\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កុមារ​តូចៗ​​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​ការ​ពុល​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​មាន​ជាតិ​អាភៀន

  • Carol Preason

ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ឈ្មោះ OxyContin។ មជ្ឈមណ្ឌល​ទប់​ស្កាត់​ជំងឺ​ឆ្លង​និយាយ​ថា ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​មាន​ជាតិ​អាភៀន​មិន​គួរ​ជា​ជម្រើស​ទី​១​ទេ។

ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ឈ្មោះ OxyContin។ មជ្ឈមណ្ឌល​ទប់​ស្កាត់​ជំងឺ​ឆ្លង​និយាយ​ថា ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​មាន​ជាតិ​អាភៀន​មិន​គួរ​ជា​ជម្រើស​ទី​១​ទេ។

អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ​ ការ​ញៀន​​​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មាន​ជាតិ​អាភៀន​បាន​​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក គឺ​រាល​ដាល​រហូត​ដល់​ចំណុច​មួយ​ដែល​ពេល​នេះ​បាន​ក្លាយ​ជា​ជំងឺ​​រាតត្បាត​ទៅ​ហើយ។ ការ​រាល​ដាល​​​នេះ​កើន​ឡើង​បន្ថែម​ដោយ​សារ​ចរាចរ​ឱសថ​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ផ្សេងៗ។

ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​វេជ្ជបញ្ជា​ដែល​មាន​សារធាតុ​ណាកូទិក​ ឬ​ជាតិ​អាភៀន​ បាន​នាំ​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​រាប់​ពាន់​នាក់​ និង​មនុស្ស​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​លើស​កម្រិត។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​បាន​សិក្សា​ ថា​តើ​ការ​រាល​ដាល​នេះ​ប៉ះពាល់​ដល់ក្មេងៗ​នៅ​ក្នុង​សង្គម​យ៉ាង​ណា​ទេ។

Vicodin ​និង​ Oxycontin ​គឺ​ជា​ឈ្មោះ​តំណាង​ឲ្យ​ថ្នាំ​ hydrocodone ​និង ​oxycodone ដែល​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដ៏​មាន​ប្រសិទ្ធភាព​ ហើយ​ថ្នាំ​ទាំង​នេះ​អាច​នាំ​ទៅ​ដល់​ការ​ញៀន​ថ្នាំ ជា​ពិសេស​នៅ​សហរដ្ឋ​អាមេរិក។ ថ្នាំ​ពេទ្យ​ប្រភេទ​នេះ​និង​ប្រភេទ​ផ្សេងៗ​ទៀត គឺ​មាន​ជាតិ​អាភៀន​ ​ឬណាកូទិក។ នៅ​ពេលវេជ្ជបណ្ឌិត​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឈឺ​រ៉ាំរ៉ៃ​ ​ប្រភេទ​ថ្នាំ​ទាំង​នេះ​តែង​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ខុស​លក្ខណៈ ឬ​កម្រិត។

លោក​ស្រី​ Julie Gaither ​អ្នក​ជំនាញ​ផ្នែក​រោគ​ឆ្លង​នៅ​សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត Yale ព្រួយ​បារម្ភអំពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​លក់​ថ្នាំ​មាន​ជាតិ​អាភៀន​នៅ​សហរដ្ឋ​អាមេរិកក្នុង​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ។​

លោក​ស្រី​បាន​និយាយ​ថា៖ «ការ​រាតត្បាត​នេះបាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ តាម​ពិត​វា​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៩០ ​នៅ​ពេល​ដែល​គ្រូពេទ្យ​ទាំងឡាយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ព្យាយាម​ព្យាបាល​ជំងឺ​ឈឺ​ចាប់​រ៉ាំរ៉ៃ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​។ នៅ​ឆ្នាំ ​២០១៤ មាន​អ្នក​ស្លាប់​ប្រមាណ ​១ម៉ឺន​៩​ពាន់​នាក់ ​ដោយ​ការប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មាន​ជាតិ​អាភៀន»។

លោក​ Prince ​គឺ​ជាតន្ត្រីករ​អន្តរជាតិ​ដ៏ឆ្នើម​មួយ​រូប។ មរណភាព​របស់​លោក​កាល​ពីខែ​មិថុនា ត្រូវ​បាន​គេ​រក​ឃើញ​ថា​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​លើស​កំណត់​នៃ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មាន​ជាតិ​អា​ភៀន។ មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​បាន​ឲ្យ​ដឹង​ថា នៅ​សហរដ្ឋ​អាមេរិក​ ​មនុស្ស​ប្រមាណ​៤៨​នាក់​ ​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​មាន​ជាតិ​អាភៀន​លើស​កំណត់។ ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា​ ​កុមារ​និង​មនុស្ស​ពេញវ័យ​ជាង​១ម៉ឺន​៣ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​ការ​ពុល​ថ្នាំ​មាន​ជាតិ​អាភៀន​ក្នុង​អំឡុង​ពេល​១៦​ឆ្នាំនេះ។

លោក​ស្រី​ Gaither​ និង​លោក​ស្រី​វេជ្ជបណ្ឌិត​ Deepa Camenga ដែល​មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​ Yale ​ដែរ​នោះ​ ​បាន​សម្រេច​ពិនិត្យ​មើល​កំណត់​ត្រា​អំពី​ការ​បញ្ជូន​កុមារ និង​មនុស្ស​ពេញវ័យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ ​ដើម្បី​កំណត់​ចំនួន​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​បញ្ជូន​មក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​ការ​ពុល​ថ្នាំ​មាន​ជាតិ​អាភៀន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ស្រី​ Deepa Camenga និយាយ​ថា៖ «យើង​រក​ឃើញ​ថា​ ​អត្រា​នៃ​ការ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​ការ​ពុល​ថ្នាំ​បំបាត់​ការឈឺ​ចាប់​មាន​ជាតិ​អាភៀន​បាន​កើន​ឡើង​ពីរ​ដង​គិត​ចាប់​ពី​ឆ្នាំ​១៩៩៧ ​ដល់​ឆ្នាំ ២០១២។ យើង​ក៏​បាន​រក​ឃើញ​ដែរ​ថា ចំនួន​ខ្ពស់​បំផុត​នៃ​ការ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ គឺ​ជា​យុវវ័យ​អាយុ​ចន្លោះ​ពី១៥ ដល់​ ​១៩​ឆ្នាំ។ អត្រា​ខ្ពស់​បំផុត​នៃ​ការ​កើន​ឡើង​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​គឺ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​ គឺ​ក្នុង​ចំណោម​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​១​ឆ្នាំ​ទៅ​៤​ឆ្នាំ»។

លោក​ស្រី​ Camenga ​និយាយ​ថា របៀប​ចេញ​វេជ្ជបញ្ជា​ ការ​បញ្ចេញ​ថ្នាំ​ ​និង​ការ​វេច​ខ្ចប់​ថ្នាំ​ប្រភេទ​នេះ​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ។ ការ​ផ្តល់​ថ្នាំ​ផ្តេស​ផ្តាស​ឲ្យ​ទារក​លេប​ គឺ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត​មួយ។​

លោក​ស្រី​បាន​និយាយ​ថា៖​ «ការ​សន្ទនា​ថ្នាក់​ជាតិ​របស់​យើង​ គឺ​ផ្តោត​ទៅ​លើ​ ថា​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ព្យាបាល​របស់​យើង​មាន​ប្រសិទ្ធភាព ​និង​ការពារ​មិន​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ខុស​ឬ​លើស​កម្រិត ​តែ​យើង​ក៏​សង្ឃឹម​ដែរ​ថា​ ​ការ​សន្ទនា​នេះ​នឹង​ផ្តោត​ទៅ​លើវិធី​ការពារ​កុមារ​ពី​ការ​រាល​ដាល​នេះ»។

ការ​សិក្សា​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្តី​ JAMA Pediatrics៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG