ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទាហាន​ជើង​ទឹក​អាមេរិក​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដើម្បី​ប្រយុទ្ធ​ជាមួយ​នឹង​រដ្ឋ​ឥស្លាម


រូបភាព​ដក​ស្រង់​ចេញ​ពី​វីដេអូ​ដែល​ផ្តល់​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី បង្ហាញ​ពី​ការ​បាញ់​ប្រហារ​រវាង​កងកម្លាំង​ប្រជាធិបតេយ្យ​ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ក្រុង Raqqa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។

ពួក​ទាហាន​ជើង​ទឹក​ស.រ.អា.​បាន​ត្រូវ​បញ្ជូន​ទៅ​ដាក់​ពង្រាយ​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​វាយ​យក​មក​វិញ​នូវ​ក្រុង Raqqa ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។

កាសែត​ Washington Post ដែល​បាន​រាយការណ៍​មុន​គេ​អំពី​ការ​ដាក់​ពង្រាយ​ទាហាន​អាមេរិកាំង​ទាំង​នេះ​ បាន​ផ្សាយ​ថា​ ការ​ទៅ​ដល់​នៃ​កង​កាំភ្លើង​ធំ​ជា​ការ​បង្កើន​ច្រើន​ក្រាស់​ក្រែល​នៃ​ការ​ប្រើប្រាស់​កងកម្លាំង​ធម្មតា​របស់​ស.រ.អា.​នៅ​ក្នុង​ប្រទេស​ស៊ីរី។ គ្មាន​ការ​ប្រកាស​ជា​ផ្លូវការ​ទេ ក៏​ប៉ុន្តែ​ពួក​មន្ត្រី​យោធា​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ឯទៀតៗ​ថា​ ការ​ដាក់​ពង្រាយ​ទាហាន​ទាំង​នេះ​ជា​ការ​ពិត​មែន។ កង​អង្គភាព​មួយ​នៃ​កាំភ្លើងធំ​របស់​កង​ទ័ព​ជើង​គោក​ស.រ.អា.​បាន​ទៅ​ដល់​កន្លែង​នោះ​ហើយ។

ពួក​ទាហាន​ជើង​ទឹក​ក៏​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់ក្រុង Manbij ឋិត​នៅ​ចម្ងាយ​ប្រមាណ​១៣៨គ.ម.​ទិស​ពាយ័ព្យ​នៃ​ក្រុង​ Raqqa ដែល​ជា​រដ្ឋធានី​ប្រកាស​ដោយ​ខ្លួន​ឯង​របស់​ពួក​រដ្ឋ​ឥស្លាម។​ គេ​មាន​ជំនឿ​ថា​ មាន​យុទ្ធជន​រដ្ឋ​ឥស្លាម​៤ពាន់​នាក់​នៅ​ក្នុង​ក្រុង Raqqa។​

ក្រសួង​ការពារ​ជាតិ​ស.រ.អា.​បាន​ពណ៌នា​បេសកកម្ម​នៅ​ក្នុង​ក្រុង Manbij ថា ​ជា​បេសកកម្ម​មួយ​ដើម្បី «ធានា​រ៉ាប់រង​ជា​ថ្មី និង​បញ្ចៀស» ភាគី​នានា​នៅ​ក្នុង​មូលដ្ឋាន​កុំ​ឱ្យ​វាយប្រហារ​គ្នា។

រហូត​មក​ដល់​ពេល​នេះ​ ស.រ.អា.​បាន​កម្រិត​ចំនួន​ទាហាន​ខ្លួន​នៅ​លើ​ដី​ក្នុង​ប្រទេស​ស៊ីរី​តែ​ត្រឹម​កងកម្លាំង​បំពេញ​កិច្ចប្រតិបត្តិការ​ពិសេស​ចំនួន​៥០០​នាក់​ដើម្បី​គាំទ្រ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ទ្រទ្រង់​ដោយ​ស.រ.អា.​ដែល​ជា​សម្ព័ន្ធភាព​មួយ​នៃ​កង​កម្លាំង​អារ៉ាប់ និង​ Kurde ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG