​និយាយ​ថា នរណា​ក៏​ដោយ​ដែល​បាន​បោះបង់​ចោល​ទារក​អាយុ​៣​ថ្ងៃ កំពុង​តែ​ចង់​ប្រាប់​ដល់​ទាហាន​អាមេរិក​ស្បែក​ស​ថា ទារក​នេះ​គឺ​ជា​កូន​របស់​ទាហាន​អាមេរិក​ម្នាក់​ក្នុង​ចំណោម​ទាហាន​អាមេរិក​ទាំង​នោះ។ អ្នកស្រី Ngoc Van បាន​ចិញ្ចឹម​ក្មេង​ប្រុស​នោះ​ដូច​ជា​កូន​ប្រុស​របស់​ខ្លួន ហើយ​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា Nguyen Tam។

បន្ទាប់​ពី​ទីក្រុង សាយហ្គន បាន​ដួល​រលំ​កាល​ពី​ឆ្នាំ​១៩៧៥ អ្នកស្រី Ngoc Van និងTam ដែល​មាន​អាយុ​៤​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ជំរំ​អប់រំ​ឡើងវិញ​អស់​រយៈពេល​៦​ខែ។ ទោស​របស់​ពួកគេ​គឺ​លក់​ស្រាបៀរ​ឲ្យ​ជនជាតិ​អាមេរិកាំង។

រូបថតលោក Tam ជាមួយនឹងស្ត្រីម្នាក់ដែលត្រូវបានជឿថាជាម្តាយបង្កើតរបស់លោក។ (រូបថតផ្តល់ឲ្យដោយ Thomas Danny Murray)

រូបថតលោក Tam ជាមួយនឹងស្ត្រីម្នាក់ដែលត្រូវបានជឿថាជាម្តាយបង្កើតរបស់លោក។ (រូបថតផ្តល់ឲ្យដោយ Thomas Danny Murray)

Tam មាន​អាយុ​ប្រហែល​១១​ឆ្នាំ នៅ​ពេល អ្នកស្រី Ngoc Van បាន​ចាកចេញ​ទៅ​កាន់​តំបន់ Pleiku ជាមួយ​នឹង​មិត្ត​ប្រុស​របស់​អ្នកស្រី ហើយ​បាន​ទុក Tam ឲ្យ​នៅ​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​អ្នកស្រី។ ស្រ្តី​ដែល Tam ហៅ​ថា​យាយ តែងតែ​និយាយ​ថា «ឯង​មិន​សម​រស់​នៅ​ទីនេះ​ទេ» ហើយ «ដរាប​ណា​ឯង​រស់​នៅ​ទីនេះ ឯង​ត្រូវ​តែ​ធ្វើ​ការ​ដើម្បី​ម្ហូបអាហារ​ដែល​ឯង​បរិភោគ»។

Tam និយាយ​ថា «ខ្ញុំ​ទៅ​រៀន​នៅ​ពេល​ដែល​ខ្ញុំ​អាច​ទៅ​បាន ហើយ​ភាគច្រើន​ខ្ញុំ​នៅ​ធ្វើ​ស្រែ និង​ធ្វើ​ការងារ​ផ្សេងៗ​ទៀត»។

ជួនកាល Tam រក​ឃើញ​កំប៉ុង​គ្រាប់បែក​ដៃ​ប្រភេទ M79 នៅ​ក្នុង​វាល​ស្រែ។ យុវជន​រូប​នេះ​ នឹង​រុះ​គ្រាប់បែក​នោះ ហើយ​យក​រំសេវ​ទៅ​ប្រើ​សម្រាប់​ចាប់​ត្រី​នៅ​ក្នុង​សមុទ្រ​ជ្រៅ។

នៅ​និទាឃរដូវ​ឆ្នាំ ១៩៨៧ Tam បាន​ឮ​សូរ​សម្លេង​ផ្ទុះ​មួយ។ មិត្តភក្តិ​របស់​គេ​៥​នាក់​បាន​ព្យាយាម​រុះ​គ្រាប់បែក​ដៃ​មួយ​គ្រាប់។ គ្រាប់​ផ្ទុះ​នោះ​បាន​សម្លាប់​ពួកគេ។

«ពួកគេ​និយាយ​ថា ខ្ញុំ​មិន​គួរ​នៅ​ទីនេះ​ទេ»

នៅ​មូលដ្ឋាន​កងទ័ព​របស់​អាមេរិក​មួយ​ទៀត​ក្នុង​សង្កាត់ Tam Quang នាង Nguyen Thi Chin បាន​ជួប​ជាមួយ​នឹង​ទាហាន​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ Sol។ អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈពេល​៤​ឆ្នាំ មុន​ពេល​ដែល នាង Chin បង្កើត​បាន​កូនស្រី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Jannies Nguyen នៅ​ឆ្នាំ​១៩៧២។

នៅ​ឆ្នាំ​១៩៦៩ លោក​ប្រធានាធិបតី​អាមេរិក Richard Nixon បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​ដែល​លោក​បាន​ហៅ​ថា ជា​គោលនយោបាយ«​វៀតណាមនីយកម្ម»​នៃ​សង្គ្រាម​ដែល​គ្មាន​ប្រជាប្រិយភាព។ លោក Nixon បាន​បញ្ជា​ឲ្យ​ដក​ទ័ព​ជើង​គោក​អាមេរិកាំង​សន្សឹមៗ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ចរចា​ទៅ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ។

លោក Sol នៅ​ពេល​នោះ​ឈរជើង​នៅ​ទីក្រុង Bien Hoa គឺ​ជា​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ដក​ចេញ​ពី​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៧២ ហើយ​ត្រូវ​ចាកចោល នាង Chin និង​កូនស្រី​អាយុ​៤​ខែ​ឈ្មោះ Jannies។

Sol ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ថៃ ប៉ុន្តែ​នៅ​តែ​បន្ត​ផ្ញើ​ប្រាក់​និង​សំបុត្រ ជាមួយ​នឹង​ការសន្យា​ថា នឹង​ត្រឡប់​ទៅ​ជួប នាង Chin និង​កូនស្រី​របស់​ខ្លួន​វិញ។ នៅ​ពេល​ដែល​ទ័ព​វៀតណាម​ខាង​ជើង​បាន​ឈ្លាន​ពាន​ចូល​ក្នុង​ទីក្រុង Bien Hoa នៅ​ជិត​ចុង​ឆ្នាំ​១៩៧២ នាង Chin បាន​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​នាង Jannies។

នាង​បាន​ដុត​សំបុត្រ​និង​រូបថត​ពី Sol ចោល។ នាង​បាន​ព្យាយាម​ពន្លា​សក់​រួញ​របស់​កូន​ស្រី​នាង ហើយ​អះអាង​ថា ឪពុក​របស់​កូនស្រី​នាង​គឺ​ជា​ជនជាតិ​ម៉ុងតាញ៉ា​ស្បែក​ខ្មៅ។ នៅ​ទីបំផុត​នាង​បាន​កោរសក់របស់​នាង Jannies និង​បាន​វិលត្រឡប់​ទៅ​កាន់​ផ្ទះ​ជីដូនជីតា​របស់​នាង​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​វិញ។ ផ្ទះ​នោះ​ស្ថិត​នៅ​ក្បែរ​ក្រុង Tam Quang លើ​ផ្លូវជាតិ​ Highway លេខ ១ ដែល​នៅ​ទីនោះ​នាង​បាន​ជួប​លោក Sol ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៦៨។ ផ្ទះ​នោះ​ជា​ផ្ទះ​ធ្វើ​ពី​ឬស្សី​ប្រក់​ស្បូវ​មាន​៣​បន្ទប់។ បន្ទាប់​ពី​អ្នក​រស់នៅ​ក្នុង​ផ្ទះ​នោះ​ដើរ​ដោយ​ជើង​ទទេរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ កម្រាល​ដ៏​កខ្វក់​នៅ​ក្នុង​ផ្ទះ​នោះ​បាន​រលុប​អស់ ​ហើយ​ក្លាយ​ទៅ​ជា​ភ្លឺ​រលោង​វិញ។

នាង Jannies អាយុ​៥​ឆ្នាំ បាន​រស់នៅ​ក្នុង​ផ្ទះ​នោះ​ជាមួយ​នឹង​ម្តាយ ជីដូនជីតា និង​បងប្អូន​ជីដូន​មួយ​របស់​នាង​ម្នាក់។ ជីតា​របស់​នាង ដែល​បាន​ដាច់​ជើង​ម្ខាង​នៅ​ក្នុង​សង្គ្រាម សម្រាន្ត​លើ​ប៉ៅអ៊ី​ឫស្សី​តូច​មួយ​ម្នាក់​ឯង។ អ្នក​ផ្សេង​ទៀត​ត្រូវ​សម្រាន្ត​រួម​គ្នាលើ​ប៉ៅអ៊ី​មួយ​ទៀត។

រូបថតនាង Jannies Nguyen កាលពីនៅតូចជាមួយនឹងម្តាយរបស់នាង។ (រូបថតផ្តល់ឲ្យដោយ Jannies Nguyen)

រូបថតនាង Jannies Nguyen កាលពីនៅតូចជាមួយនឹងម្តាយរបស់នាង។ (រូបថតផ្តល់ឲ្យដោយ Jannies Nguyen)

នាង Jannies ទៅ​រៀន​នៅ​សាលា​បឋមសិក្សា​មួយ​ក្បែរ​ផ្ទះ។ សាលារៀន​នោះ​មាន​គ្រូបង្រៀន​ម្នាក់​និង​មាន​២​បន្ទប់ ហើយ​មាន​សិស្ស​ប្រហែល​៣០​នាក់​ក្នុង​បន្ទប់​រៀន​នីមួយៗ។ បន្ទាប់​ពី​នាង Jannie បាន​រៀន​ចប់​ថ្នាក់​ទី​៥ គ្រួសារ​របស់​នាង​មិន​មាន​លទ្ធភាព​ឲ្យ​នាង​បន្ត​ការ​សិក្សា​ទៀត​បាន​ទេ។ នាង​បាន​ឈប់​រៀន​ដើម្បី​ជួយ​ដាំ​ដំណាំ​នៅ​ពេល​ព្រឹក​និង​លក់​ម្ហូបអាហារ​និង​ផ្លែ​ឈើ​រហូត​ដល់​ថ្ងៃ​លិច។

នាង​និយាយ​ថា «ខ្ញុំ​ត្រូវ​គេ​វាយ​ជា​រៀងរាល់​ថ្ងៃ។ ពួកគេ​និយាយ​ថា ខ្ញុំ​គឺ​ជា​សត្រូវ។ ពួកគេ​និយាយ​ថា ខ្ញុំ​មិន​គួរ​នៅ​ទីនេះ​នោះ​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​គួរ​ទៅ​រៀន​នោះ​ដែរ»។

អ្នក​ផ្សេង​ទៀត​ចំអក​ឡកឡឺយ​ឲ្យ​នាង​ដោយ​ប្រើ​ពាក្យ​អសុរស​ចំពោះ​សម្បុរ​កូនកាត់​របស់​នាង និង​ហៅ​ម្តាយ​របស់​នាង​ថា​ជា​ស្រី​ពេស្យា​ទៀត​ផង។

មាតុភូមិ​និវត្តន៍

កុមារ​កំព្រា​ដែល​ជា​កូនកាត់​ដូច​នាង Jannies និង​នាយ Tam មិន​ត្រូវ​បាន​គេ​រាប់​អាននៅ​ក្នុង​សង្គម​វៀតណាម​ទេ ដោយសារ​តែ​ពួកគេ​មាន​មុខមាត់​និង​ពណ៌​សម្បុរ​ខុស​ពី​គេ​ឯង។ គេ​ហៅ​ពួក​កូន​កាត់​ទាំង​នោះ​ថា “bui doi” ឬ «ធូលី​នៃ​ជីវិត»។

ដោយ​មាន​ការភ្ញាក់ផ្អើល​អំពី​ការ​ប្រព្រឹត្ត​ទៅ​លើ​កូន​កាត់​ទាំង​នេះ សភា​អាមេរិក​បាន​អនុម័ត​លើ​ច្បាប់ Amerasian Homecoming Act កាល​ពី​ឆ្នាំ​១៩៨៧ ដែល​អនុញ្ញាត​ឲ្យ​កុមារ​កំព្រា​ជិត​៣​ម៉ឺន​នាក់​របស់​យុទ្ធជន​អាមេរិក​អាច​មក​រស់នៅ​សហរដ្ឋអាមេរិក។

កម្មវិធី​មាតុភូមិ​និវត្តន៍​នេះ ក៏​អនុញ្ញាត​ឲ្យ​សមាជិក​គ្រួសារ ដូចជា​ប្តី​ឬ​ប្រពន្ធ កូន ម្តាយ ឬ​អាណាព្យាបាល ឲ្យ​ទៅ​រស់នៅ​ជាមួយ​នឹង​កុមារ​កំព្រា​ទាំង​នោះ​បាន​ដែរ។ ដូច្នេះ​ក្រោយ​ពី​រង់ចាំ​លោក Sol អស់​រយៈពេល​១៨​ឆ្នាំ នាង Jannies និង​ម្តាយ​របស់​នាង និង​បងប្អូន​ស្រី​ម្តាយ​តែ​មួយ​ឪពុក​ទីទៃ​របស់​នាង បាន​ចាកចេញ​ពី​វៀតណាម​ដើម្បី​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ​ក្នុង​ទីក្រុង Oklahoma។

មន្ត្រី​ម្នាក់​ក៏​បាន​មក​ពិភាក្សា​អំពី​កម្មវិធី​មាតុភូមិ​និវត្តន៍​ជាមួយ​នឹង​ជីដូនជីតា​របស់​ Tam ផង​ដែរ។ យុវជន​រូប​នេះ​គិត​ថា រដ្ឋាភិបាល​វៀតណាម​បាន​តាម​ចាប់​ខ្លួន​រូប​គេ ហើយ​ក៏​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ទីក្រុង Pleiku ដើម្បី​ស្វែង​រក​អ្នកស្រី Ngoc Van។ អ្នកស្រី Ngoc Van គឺ​ជា​ម្ចាស់​តៀមស្រា​ដែល​បាន​រក​ឃើញTam នៅ​ក្នុង​ប្រអប់​មួយ ហើយ​និង​បាន​ចិញ្ចឹម​រូបគេ​ដូច​ជា​កូនប្រុស​របស់​អ្នកស្រី​បង្កើត។

បន្ទាប់​ពី​ទទួល​បាន​ការ​ធានា​ថា កម្មវិធី​នេះ​គឺ​ជា​កម្មវិធី​ពិតប្រាកដ អ្នកស្រី Ngoc Van បាន​ទៅ​ជាមួយ​នឹង​នាយ Tam ដើម្បី​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​មាតុភូមិ​និវត្តន៍​នេះ។ ប៉ុន្តែ​នៅ​ក្នុង​ទីក្រុង សាយហ្គន អ្នកស្រី Ngoc Van បាន​លក់​នាយ Tam ទៅ​ឲ្យ​ក្រុម​គ្រួសារ​មួយ​ទៀត​ក្នុង​តម្លៃ​ជា​មាស ២ ជី។ សមាជិក​គ្រួសារ​ថ្មី​របស់​នាយ Tam បាន​សង្ឃឹម​ថា​នឹង​ចាកចេញ​ជាមួយ​នឹង​ Tam មក​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ពុំ​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

នៅ​អាយុ​១៩​ឆ្នាំ នាយ Tam បាន​ចាកចេញ​ពី​វៀតណាម​ដោយ​ខ្លួន​ឯង នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​១៩៩១។

«នេះ​គឺ​ជា​គ្រួសារ​របស់​ខ្ញុំ»

លោកស្រី Angela Trammel គឺ​ជា​អ្នក​ជំនាញ​ខាង​ហ្សែន​នៃ​ក្រុមហ៊ុន Kin Finder Group។ លោកស្រី​ប្រើ DNA ដើម្បី​ស្រាវជ្រាវ​និង​តាមដាន​ប្រវត្តិ​គ្រួសារ និង​ដើម្បី​ដោះស្រាយ​ករណី​សុំ​កូន​មក​ចិញ្ចឹម​ដែល​ស្មុគស្មាញ​មួយ​ចំនួន។ លោកស្រី Trammel បាន​និយាយ​ថា «រហូត​មក​ដល់​ឆ្នាំ​២០០៨ មាន​តែ​២​ភាគរយ​ប៉ុណ្ណោះ​នៃ​កូន​ចិញ្ចឹម​អាមេរិក​កាត់​អាស៊ី​ជិត​៣​ម៉ឺន​នាក់​បាន​រក​ឃើញ​ឪពុក​បង្កើត​របស់​ខ្លួន»។

លោក Thomas Danny Murray និង​ភរិយា និងកូនៗរបស់លោក។ (រូបថតផ្តល់ឲ្យដោយលោក Thomas Danny Murray)

លោក Thomas Danny Murray និង​ភរិយា និងកូនៗរបស់លោក។ (រូបថតផ្តល់ឲ្យដោយលោក Thomas Danny Murray)

ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​សារ​តែ​ការ​ធ្វើ​តេស្ត DNA មាន​តម្លៃ​ថោក​សមរម្យ​ជាង​មុន ចន្លោះ​ពី​៩៩ដុល្លារ​ទៅ​៣០០​ដុល្លារ កូនចិញ្ចឹម​អាមេរិកាំង​កាត់​អាស៊ី​កាន់​តែ​ច្រើន​ឡើង​បាន​បញ្ជូន DNA របស់​ពួកគេ ដើម្បី​ស្វែងរក​ឪពុក​បង្កើត​របស់​ខ្លួន។

លោកស្រី Trammel បាន​ផ្តល់​ប្រឹក្សា​ដល់​អតិថិជន​របស់​ខ្លួន​ឲ្យ​បញ្ជូន​ DNA ទៅ​កាន់ ឃ្លាំង​ផ្ទុក​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ធំៗ​ទាំងអស់ (database) ដើម្បី​បង្កើន​ឱកាស​ទទួល​បាន​លទ្ធផល DNA ផ្គូផ្គង​គ្នា។ ជាមួយ​នឹង​សំណាក DNA ប្រហែល​៥​លាន​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ឱកាស​ផ្គូផ្គង DNA សម្រាប់​កូន​ចិញ្ចឹម​នៅ​តែ​មាន​តិច។

នាយ Tam បាន​ស្តាប់​តាម​យោបល់​របស់​លោកស្រី Trammel ហើយ​បាន​បញ្ជូន​សំណាក DNA ​របស់​ខ្លួន​ទៅ​ឲ្យ​ឃ្លាំង​ផ្ទុក​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ធំៗ​ទាំងអស់ (database) ដែល​មាន។ នាយ Tam ​បាន​រក​ឃើញ​ការ​ផ្គូផ្គង DNA ដែល​ស្រដៀង​គ្នា​បំផុត​ជាមួយ​នឹង​បុរស​ម្នាក់​នៅ​តំបន់​ជនបទ​ក្នុង​រដ្ឋ Georgia។

បុរស​ម្នាក់​នោះ​ឈ្មោះ​ថា Chris Murray។ លោកMurray គឺ​ជា​ទាហាន​ជើង​ទឹក​ប្រចាំ​មូលដ្ឋាន​នៅ​ទីក្រុង Da Nang។ ឪពុក​របស់​លោក គឺ​លោក Thomas Washington ដែល​ជា​ទាហាន​ជើងទឹក​ប្រចាំ​មូលដ្ឋាន​នៅ​ទីក្រុង Nha Trang។ បងប្អូន​ប្រុស​របស់​លោក ឈ្មោះ Danny ក៏​ធ្វើ​ជា​ទាហាន​នៅ​វៀតណាម​ផង​ដែរ។

លោក Murray មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​បញ្ជូន DNA របស់​ខ្លួន​សម្រាប់​ធ្វើ​ការ​ប្រៀបធៀប។ ប៉ុន្តែ​លោក Murray បាន​រក​ឃើញ​រូបថត​របស់ Tam លើ​បណ្តាញ​សង្គម Facebook ហើយ​បាន​ផ្តល់​សំណាកDNA របស់​លោក​ភ្លាមៗ។ លោក Murray មាន​អារម្មណ៍​ថា Tam គឺ​ជា​ក្មួយ​ប្រុស​របស់​ខ្លួន តាំង​ពី​មិន​ទាន់​ឃើញ​លទ្ធផល​ធ្វើ​តេស្ត​ម៉្លេះ។

លោក Danny ដែល​ជា​បង​ប្អូនប្រុស​របស់​លោក Murray គឺ​ជា​ប្រធាន​ក្រុម​ការងារ​ឧទ្ធម្ភាគចក្រ​ចម្បាំង​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Tuy Hoa។ ប៉ុន្តែ​លោក​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​១៩៨៩ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆ្នាំ​តែ​មួយ​ដែល Tam កំពុង​ដោះ​គ្រាប់បែក​ដើម្បី​យក​រំសេវ​ទៅ​ចាប់​ត្រី​ក្នុង​ប្រទេស​វៀតណាម។

នាយ Tam បាន​និយាយ​ទាំង​ហូរ​ទឹកភ្នែក​លើ​ថ្ពាល់​ថា «ខ្ញុំ​បាន​ចំណាយ​ពេល​៤៣​ឆ្នាំ​ដើម្បី​ស្វែងរក​ឪពុក​បង្កើត​របស់​ខ្ញុំ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​រក​ឃើញ​គាត់ គាត់​បាន​ចែកឋាន​ទៅ​ហើយ»។

​នៅ​ក្នុង​ការ​ជួបជុំ​គ្នា​ជាមួយ​នឹង​ក្រុម​គ្រួសារ​អាមេរិក​របស់​ខ្លួន នាយ Tam បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Thomas Danny Murray ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ឪពុក​និង​ជីតា​របស់​ខ្លួន។

នាង Moki Evans (កណ្តាល) និងកូនស្រី​ទាំងពីរនាក់របស់នាង។ (រូបថតផ្តល់ឲ្យ​ដោយ Moki Evans)

នាង Moki Evans (កណ្តាល) និងកូនស្រី​ទាំងពីរនាក់របស់នាង។ (រូបថតផ្តល់ឲ្យ​ដោយ Moki Evans)

រីឯ នាង Moki ឯណោះ​វិញ បន្ទាប់​ពី​កូនស្រី​របស់​នាង​មាន​បញ្ហា​សុខភាព នាង Moki ដែល​ឥឡូវ​នេះ​គេ​ស្គាល់​ថា Moki Evans ក៏​បាន​បញ្ជូន​សំណាក​ DNA របស់​នាង​ទៅ​ឲ្យ​ឃ្លាំង​ផ្ទុក​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ធំៗ​ទាំង​៣​ផង​ដែរ។ នាង​បាន​រក​ឃើញ​លទ្ធផល​ផ្គូផ្គង DNA ត្រូវ​គ្នា​ជាមួយ​នឹង​មនុស្ស​ម្នាក់​នៅ​ក្នុង​រដ្ឋ Alabama ដែល​អាច​ជា​បងប្អូន​ជីទួត​មួយ​របស់​នាង។

ដោយ​មាន​ការ​ជួយ​ពី​លោកស្រី Trammel នាង Moki បាន​រក​ឃើញ​បុរស​ម្នាក់​ដែល​អាច​ជា​ឪពុក​បង្កើត​របស់​នាង​៩៥​ភាគរយ។ បុរស​ម្នាក់​នោះ​រស់នៅ​ក្នុង​ទីក្រុង Detroit។ ​គាត់​ស្ថិត​ក្នុង​វ័យ​មួយ​ដែល​អាច​ជា​ឪពុក​របស់​នាង។ គាត់​ក៏​ធ្លាប់​បម្រើ​ក្នុង​ជួរ​យោធា​ផង​ដែរ។ នាង Moki បាន​រក​ឃើញ​រូបថត​ដែល​គាត់​ស្លៀក​ក្នុង​ឯកសណ្ឋាន​ជា​ទាហាន​ទៀត​ផង។ ក្រោយ​ពី​ចំណាយ​ពេល​អស់​៤៣​ឆ្នាំ នាង​ស្ទើរ​តែ​រក​ឃើញ​ឪពុក​បង្កើត​របស់​ខ្លួន​ទៅ​ហើយ។

ប៉ុន្តែ​បុរស​ម្នាក់​នោះ​បម្រើ​ក្នុង​កង​យោធា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង មិនមែន​នៅ​ក្នុង​ប្រទេស​វៀតណាម​ប៉ែក​ខាង​ត្បូង​នោះ​ទេ។ គាត់​មិន​អាច​ជា​ឪពុក​របស់​នាង​នោះ​ទេ។

ការ​ស្វែងរក​លោក Sol ដោយ​ខ្លួន​ឯង​ដែល​ជា​ឪពុក​បង្កើត​របស់នាង Jannies ក៏​មាន​លក្ខណៈ​ស្មុគស្មាញ​ស្រដៀង​គ្នា​នេះ​ដែរ។ សំណាក DNA របស់​នាង បង្ហាញ​ពី​ការ​ផ្គូផ្គង​ត្រូវ​គ្នា​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​អាច​ជា​បងប្អូន​ជីដូន​មួយ​របស់​នាង ប៉ុន្តែ​មិន​មាន​ជាប់​សាច់ឈាម​ដោយ​ផ្ទាល់​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​នាង​នោះ​ទេ។

នៅ​ថ្ងៃ​សៅរ៍ មុន​ពិធី​បុណ្យ​ថ្លែង​អំណរគុណ Thanksgiving ឆ្នាំ​មុន ស្ទើរ​តែ​គ្រប់គ្នា​នៅ​ក្នុង​ទីក្រុង Oklahoma នាំ​គ្នា​សាទរ​ដែល​ក្រុម​កីឡាករ football របស់​ទីក្រុង​នេះ នឹង​យក​ជ័យជម្នះ​លើ​គូ​ប្រជែង​ក្រុម West Virginia។

នាង Jannies Nguyen (ទី៤រាប់ពីឆ្វេង) និងក្រុមគ្រួសារ​របស់នាង។ (រូបថតផ្តល់ឲ្យដោយ Jannies Nguyen)

នាង Jannies Nguyen (ទី៤រាប់ពីឆ្វេង) និងក្រុមគ្រួសារ​របស់នាង។ (រូបថតផ្តល់ឲ្យដោយ Jannies Nguyen)

គ្រប់​គ្នា​សប្បាយ​រីករាយ លើក​លែង​តែ​នាង Jannies និង​អ្នក​ផ្សេង​ទៀត​ដែល​គេ​ចាត់​ទុក​ថា​ជា​«ធូលី​នៃ​ជីវិត‍» ជិត​៦០​នាក់​ទៀត។ ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ម៉ូតែល​មួយ​នៅ​អាកាសយានដ្ឋាន ដែល​ស្ថិត​នៅ​កាច់​ជ្រុង​ផ្លូវ S. Meridian Avenue និង​ផ្លូវ​ជាតិ​លេខ​៤០។ ពួកគេ​រវល់​ហាត់​សម​ចម្រៀង​បុរាណ​វៀតណាម​សម្រាប់​កម្មវិធី​រៃអង្គាស​ប្រាក់​នៅ​ពេល​ល្ងាច​មួយ ដើម្បី​ជួយ​ដល់​អ្នក​ផ្សេង​ទៀត​ដែល​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់។

ដោយ​អង្គុយ​នៅ​ជ្រុង​ម្ខាង​នៃ​ឆាក​សម្តែង អតីត​កុមារ​កំព្រា​២​នាក់ គឺ Lien Doan និង Vu Dinh បាន​ច្រៀង​ថា៖

«ខ្ញុំ​កើត​មក​គ្មាន​ឪពុក​ទេ។

ម្តាយ​របស់​ខ្ញុំ​បោះបង់​ខ្ញុំ​ចោល​នៅ​ពេល​ដែល​ខ្ញុំ​ជា​ទារក។

គ្មាន​នរណា​ម្នាក់​ដែល​ខ្វល់​ពី​ជីវិត​របស់​ខ្ញុំ​នោះ​ទេ។

គ្មាន​នរណា​ម្នាក់​អាណិតអាសូរ​កុមារ​កូនកាត់​នោះ​ទេ។

មាន​តែ​ខ្ញុំ​ទេ​ដែល​ត្រូវ​មើល​ថែ​ខ្លួន​ឯង‍»។

ខណៈ​ស្វែង​រក​ឪពុក​បង្កើត​របស់​ខ្លួន នាង Jannies សញ្ជឹង​គិត​ថា «នេះ​ហើយ​គឺ​ជា​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ពួកគេ​ទាំង​នេះ​គឺ​ជា​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ‍»៕

ប្រែសម្រួលជាភាសាខ្មែរដោយ ហុង ចិន្តា និង ទែន សុខស្រីនិត

XS
SM
MD
LG