ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អនុប្រធានា​ធិបតី​​ Mike Pence ​អំពាវនាវ​​ដល់​​​​អ្នក​​បោះ​ឆ្នោត​​នៅ​​រដ្ឋ Kentucky ឲ្យ​គាំទ្រ​ការជំនួស​ច្បាប់​ថែទាំ​សុខភាព Obamacare


លោក​អនុ​ប្រធានាធិបតី​អាមេរិ Mike Pence ចាប់​ដៃ​ជា​មួយ​អ្នក​គាំទ្រ​ក្រោយ​ពេល​ថ្លែង​អំពី​ច្បាប់​ថែទាំ​សុខភាព​អាមេរិក នៅ​រដ្ឋ​ Kentucky កាល​ពី​ថ្ងៃទី​១១ ខែ​មីនា។

លោកអនុ​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក Mike Pence បាន​អំពាវនាវ​ដល់​ពួក​អ្នក​បោះ ឆ្នោត​នៅ​ក្នុង​រដ្ឋ Kentucky ឲ្យគាំទ្រការជំនួសកម្មវិធី​ថែទាំ​សុខភាព​របស់​ប្រ​ទេស​អាមេ រិកដែល​គេស្គាល់​ថាObamacare ​ដោយសេចក្តីព្រាង​ច្បាប់​ដែល​បាន​តាក់​តែង​ឡើង​ដោយ​ពួក​គណបក្ស​សាធារណរដ្ឋ​នៅ​វិមាន​រដ្ឋសភា Capitol Hill។​

លោក​អុនប្រធានា​ធិបតី Pence ​បាន​និយាយ​នៅ​ក្នុង​សន្ទរកថា​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ខណៈ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុម​ហ៊ុន​ថាមពល​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង Louisville រដ្ឋ Kentucky ​ជារដ្ឋ​មួយ​ដែលតំណាង​ដោយស​មាជិក​ព្រឹទ្ធសភា Rand Paul ដែល​ជា​អ្នក​រិះ​គន់ដ៏​ខ្លាំង​ម្នាក់ដល់​សេចក្តី​ព្រាង​ច្បាប់​ថែទាំ​សុខភាព​របស់​គណបក្ស​សាធារណរដ្ឋ។

លោក​អនុប្រធានា​ធិបតី​និយាយ​ថា៖ «ខ្ញុំ​សូម​ប្រាប់​អស់​លោក ​អ្នក​ឲ្យ​បាន​ច្បាស់​ថា ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ការឈ្លោះ​ប្រកែក​មួយនៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចាប់​យកឱកាស​នេះដើម្បី​លប់​ចោល​និងជំនួស​ច្បាប់​ថែទាំ​សុខភាព Obamacare។ យើង​ត្រូវការ​គណបក្ស​សាធារណរដ្ឋ​ទាំង​អស់​នៅ​ក្នុង​សភា ​ហើយ​យើង​កំពុង​ពឹងផ្អែក​លើ​រដ្ឋ Kentucky នេះ»។

ពួក​អ្នក​ប្រឆាំង​សេចក្តី​ព្រាងច្បាប់​ជំនួស​នោះ ​បាន​ជំរុញ​ឲ្យរដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំបញ្ឈប់​ការ​គាំទ្រ​ដោយ​ការ​ផ្តល់​ប្រាក់​បន្ថែម​របស់ Obamacare ទៅ​ឲ្យរដ្ឋ​នានា​ដើម្បី​ពង្រីក​កម្មវិធី​ថែទាំ​សុខភាព​ដែល​ផ្តល់​ប្រាក់ដោយ​រដ្ឋាភិបាលសម្ព័ន្ធ​សម្រាប់​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ចំនួន​៧០​លាននាក់។ សេចក្តី​ព្រាង​ច្បាប់សម្រាប់​ជំនួស​នោះ ​នឹងកាត់ផ្តាច់​ថវិការ​បន្ថែម​នេះ​នៅ​ឆ្នាំ​២០២០ ​លើ​ក​លែង​តែមនុស្ស​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​កម្ម​វិធី​នោះ​រួច​ហើយ ​គឺ​មាន​រយៈ​ពេល​ ២ ឆ្នាំ​លើស​ពី​អ្វី​ដែល​ពួក​អភិរក្ស​និយម​ចង់​បាន។

ទោះ​បី​មាន​ការ​ជំទាស់​ប្រឆាំង ​ប្រធានា​ធិបតីដូណាល់ ​ត្រាំ ​បានចុះ​ផ្សាយ​ក្នុងប្រព័ន្ធ Twitter កាល​ពី​ថ្ងៃ​សៅរ៍ថា សេចក្តី​ព្រាង​ច្បាប់​ជំនួស​នេះ ​កំពុង​ជឿន​លឿន​ទៅ​មុខ៕

XS
SM
MD
LG