ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​មួយ​សមភាគី​នៅ​ G7 ​ស្តី​ពីការ​ប្រែប្រួល​អាកាស​ធាតុ


ប្រធានាធិបតី​ ដូណាល់ ត្រាំ និយាយ​ជាមួយ​ប្រធានាធិបតីនីហ្សេ Mahamadou Issoufou នៅ​ពេល​ពួក​អស់​លោក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G7 នៅ​លើ​ភ្នំ​ Taormina ប្រទេស​អ៊ីតាលី។
ប្រធានាធិបតី​ ដូណាល់ ត្រាំ និយាយ​ជាមួយ​ប្រធានាធិបតីនីហ្សេ Mahamadou Issoufou នៅ​ពេល​ពួក​អស់​លោក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G7 នៅ​លើ​ភ្នំ​ Taormina ប្រទេស​អ៊ីតាលី។

​នៅ​ក្នុង​ចំណាត់​ការ​ដែល​មិន​ធ្លាប់​មានកាល​ពី​ពេល​មុន ​សេចក្តី​ថ្លែងការណ៍​របស់​សន្និសីទ​កំពូល​របស់ប្រ​ទេស​៧​ដែល​មាន​ឧស្សា​ហកម្ម​ជឿន​លឿន​ជាង​គេ​នៅ​លើ​ពិភពល​លោកហៅ​កាត់​ថា G7 ​បាន​បង្កើតជាកន្លែង​សម្រាប់​សហរដ្ឋ​អាមេរិក​ដើម្បីផ្តាច់​ខ្លួន​ចេញ​ពី​សមភាគី​នានា​របស់​ខ្លួន​ស្តី​ពី​បញ្ហាដ៏​សំខាន់​នេះ។

ក្នុង​សេចក្តីប្រកាស​រួម​គ្នាមួយ ​ប្រទេស​ទាំង​អស់​របស់​ក្រុម​ G7 ​លើក​លែង​តែ​សហរដ្ឋ​អាមេរិក ​បាន​សន្យា​ចាត់​វិធានការ​បន្ធូ​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ។

សេចក្តី​ថ្លែងការណ៍​រួមមាន​ខ្លឹមសារ​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ស្ថិត​នៅ​ក្នុង​ដំណើរ​ការណ៍​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោល​នយោបាយ​របស់​ខ្លួន​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អា​កាស​ធាតុ​និង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ហើយ​មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​មូល​មតិ​ស្តី​ពី​ប្រធានបទ​ទាំង​នេះ​ទេ។​ ដោយ​បាន​យល់​ពី​ដំណើរ​ការ​នេះ ​មេដឹកនាំ​ប្រទេស​បារាំង កាណា​ដា អាល្លឺម៉ង់ ​អ៊ីតាលី ​ជប៉ុន​និង​ចក្រភព​អង់គ្លេស​ ​និង​ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​និង​គណៈ​កម្មាធិការ​អឺរ៉ុប​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្លាំង​របស់​ខ្លួន​ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នេះ‍»។

យោងទៅ​តាម​ឯកសារ​នោះ ​សហរដ្ឋ​អាមេរិក ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​សម្រេច​ថា​ តើ​ខ្លួន​នឹង​ចាក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្រ្តដើម្បី​កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​កាបោន​ដែល​បាន​ព្រម​ព្រៀង​គ្នា​ដោយអ្នក​តំណាង​ប្រទេស​១៩៥​កាល​ពី​២​ឆ្នាំ​មុនឬ​យ៉ាង​ណា។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​បញ្ជូនសារ​តាម​ប្រព័ន្ធ ​Twitter​ពី​កោះ​ស៊ីស៊ីលី​តាម​ប្រព័ន្ធ​គណនីយ​របស់​លោក​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នេះ​នៅ​សប្តាហ៍​ក្រោយ‍»។

​លោក​ប្រធានា​ធិបតី​បារាំង ​Emmanuel Macron​ បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា៖ «ខ្ញុំ​បាន​ប្រាប់​ប្រធា​នា​ធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ ថា​ ​វា​ជា​បញ្ហា​សំខាន់​ដែល​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ពាក់​ព័ន្ធ​ក្នុង​កិច្ច​ព្រម​ព្រៀង​អំពី​បម្រែ​បម្រួល​អាកាស​ធាតុ​ក្រុង​ប៉ារីស​នោះ‍»៕

XS
SM
MD
LG