ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធសភា​អាមេរិក​គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​សេតវិមាន​ស្តី​ពី​កូរ៉េ​ខាង​ជើង


លោក​ Chris Coons ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​របស់​អាមេរិក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​អគារ Eisenhower Executive Office ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

ជាមួយ​នឹង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ដែល​កើន​ឡើង​ដល់​ចំណុច​ក្តៅ​គគុក ព្រឹទ្ធសភា​អាមេរិក​ទាំងអស់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សេតវិមាន​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយ​ស្តី​ពី​ការ​គំរាមកំហែង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​លោក Trump ក្នុង​ការ​ប្រឈម​នឹង​ការ​គំរាមកំហែង​នេះ។​

សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​នយោបាយ​ទាំង​ពីរ​នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែល​នឹង​លើក​ឡើង​ថា កូរ៉េ​ខាង​ជើង​កំពុង​តែ​ប្រជែង​ផលិត​នុយក្លេអ៊ែរ​ដែល​មាន​សមត្ថភាព​អាច​វាយប្រហារ​ទៅ​លើ​សហរដ្ឋ​អាមេរិក​បាន។

លោកស្រី​សមាជិក​ព្រឹទ្ធសភា Susan Collins បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង ​VOA ថា «ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​សមត្ថភាព​របស់​កូរ៉េ​ខាង​ជើង កិច្ចខិតខំប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ឲ្យ​ចិន​ចូលរួម​ដាក់​សម្ពាធ​ទៅ​លើ​កូរ៉េខាងជើង​ដើម្បី​បញ្ឈប់​ និង​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​នានា ដែល​យើង​អាច​នឹង​មាន»។ ​

លោក John McCain ប្រធាន​គណៈកម្មាធិការ​យោធា​របស់​ព្រឹទ្ធសភា​បាន​ពណ៌នា​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ថា​ជា​ការ​គំរាមកំហែង​មួយ​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ។ ​

លោក McCain បាន​ថ្លែង​ប្រាប់ VOA សេវា ស៊ែប​ថា «ខ្ញុំ​គិត​ថា ស្ថានភាព​នេះ​គឺ​គ្រោះថ្នាក់ ដូចជា​វិបត្តិ​គ្រាប់មីស៊ីល​របស់​គុយបា​ដែល​បាន​កើតឡើង​អញ្ចឹង»។ លោក​បាន​បន្ថែម​ថា របប​របស់​លោក គីម ជុងអ៊ុន គឺ​មិន​ស្ថិតស្ថេរ​យ៉ាង​ខ្លាំង ដែល​ធ្ងន់ធ្ងរ​ជាង​របប​របស់​ឪពុក​ ឬ​ជី​តា​របស់​លោក​ទៅ​ទៀត ដូច្នេះ​យោធា​ត្រូវ​តែ​ជា​ជម្រើស​មួយ​សម្រាប់​ពិភាក្សា៕

XS
SM
MD
LG