ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជានិងវៀតណាម សច្ចាជាថ្មីថានឹងបង្កើនទំនាក់ទំនងទ្វេភាគីស៊ីជំរៅ


លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថត​រូប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc នៅ​ឯ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ទីក្រុង ហាណូយ កាលពី​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួនបី។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​នៃប្រទេសកម្ពុជាតាមគម្រោងត្រូវបញ្ចប់ទស្សនៈកិច្ចពីរថ្ងៃរបស់លោក ក្នុងប្រទេសវៀតណាមនៅថ្ងៃពុធនេះ ក្រោយពីបានប្តេជ្ញាជាមួយវៀតណាមជាថ្មីថានឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាជាងមុននោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងកម្ពុជានិង វៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល ដែល VOAទទួលបានពីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថាឲ្យដឹងថា លោក ហ៊ុន សែន បានជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមជាច្រើនរូបរួមទាំងលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ហើយនិងប្រធានសភាវៀតណាមគឺលោកស្រី Nguyen Thi Kim Nganផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួនបីរួមមាន៖

១) សន្ធិសញ្ញាស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកទាក់ទងបញ្ហាឧក្រិដ្ឋកម្មរវាងប្រទេសទាំងពីរ

២) សន្ធិសញ្ញាស្ដីពីការដោះដូរអ្នកជាប់ទោសរវាងប្រទេសទាំងពីរ និងទី

៣) កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងធម្មការនិងសាសនាកម្ពុជានិងគណៈកម្មការទទួលបន្ទុកជនជាតិដើមភាគតិចនៃប្រទេសវៀតណាម។

នេះបើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដដែល។

កិច្ចព្រមព្រៀងនឹងសន្ធិសញ្ញាដែលចុះហត្ថលេខាទាំងនេះ តម្រូវឲ្យឆ្លងកាត់សភាពិភាក្សាហើយសម្រេចថានឹងផ្តល់សច្ចាប័នឬមិនផ្តល់។

តែបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួននឹងរៀបចំអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ទី២២ ខែធ្នូ ស្អែកនេះនៅម៉ោង៩ព្រឹក ដើម្បីពិភាក្សារបៀបវារៈមួយចំនួន ដោយ មិនបានបញ្ជាក់ថាតើរបៀបវារៈនោះ មានអ្វីខ្លះនោះទេ។ តែគេដឹងថាការកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលនឹងដឹកនាំដោយប្រធានរដ្ឋសភាគឺលោក ហេង សំរិននេះ ធ្វើឡើង ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី២០ដល់២១ ខែធ្នូនេះ។

មេដឹកនាំកម្ពុជានិងវៀតណាម បានសំដែងការអរគុណនិងអបអរសារទរគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការ ទាំងបច្ចុប្បន្ននិងអតីតកាល។

លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរនោះ ក៏បានដាក់កម្រងផ្កាឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរបុរសនិងអ្នកលះបង់ដើម្បីជាតិវៀតណាម ហើយក៏បានធ្វើទស្សនកិច្ចនៅក្រុងហូជីមិញនិងខេត្ត Dong Nai ផងដែរ៕

XS
SM
MD
LG