ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​ប្រើ​ច្រក​អាស៊ាន​គាប​ប្រភព​ហិរញ្ញវត្ថុ​ និង​ការទូត​កូរ៉េ​ខាងជើង

  • ម៉ែន គឹមសេង

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (កណ្តាល) ថតរូបជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ បាន​ជួបប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​តានតឹង​នៅក្នុង​ឧបទ្វីបកូរ៉េ​និង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​ក្នុងតំបន់។

កិច្ចប្រជុំ​ដ៏​កម្រ​ដែល​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ Rex Tillerson នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កើត​មានឡើង​ ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​សម្តែង​ការ​ព្រួយបារម្ភ​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ​និង​ការ​គំរាម​កំហែង​ពី​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង។ ​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ចាត់​ទុក​វា​ថា ​ជា​អាទិភាព​ទីមួយ​ខាង​ផ្នែក​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​ បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​ទទូច​ឱ្យ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ពិចារណា​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការទូត‍​ជាមួយ​នឹង​រដ្ឋបាល​ទីក្រុង​ព្យុងយ៉ាង ​និង​ប្រភព​ចំណូល​ដែល​ប្រទេស​កម្មុយនិស្ត​មួយ​នេះ​ទទួល​បាន។

លោក​ Patrick Murphy ​ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរស័ព្ទ​ថា​ វាជា​ការ​បន្ទាន់​ដែល​ប្រទេស​អាស៊ាន​ត្រូវ​គោរព​តាម​សេចក្តី​សម្រេច​នានា​របស់​អង្គការ​សហប្រជាជាតិ​ពាក់​ព័ន្ធ​នឹង​ប្រទេស​កូរ៉េ​ខាងជើង។

រូបឯកសារ៖ លោក​ Patrick Murphy ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក (​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍) ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​អំពីទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ២០១៧​។ (ខាន់​ សុ​គុំ​មនោ/VOA)
រូបឯកសារ៖ លោក​ Patrick Murphy ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក (​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍) ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​អំពីទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ២០១៧​។ (ខាន់​ សុ​គុំ​មនោ/VOA)

លោក​ Murphy ​បាន​បន្ថែម​ថា៖

«យើង​លើក​ទឹកចិត្ត​ដល់​គ្រប់​ប្រទេស​ទាំងអស់​ឱ្យ​គោរព​តាម​សេចក្តី​សម្រេច​ ហើយ​ជា​ការ​ជាក់​លាក់​នោះ​ គឺ​មាន​ន័យ​ថា ​គឺ​បដិសេធ​កុំ​ឱ្យ​កូរ៉េខាងជើង​ទទួល​បាន​ប្រាក់​ចំណូល។ វា​ក៏​មាន​ន័យ​ថា ​ខិត​ខំ​សំឡឹង​មើល​ឱ្យ​បាន​កាន់តែ​កៀក​ច្បាស់​លើ​ទំនាក់​ទំនង​ការទូត ​និង​វត្តមាន​ការទូត​ ដែល​កូរ៉េខាងជើង​រក្សា​នៅក្នុង​ប្រទេស​អាស៊ាន។ ដូច្នេះ ​សារ​របស់​យើង​គឺ​ជា​ការ​លើកទឹកចិត្ត​ឱ្យ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ឱ្យ​ប្រកាន់​យក​នូវ​ជំហរ​ចាំបាច់​ ហើយ​ខ្ញុំ​គិត​ថា​ មាន​ជំហរ​ដែល​ប្រទេស​ទាំងអស់​អាច​ប្រកាន់​យក​បាន‍»។

លោក Patrick Murphy ​ក៏​បាន​បញ្ជាក់​ថា សកម្មភាព​បង្ក​ហេតុ​របស់​កូរ៉េ​ខាងជើង​ដែល​បាន​មានៈ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​គ្រាប់​មីស៊ីល​ជាច្រើន​លើក​ បាន​គំរាម​កំហែង​ដល់​ស្ថិរភាព​ សន្តិភាព និង​វិបុលភាព ​នៅក្នុង​តំបន់​ទាំងមូល​និង​ពិភពលោក‍។​

សមាជិក​អាស៊ាន​ទាំងអស់​ មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងជើង។ ប្រទេស​ចំនួន​៨​បាន​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាងជើង​ដាក់​ស្ថានទូត ​ហើយ​ប្រទេស​ចំនួន​៥​បាន​ដាក់​ស្ថានទូត​ក្នុង​ទីក្រុង​ព្យុងយ៉ាង។
ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងជើង​ ហើយ​ត្រូវ​បាន​កូរ៉េខាង​ជើង​មើល​ឃើញ​ថា ​អាច​នឹង​មាន​តួនាទី​ជួយ​ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ​ផង​ដែរ។

លោក ​Jang​ ​Yun​ Gon ​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ផ្ដាច់​មុខ​មួយ​ជាមួយព្រឹត្តិបត្រ​សារ​ព័ត៌មាន ​Khmer ​Times ​ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​ថា​ រដ្ឋបាល​ទីក្រុងព្យុង​យ៉ាង​ចង់​ឱ្យ​កម្ពុជា​មាន​ចំណែក​ក្នុង​ការចូល​រួម​ដោះ​ស្រាយ​បញ្ហា​នៅឧប​ទ្វីប​កូរ៉េ។

អ្នក​ការ​ទូត​កូរ៉េ​ខាង​ជើង​រូប​នេះ ​ត្រូវ​បាន​កាសែត​ជា​ភាសា​អង់គ្លេស ​ដក​ស្រង់​សម្ដី​ថា​លោក​មាន​ជំនឿ​ចិត្ត​ថា ​កម្ពុជា​ដែល​ជា​មិត្ត​ ពិត​ជា​យល់​ជ្រាប​នូវ​ភាព​តាន​តឹង​លើ​ឧប​ទ្វីប​កូរ៉េ ​ហើយ​នឹង​បញ្ចេញ​សកម្មភាព​តាម​រយៈ​អាស៊ាន ដើម្បី​ស្វះស្វែង​រក​ដំណោះ​ស្រាយ​មួយ​តាម​រយៈ​ផ្លូវ​ទូត ដើម្បី​រក្សា​ស្ថិរភាព ​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង។​

លោក​ Patrick Murphy ​មិនបាន​ឆ្លើយចំ​នឹង​សំណួរ​ដែល​វីអូអេ​ខេមភាសា​សាកសួរ​ពី​ប្រតិកម្ម​ពាក់​ព័ន្ធ​នឹង​ការ​ស្នើសុំ​ទេ។

​សហរដ្ឋ​អាមេរិក​ក៏បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​តំបន់​អាស៊ាន​ដែល​មាន​អតុល្យភាព​រវាង​គ្នា។

លោក​ Patrick Murphy ​បាន​បន្ថែម​ថា៖

«ការណ៍​នេះ​ដោយសារតែ​សហរដ្ឋ​អាមេរិក​ និង​រដ្ឋបាល​នេះ​ បាន​សង្កត់​ធ្ងន់​ថា ​យើង​គាំទ្រ​ឱ្យ​មាន​ការធ្វើ​ពាណិជ្ជកម្ម។ យើង​ចង់​បង្កើន​ និង​ពង្រឹង​ការធ្វើ​ពាណិជ្ជកម្ម ​ប៉ុន្តែ​មិន​មែន​តែ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​តែ​មួយ​មុខ​ទេ​ គឺ​ត្រូវ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ត្រឹមត្រូវ​ផង​ដែរ។ ហើយ​វាជា​ការ​សំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក ​និង​អ្នក​វិនិយោគទុន​ក្នុង​ការ​អាច​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ស្មើភាព​ និង​ត្រឹមត្រូវ​នៅ​ទីផ្សារ​ពួកគេ​ដូច​គ្នា​នឹង​ការដែល​ពួកគេ​អាច​ចូលមក​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក​អីចឹង​ដែរ‍»។

លោក ប៉ាទ្រីក មឺហ្វី ​បាន​បញ្ជាក់​ថា​ តំបន់​សមុទ្រ​ចិន​ខាងត្បូង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការធ្វើ​នាវា​ចរណ៍​ និង​ពាណិជ្ជកម្ម​សម្រាប់​សហរដ្ឋ​អាមេរិក ដូច្នេះ​សហរដ្ឋ​អាមេរិក​នឹង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុងការ​រក្សា​សិទ្ធិ​ទាំងនេះ​តាម​ច្បាប់​អន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson។

លោក​រដ្ឋមន្ត្រី​ការបរទេស​ Rex Tillerson ​ក៏​បាន​អំពាវនាវ​ឱ្យ​សមភាគី​របស់​លោក​ថា​ស្នើសុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់ ​«សកម្មភាព​យោធា ​ការ​សាងសង់​ និង​ការ​ទាមទារ​ដែនដី​និង​ទឹក​ក្នុង​តំបន់​សមុទ្រចិន​ខាងត្បូង‍»​ ក្នុង​ពេល​ដែល​ការ​ចរចា​នៅ​បន្ត​នៅ​ឡើយ។

ក្នុង​ចំណោម​សមាជិក​ទាំង១០​នៃ​សមាគម​អាស៊ាន ​មាន​រដ្ឋមន្ត្រី​ខ្លះ​បាន​ចំណាយ​ពេល​នេះ​ជួបប្រជុំ​ជាមួយ​នឹង​សមភាគី​របស់​ខ្លួន ​ក្នុងឱកាស​ដែល​ពួកគេ​ស្នាក់​នៅ​រដ្ឋធានីវ៉ាស៊ីនតោន។

លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ប្រាក់ សុខុន ​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​ពេញ​នៅ​សហរដ្ឋ​អាមេរិក​ ដោយ​លោក​បាន​ចូលរួម​ក្នុង​ពិធី​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​នេះ​ និងក៏​ជួប​ប្រជុំ​ជាមួយ​នឹងលោក​ John Kelly ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​សន្តិសុខ​ជាតិ​របស់សហរដ្ឋ​អាមេរិក​ផងដែរ។

លោក​ ប្រាក់ ​សុខុន ​មិន​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ទេ ​ប៉ុន្តែ​លោក​ ជុំ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ក្នុងការ​ជួបប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ ប្រទេស​កម្ពុជា​ពិភាក្សា​ពីការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម ប្រឆាំង​គ្រឿងញៀន ​សន្តិសុខ​ព្រំដែន ​និង​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​កម្ពុជា ​ដែល​បាន​មក​រស់​នៅ​សហរដ្ឋអាមេរិក​យូរ​ហើយ​និង​បានប្រព្រឹត្ត​ល្មើស​ច្បាប់៕

XS
SM
MD
LG