ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​អាមេរិក​អនុម័ត​ទៅ​លើ​សំណើ​ច្បាប់​ថែទាំ​សុខភាព​របស់​គណបក្ស​សាធារណរដ្ឋ


សភាតំណាង​សហរដ្ឋអាមេរិក​នៅ​វិមាន Capitol Hill រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៩ តុលា ២០១៥។

សភា​អាមេរិក​បាន​អនុម័ត​ទៅ​លើ​សំណើ​ច្បាប់​មួយ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​នឹង​លុបចោល​ច្បាប់​ថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស ដែល​នេះ​គឺ​ជា​ជ័យជម្នះ​ផ្នែក​ច្បាប់​ធំ​បំផុត​ដំបូង​បង្អស់​របស់​លោក​ប្រធានាធិបតី Donald Trump។

ច្បាប់​ថែទាំ​សុខភាព​ត្រូវ​បាន​គេ​អនុម័ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​នឹង​សំឡេង​ឆ្នោត​២១៧​ទល់​នឹង​២១៣ ដែល​នេះ​ជា​ជំហាន​ដំបូង​បង្អស់​ឆ្ពោះ​ទៅ​កាន់​ការ​សន្យា​របស់​គណបកុ្ស​សាធារណរដ្ឋ​អស់​រយៈពេល​៧​ឆ្នាំ ដែល​ថា​នឹង​ជំនួស​ច្បាប់​ថែទាំ​សុខភាព​នេះ។ ​ច្បាប់​ថែទាំ​សុខភាព​គឺ​ជា​ស្នាដៃ​សម្រេច​បាន​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama។

លោក​ប្រធានាធិបតី Donald Trump បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Tweeter ថា «សមាជិក​គណបក្ស​សាធារណរដ្ឋ​នឹង​រៀបចំ​សន្និសីទ​កាសែត​ធំ​មួយ​‍» នៅ​សេតវិមាន ក្រោយ​ពី​ការ​បោះឆ្នោត​នេះ។

ឥឡូវ​នេះ សំណើ​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា ដែល​វាសនា​របស់​ច្បាប់​នេះ​គឺ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅ​ឡើយ​ទេ។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត បន្ទាប់​ពី​ត្រូវ​បាន​គេ​ធ្វើ​វិសោធនកម្ម​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​បន្ថែម​ថវិកា​ចំនួន​៨​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​មុន​ពេល​ប្រើប្រាស់​ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព។ បន្ទាប់​ពី​ចរចា​ពាក្យ​ពេចន៍​វិសោធនកម្ម​ជាមួយ​នឹង​លោក​ប្រធានាធិបតី Trump នៅ​សេតវិមាន សមាជិក​គណបក្ស​សាធារណរដ្ឋ​សំខាន់​២​រូប គឺ​លោក Fred Upton និង​លោក Billy Long បាន​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន និង​បាន​គាំទ្រ​សំណើ​ច្បាប់​ថែទាំ​សុខភាព​របស់​គណបក្ស​សាធារណរដ្ឋ​របស់​ពួកគេ​ជំនួស​វិញ៕

XS
SM
MD
LG