ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក និង​រុស្ស៊ី ចាប់ផ្ដើម​អនុវត្ត​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ដែន​អាកាស​ស៊ីរី


រុបភាព​ឯកសារ៖​ យន្ត​ហោះ​ពីរ​របស់​កងកម្លាំង​អាកាស​អាមេរិក​ F-15E Strike Eagles ហោះ​លើ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​បន្ទាប់​ពី​វាយ​ប្រហារ​ស៊ីរី​កាល​ពី​ថ្ងៃី​២៣​ កញ្ញា ២០១៤។

មន្ត្រី​យោធា​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ពួកគេ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្ត​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ពី​មុន​មួយ ដែល​មាន​គោល​បំណង​ការពារ​មិន​ឲ្យ​មាន​ករណី​យន្តហោះ​ចម្បាំង​មក​ពី​ប្រទេស​ទាំង​ពីរ​ហោះ​ពី​លើ​ប្រទេស​ស៊ីរី កើត​ឡើង។

សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​មូស្គូ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​បញ្ជាក់​ថា លោក​ឧត្ដមសេនីយ៍ Joseph Dunford ប្រធាន​អគ្គ​នាយ​សេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក​ឧត្ដមសេនីយ៍ Valery Gerasimov ដែល​ជា​សមភាគី​រុស្ស៊ី​របស់​លោក ហើយ​លោក​ទាំង​ពីរ បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្ត​ទាំង​ស្រុង​ឡើង​វិញ នូវ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ការ​ប្រើប្រាស់​ដែន​អាកាស​របស់​ប្រទេស​ស៊ីរី ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ចុង​ឆ្នាំ ២០១៥ រហូត​ដល់​ឆ្នាំ ២០១៦ កន្លង​មក។

លោក​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​ព្រមព្រៀង ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​អាស្តាណា ប្រទេស​កាហ្សាក់ស្ថាន ផង​ដែរ ដែល​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ រដ្ឋាភិបាល​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់ បាន​ឯកភាព​គ្នា​លើ​គម្រោង​ដែល​បាន​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​រុស្ស៊ី នៅ​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី តាម​រយៈ «តំបន់​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ» នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ជា​តំបន់​ដែល​ជម្លោះ​រវាង​ពួក​ឧទ្ទាម​ស៊ីរី និង​រដ្ឋាភិបាល​ស៊ីរី មាន​ភាព​តានតឹង។

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ទៅ​ពិភាក្សា​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន ប៉ុន្តែ​មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​នោះ​ទេ ដោយសារ​តែ​មួយ​ផ្នែក​ធំ បណ្ដាល​មកពី​ការ​ពាក់ព័ន្ធ​របស់​ប្រទេស​អ៊ីរ៉ង់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា លោក Gerasimov និង​លោក Dunford «បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​មិន​ឲ្យ​មាន​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី» ហើយ​លោក​ទាំង​ពីរ​ក៏​បាន​យល់ព្រម​ថា​នៅតែ​រក្សា​ការ​ទាក់ទង​ជាមួយ​គ្នា៕

XS
SM
MD
LG