ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ឡើង​វិញ​ពីការ​តាំង​ចិត្ត​ដើម្បីការ​ពារ​ប្រទេស​តួកគី


រដ្ឋមន្រ្តី​តួកគី Binali Yildirim (ស្តាំ)​ ចាប់ដៃ​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​លោក James Mattis មុន​នឹង​សន្និសីទ​ Somalia Conference ក្នុង​ទីក្រុង​ឡុងដ៏ កាល​ពីថ្ងៃទី​១១ ឧសភា ២០១៧។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក James Mattis បាន​បញ្ជាក់​ឡើង​វិញនូវ​ការ​បេ្តជ្ញាចិត្ត​របស់​ខ្លួនដើម្បី​ការពារ​ប្រទេស​តួកគី នៅពេល​ដែល​ប្រទេស​នោះប្រឆាំង​ការសម្រេចចិត្ត​កាល​ពីពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តល់​អាវុធ​ដល់អ្នក​ប្រយុទ្ធស៊ីរី Kurds ​នៅ​ក្នុងការ​ប៉ុនប៉ង​មួយ​ដើម្បី​បណ្តេញជន​សកម្ម​ប្រយុទ្ធរដ្ឋ​ឥស្លាម​ចេញ​ពី​ទីតាំង​ដ៏​រឹងមាំរបស់​ពួកគេ​នៅ​ក្រុង Raqqa។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក Mattis បាន​បញ្ជាក់​ឡើង​វិញនូវ​ការ​បេ្តជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​បន្ទាប់​ពី​ជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​លោក Binali Yildirim នាយករដ្ឋ​មន្រ្តីតួកគី​ដែល​ជា​ការ​ចរចា​កម្រិតខ្ពស់​បំផុត​រវាង​ប្រទេស​ទាំង​២​ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ប្រកាស​កាល​ពីថ្ងៃ​អង្គារ​អំពី​ផែនការ​ដើម្បី​ផ្តល់​អាវុធ​ដល់​ជន​ជាតិ​ភាគតិចស៊ីរី Kurds ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​គេ​ស្គាល់​ថា ក្រុមYPG។

តួកគីបាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​កិច្ច​ព្រម​ព្រៀង​ផ្តល់​អាវុធ​នោះ​ហើយ​បាន​អំពាវ​នាវ​ជា​ច្រើន​លើក​ឲ្យ​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​នោះ។ តួកគី​ជឿជាក់​ថា ក្រុម​ជនជាតិ​ភាគ​តិច​ស៊ីរី Kurds YPGជា​ក្រុម​ភេរវជន​ដែល​ជាផ្នែក​មួយ​នៃ​គណបក្ស​ពលករ Kurdistanខុស​ច្បាប់​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​ភេរវជន​ដោយ​តួកគី សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។

កាល​ពី​ថ្ងៃ​ពុធ ​លោក​នាយក​រដ្ឋមន្រ្តី Yildirimបាន​រិះគន់​ជា​សាធារណៈ​ដល់​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ដោយ​អះអាង​ថា សហរដ្ឋ​អាមេរិក​មិន​អាច​ប្រើ​ក្រុម​ភេរវជន​មួយ​ប្រយុទ្ធក្រុម​ភេរវជន​មួយ​ទៀត​ទេ។

លោក​នាយក​រដ្ឋមន្រ្តី Yildirim និង​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក Mattis បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុនពេល​ចាប់​ផ្តើម​សន្និសីទ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡុងដ៍​ស្តី​ពីបញ្ហា​សន្តិសុខ​និង​មនុស្ស​ធម៌​ក្នុង​ប្រទេស​សូម៉ាលី៕

XS
SM
MD
LG