ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​ប្រាប់​ប្រទេស​កូរ៉េខាង​ជើង​ថាគ្រប់​ជម្រើស​ទាំង​អស់​ស្ថិត​នៅ​លើ​តុចរចា


រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Rex Tillerson ថ្លែង​ក្នុង​ពេល​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​នៃ​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃទី​២៨ ខែមេសា នៅអង្គការ​សហប្រជាជាតិ​។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ​Rex Tillerson​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​នឹង​មិន​ច្រាន​ចោល​ការ​ឆ្លើយ​តប​ខាង​យោ​ធាដល់​ភាព​គគ្លើន​នៅ​ពេល​អនាគត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ទេ​ ហើយ​ថា​សហរដ្ឋ​អាមេរិក​នឹង​ស្វះ​ស្វែង​បង្កើន​ការ​ដាក់​សម្ពាធខាង​ហិរញ្ញវត្ថុ​និង​បន្ថែម​ភាព​ឯកកោ​អន្តរជាតិ​ដល់​រដ្ឋ​ទុច្ចរិត​នេះ។

លោក​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក ​Tillerson​ បាន​ថ្លែង​ក្នុង​ជំនួប​កម្រិត​ខ្ពស់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​នុយក្លេអ៊ែ​របស់​កូរ៉េ​ខាង​ជើង​ថា៖ «ដូច​ដែល​យើង​បាន​និយាយ​កាល​ពី​ពេល​មុន ​គ្រប់​ជម្រើស​ទាំង​អស់ដើម្បី​ឆ្លើយ​តប​ដល់​ការ​បង្ក​ហេតុ​នៅ​ថ្ងៃ​អនាគត ត្រូវ​តែ​នៅ​លើ​តុចរចា‍»។ លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកាំង​បានព្រមាន​ទៀត​ថា៖ «យើងពេញ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុងការចរចា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ ​ក៏ប៉ុន្តែ​យើង​បាន​តាំង​ចិត្តការ​ពារ​ខ្លួន​របស់​យើង​ ហើយ​និង​សម្ព័ន្ធ​មិត្ត​របស់​យើងដើម្បី​ប្រឆាំង​នឹងភាព​គគ្លើន​របស់​ប្រទេស​កូរ៉េខាង​ជើង‍»។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson ​មាន​ប្រសាសន៍​ទៀត​ថា​ ​យុទ្ធនាការ​ថ្មី​នៃ​ការ​ពង្រីកការ​ដាក់​សម្ពាធ​នឹង​ត្រូវ​អនុវត្ត​ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ផល​ប្រយោជន៍​របស់​កូរ៉េខាង​ជើង។ ក៏ប៉ុន្តែ ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​បាន​និយាយ​ទទូច​ថា ​ការ​ផ្លាស់​ប្តូរ​របប​មិនមែន​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​សម្ពាធ​នោះ​ទេ។

លោក​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ចរចា​នឹង​មិន​កើត​មាន​ឡើង​មុន​ពេល​កូរ៉េខាង​ជើង​ចាត់​វិធានការ​យ៉ា​ងសុក្រិត្យ​ដើម្បី​រុះ​រើ​កម្មវិធី​នុយក្លេអ៊ែ​ខុស​ច្បាប់​របស់​ខ្លួន​ទេ។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកាំង ​Tillerson ​បាន​លាត​ត្រដាង​ពីអ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​ដើម្បី​បញ្ឈប់​ការ​ស្វែងរក​អាវុធ​នុយក្លេអ៊ែ​របស់​កូរ៉េខាង​ជើង​ ដោយ​បាន​អំពាវនាវ​ឲ្យ​បង្កើន​ការ​ដាក់​សម្ពាធ​ខាង​ការទូត​និង​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​កូរ៉េខាង​ជើង​ផ្លាស់​ប្តូរ​មហិច្ឆតា​នេះ ​ដោយ​រួមមាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ផង៕

XS
SM
MD
LG