ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សហរដ្ឋ​អាមេរិក​ពន្យារ​ការ​ផ្អាក​បទបញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក Trump


នេះ​ជា​អគារ​សហព័ន្ធ​នៃ​តុលាការ​មួយ​របស់​អាមេរិក​ក្នុង​ក្រុង Honolulu។
នេះ​ជា​អគារ​សហព័ន្ធ​នៃ​តុលាការ​មួយ​របស់​អាមេរិក​ក្នុង​ក្រុង Honolulu។

ចៅក្រម​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​ពន្យារ​ការ​ផ្អាក​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី Donald Trump។ បទបញ្ជា​នេះ​មាន​គោល​បំណង​រារាំង​ជា​បណ្ដោះ​អាសន្ន​មិន​ឲ្យ​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន ៦ ដែល​មាន​ប្រជាជន​ច្រើន​លើសលប់​កាន់​សាសនា​ឥស្លាម ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក និង​រារាំង​ដល់​កម្មវិធី​ទទួល​យក​ជន​ភៀស​ខ្លួន​ផង​ដែរ។

លោក​ចៅក្រម Derrick Watson បាន​រារាំង​រដ្ឋាភិបាល​ជា​បណ្ដោះ​អាសន្ន មិន​ឲ្យ​អនុវត្ត​នូវ​បទបញ្ជា​ប្រធានាធិបតី​នេះ នៅ​ក្នុង​ការ​សម្រេច​របស់​លោក​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មីនា កន្លង​ទៅ​នេះ។ ការ​សម្រេច​ជា​ថ្មី​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ គឺ​ធ្វើ​បន្ថែម​លើ​ការ​រារាំង​រដ្ឋាភិបាល​ជា​បណ្ដោះ​អាសន្ន​នេះ ដោយ​ចេញ​សេចក្ដី​បង្គាប់​នៅ​ដំណាក់កាល​ដំបូង​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​លោក​ប្រធានាធិបតី Donald Trump។ ការ​សម្រេច​ជា​ថ្មី​របស់​លោក​ចៅ​ក្រម​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​រដ្ឋ Hawaii ដែល​នឹង​ដាក់​ឲ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស។

លោក​ចៅក្រម Watson បាន​បញ្ជាក់​ថា ស្ថានការណ៍​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ដំណាក់​កាល​ដំបូង​នេះ គឺ​មិន​ផ្លាស់ប្ដូរ​នោះ​ទេ ដែល​ក្នុង​នោះ មាន​រួម​បញ្ចូល​ទាំង​ការ​បញ្ជាក់​របស់​រដ្ឋ Hawaii ដែល​ថា ការ​លើក​ឡើង​របស់​លោក Donald Trump និង​ក្រុម​របស់​លោក គឺ​ផ្ដោត​តែ​ទៅ​លើ​ជនជាតិ​ឥស្លាម​តែ​ប៉ុណ្ណោះ។

លោក​ចៅក្រម​បាន​បន្ថែម​ទៀត​ថា រដ្ឋ Hawaii ទំនងជា​អាច​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​បទបញ្ជា​ប្រធានាធិបតី​នេះ ដោយ​ផ្អែក​លើ​ហេតុផល​ថា បទបញ្ជា​នេះ​រំលោភ​ទៅ​លើ​ចំណុច​មួយ​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ណា​ក៏​ដោយ កុំ​ឲ្យ​មាន​គោល​បំណង​ចម្បង​ពាក់ព័ន្ធ​នឹង​សាសនា៕

XS
SM
MD
LG