\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វៀតណាម​លុបចោល​បំរាម​ដែល​ខ្លួន​ហាម​មិន​ឲ្យ​អូស្ត្រាលី​ប្រារព្ធ​ខួប​សមរភូមិ​ប្រយុទ្ធ​ឆ្នាំ១៩៦៦


អតីត​យុទ្ធជន​ម្នាក់​ប្តូរ​ទីតាំង​នៃ​ឈើ​មួយ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៤០ឆ្នាំ​នៃ​សមរភូមិ Long Tan ភាគ​ខាង​ត្បូង​នៃ​ខេត្ត Ba Ria Vung Tau ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៦។

អតីត​យុទ្ធជន​ម្នាក់​ប្តូរ​ទីតាំង​នៃ​ឈើ​មួយ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៤០ឆ្នាំ​នៃ​សមរភូមិ Long Tan ភាគ​ខាង​ត្បូង​នៃ​ខេត្ត Ba Ria Vung Tau ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៦។

ដោយសារ​តែ​សម្ពាធ​ពី​មន្ត្រី​កំពូលៗ​អូស្ត្រាលី រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​លុបចោល​នូវ​ការ​ហាមប្រាម​ភ្លាមៗ​របស់​ខ្លួន​កាល​ពី​ពីរ​ថ្ងៃ​មុន​មិន​ឲ្យ​ក្រុម​ទាហាន​ជើង​ចាស់​អូស្ត្រាលី​ប្រារព្ធ​ខួប​លើក​ទី៥០​នៃ​ការ​ប្រយុទ្ធ​តស៊ូ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​សម័យ​សង្គ្រាម​វៀតណាម។

ទាហាន​ជើង​ចាស់​អូស្ត្រាលី​ច្រើន​ជាង​១ពាន់​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​ប្រយុទ្ធ​តស៊ូ​នៅ​ក្នុង​សមរភូមិ Long Tan ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នៅ​ជិត​ភូមិ Long Tan ខេត្ត Phuoc Tuy ដែល​នៅ​ទី​នោះ ទាហាន​អូស្ត្រាលី​១៨នាក់ រួម​ទាំង​ទាហាន​វៀតណាម​ខាង​ជើង និង​ទាហាន​វៀតកុង​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង​កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ១៩៦៦។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​ការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា មាន​តែ​មនុស្ស​ជា​ក្រុម​តូចៗ​តែ​ប៉ុណ្ណោះ​ដែល​វៀតណាម​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​កន្លែង​ប្រារព្ធ​ពិធី​នោះ ប៉ុន្តែ​អ្នក​ទាំង​នោះ​ត្រូវ​គេ​ហាម​មិន​ឲ្យ​ពាក់​មេដាយ​គ្រឿង​ឥស្សរិយយស និង​ឯកសណ្ឋាន និង​កាន់​បដា ឬ​ទង់ជាតិ​នៅ​កន្លែង​ប្រារព្ធ​ពិធី​នោះ​ទេ។

ក្នុង​មួយ​ក្រុមៗ​មាន​មនុស្ស​៥០នាក់ ដែល​ក្រុម​នីមួយៗ​បាន​ផ្លាស់​វេន​គ្នា​ចូល​ទៅ​កាន់​កន្លែង​ប្រារព្ធ​ពិធី​នោះ ហើយ​ក្រុម​នីមួយៗ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​កន្លែង​នោះ​មិន​ឲ្យ​លើស​១៥នាទី​ទេ។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន​អូស្ត្រាលី Dan Tehan បាន​ប្រាប់​បណ្ដាញ​ទូរទស្សន៍ Nine Network អូស្ត្រាលី​ថា៖ «ក្ដី​សង្ឃឹម​របស់​ពួក​យើង​នា​ពេល​ឥឡូវ​នេះ គឺ​ថា​អតីត​ទាហាន​របស់​យើង និង​ក្រុម​គ្រួសារ​របស់​ពួកគេ​អាច​មាន​លទ្ធភាព​ធ្វើដំណើរ​ទៅ​កាន់​កន្លែង​ប្រារព្ធ​ពិធី​នោះ និង​ធ្វើ​ការ​គោរព​ចំពោះ​ទាហាន​ដែល​បាន​ស្លាប់​ និង​ទាហាន​ទាំង​អស់​ដែល​បាន​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​វៀតណាម​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស»។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ អតីត​ទាហាន​ជា​ច្រើន​រយ​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រារព្ធ​ខួប​នេះ​ដែរ​នៅ​ឯ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​ទាហាន​អូស្ត្រាលី​ដែល​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម។

ប្រទេស​អូស្ត្រាលី​បាន​បញ្ជូន​ទាហាន​ច្រើន​ជាង​៦ម៉ឺន​នាក់​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​រវាង​ឆ្នាំ១៩៦២ និង​ឆ្នាំ១៩៧៣ ដែល​ក្នុង​នោះ ទាហាន​ចំនួន​៥២១​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​វៀតណាម៕

XS
SM
MD
LG