ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​នឹង​ចូល​រួម​វេទិកា​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​ប្រទេស​​ចិន


ផ្ទាំ​ងបដា​ផ្សព្វផ្សាយ​អំពី​វេទិកា​ខ្សែក្រវ៉ាត់​និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ចន្លោះ​អាគារ​ខ្ពស់​ពីរ​នៅ​ក្នុងតំបន់​ជំនួញ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃទី១១ ខែឧសភា។

ក្នុង​ចំណាត់​ការ​មួយ​ដែល​ទំនង​ផ្តល់​នូវ​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​វេទិកា​ខ្សែក្រ​វ៉ាត់​និង​ផ្លូវ​របស់​ចិន ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ចូលរួម​ក្នុង​ជំនួប​ស្តីពី​កិច្ច​ផ្តួម​ផ្តើម​មួយ​ដែល​ចាប់​ផ្តើម​នៅ​ចុងសប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

ការ​សម្រេចចូល​រួម​នេះ​ជាផ្នែក​មួយ​នៃ​ផែន​ការ​រយៈ​ពេល​១០០​ថ្ងៃ ហើយ​និង​កិច្ច​ព្រម​ព្រៀង​ថ្មី​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ត្រូវ​បាន​សម្រប​សម្រួល​គ្នា​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ត្រាំ​និង​ប្រធា នា​ធិបតី​ចិន ​ស៊ី ​ជីនពីង ​បាន​ជួប​គ្នា​កាល​ពី​ដើម​ខែ​មុន​នៅ​ក្នុង​រដ្ឋ​ Florida ​សហរដ្ឋ​អាមេរិក។

គណៈ​ប្រតិភូ​អន្តរទី​ភ្នាក់​ងារ​មក​ពី​រដ្ឋធានី​វ៉ាស៊ីនតោន នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក Matthew Pottinger ទីប្រឹក្សា​កំពូលរដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ​និង​ជានាយកក្រុម​ប្រឹក្សា សន្តិសុខ​ជាតិ​សម្រាប់តំបន់​អាស៊ី​ខាង​កើត។​ប្រទេស​ចិន​សប្បាយ​រីករាយ​អំពីការ​សម្រេច​នេះ។​

លោក​ Zhu Guanyao ​អនុរដ្ឋ​មន្រ្តី​ក្រសួងហិរញ្ញវត្ថុ​ចិន​បាន​និយាយថា៖ «យើង​សូម​ស្វាគមន៍​ប្រទេស​ទាំង​អស់​ដែល​ចូល​រួម​វេទិកា​នេះ។ ហើយ​យើង​សូម​ស្វាគមន៍​ការ​ចូល​រួម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឋានៈ​ជា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំបំផុត​របស់​ពិភពលោក​ដែល​ពាក់​ព័ន្ធ​សកម្ម​ភាព​កិច្ច​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ‍​នេះ»។

លោក Tom Miller អ្នក​និពន្ធ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើងថា សុបិន្ត​អាស៊ី​របស់​ចិន៖ «ការ​ស្ថាបនា​ចក្រ​ភព​តាម​បណ្តោយ​ផ្លូវ​សូត្រ​ថ្មី»​បាន​និយាយ​ថា៖ «តាម​ពាក្យ​សំដី​របស់​លោក​ ត្រាំ គម្រោងនេះ​ធ្វើឲ្យ​ប្រទេសចិន​អស្ចារ្យ​ម្តង​ទៀត ​ហើយ​និង​ធ្វើ​ឲ្យ​ចិន​អស្ចារ្យ​នៅ​លើ​ឆាក​អន្តរជាតិ‍»៕

XS
SM
MD
LG