ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈកម្មាធិការ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សភា​ប្រជុំ​ទាក់ទង​នឹង​ការ​លួច​ថត​សំឡេង


លោក Devin Nunes ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​ប្រជុំ​នៅ​ក្នុង​វិមាន​សភា Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

គណៈកម្មាធិការ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​ប្រជុំ​បិទ​ទ្វារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ស៊ើបអង្កេត​របស់​ខ្លួន​អំពី​ការ​ចោទ​ប្រកាន់​ស្តី​ពី​ការ​លួច​ថត​សំឡេង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ទាក់ទិន​នឹង​ប្រធានាធិបតី​ Donald Trump និង​អ្នក​កាន់​តំណែង​មុន​លោក​គឺ​ លោក​អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា មាន​ភាព​ច្របូក​ច្របល់។​

លោក Devin Nunes សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​នេះ​បាន​ការពារ​ការ​លាត​ត្រដាង​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ដែល​ថា​ការ​លួច​ថត​សំឡេង​ការ​សន្ទនា​គ្នា​រវាង​ពួក​ភ្នាក់ងារ​បរទេស និង​ពួកមន្ត្រី​របស់​លោក Trump នៅ​ក្រោយ​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​បាន​នាំ​ឱ្យ​មាន «ការ​ប្រមូល​ដោយ​អចេតនា» នូវ​អត្ថាធិប្បាយ​ធ្វើ​ឡើង​ដោយ​ពួក​សហការី​របស់​លោក Trump ហើយ​ក៏អាច​មាន​អត្ថាធិប្បាយ​ដោយ​លោក Trump ផង​ដែរ។

លោក Nunes បាន​និយាយ​ជាមួយ​ពួក​អ្នក​កាសែត​ និង​លោក​ប្រធានាធិបតី​អំពី​សម្ភារៈ​នេះ​ដោយ​មិន​បាន​និយាយ​ប្រាប់​សមាជិក​ណា​ម្នាក់​ក្នុង​បណ្តា​សមាជិក​២១នាក់​ទៀត​នៃ​គណៈកម្មាធិការ​នេះ​ទេ។

នៅ​មុន​ទៅ​កាន់​ការ​ប្រជុំ​នៃ​គណៈកម្មាធិការ​នេះ​ លោក Nunes បាន​និយាយ​ថា​ការ​លាតត្រដាង​របស់​លោក និង​ការ​និយាយ​ត្រួសៗ​ប្រាប់​លោក Trump នៅ​ឯ​សេតវិមាន​ជា «សេចក្តី​សម្រេច​ផ្ទាល់​ខ្លួន»។ លោក​បាន​និយាយ​អំពី​ជំនួប​របស់​លោក​ជាមួយ​លោក Trump ថា «ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​ទៅ​សេតវិមាន​ថា​ខ្ញុំ​នឹង​ទៅ​ទី​នោះ»។

កាលពី​ថ្ងៃព្រហស្បតិ៍ លោក Sean Spicer អ្នកនាំពាក្យ​សេតវិមាន​បាន​ការពារប្រធាន​គណៈកម្មាធិការ​នេះ​ដែល​បាន​ទៅ​និយាយ​ត្រួសៗ​ប្រាប់​លោក​ប្រធានាធិបតី​ដោយ​មិន​បាន​ប្រាប់​ព័ត៌មាន​ទាំង​នេះ​ដល់​ពួក​សមាជិក​ឯ​ទៀតៗ​នៃ​គណៈកម្មាធិការ​នេះ​ជាមុន ​ដែល​ជា​ចំណាត់ការ​មួយ​នាំ​ឱ្យ​ពួក​ប្រជាធិបតេយ្យ​ដែល​ជា​ក្រុម​ប្រឆាំង​មាន​ការ​ខឹង​សម្បា៕

XS
SM
MD
LG