ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន​គណៈកម្មាធិការ​ស៊ើប​អង្កេត​សភា​អាមេរិក​បាន​ជួប​ជាមួយ​នឹង​ប្រភព​ព័ត៌មាន​នៅ​ក្នុង​បរិវេណ​សេតវិមាន


ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សហរដ្ឋ​អាមេរិក ​លោក Davin Nunes ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​សេតវិមាន កាល​ពី​ថ្ងៃទី​២២ ខែ​មីនា ក្រោយ​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ។

ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សហរដ្ឋ​អាមេរិក ​លោក Davin Nunes ​បាន​ជួប​ជាមួយ​នឹង​ប្រភព​ព័ត៌មាន​ម្នាក់​នៅ​ក្នុង​សេតវិមាន មុន​ពេល​ដែល​លោក​បាន​លាត​ត្រដាង​កាល​ពី​សប្តាហ៍​មុន​ថា លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ត្រូវ​បាន​គេ​លួច​ថត​សំឡេង​ដោយ​អចេតនា។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​របស់​លោក។

អ្នក​នាំពាក្យ ​លោក​ Jack Langer ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក ​Nunes​ បាន​ជួប​ជាមួយ​នឹង​ប្រភព​ព័ត៌មាន​របស់​លោក​នៅ​ក្នុង​បរិវេណ​សេតវិមាន ដើម្បី​មាន​កន្លែង​សុវត្ថិភាព​មួយ ដែល​លោក​អាច​មើល​ព័ត៌មាន​ដែល​ប្រភព​ព័ត៌មាន​របស់​លោក​ផ្តល់​ឲ្យ​បាន។​

កាល​ពី​លើក​មុន លោក Nunes មិន​បាន​និយាយ​ទេ ​ថា​តើ​លោក​បាន​ជួប​ជាមួយ​នឹង​ប្រភព​ព័ត៌មាន​នេះ​នៅ​កន្លែង​ណា ហើយ​លោក​នៅ​តែ​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​របស់​គេ​ដដែល។

លោក​ Sean Spicer អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​មិន​បាន​ដឹង​ថា លោក Nunes បាន​ទទួល​ព័ត៌មាន​នេះ​ពី​កន្លែង​ណា​នោះ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក Nunes បាន​និយាយ​ថា ខ្លួន​មិន​បាន​ជួប​ជាមួយ​នឹង​នរណា​ម្នាក់​ដែល​ជា​បុគ្គលិក​របស់​សេតវិមាន​នោះ​ទេ។ លោក​បាន​និយាយ​ទៀត​ថា លោក Nunes ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​មាន​ប្រភព​ព័ត៌មាន​មួយ​ចំនួន​សម្រាប់​ការ​ចោទប្រកាន់​នេះ៕​

XS
SM
MD
LG