ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដោយ​ផ្ដោត​លើ​បញ្ហា​កូរ៉េ​ខាង​ជើង


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​ទៅ​កាន់​មន្ត្រី​នៅ​ក្រសួង​ការទេស​ កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សហរដ្ឋ​អាមេរិក​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​នឹង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ដោះស្រាយ​បញ្ហា​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ និង​ការ​គំរាមកំហែង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា ជា​បញ្ហា​អាទិភាព​ទី​មួយ​សម្រាប់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក។

មន្ត្រី​ការបរទេស​ជាន់​ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​ជំរុញ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់ ឲ្យ​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

មន្ត្រី​មួយ​រូប​ទៀត​បាន​ប្រាប់ VOA ថា ទោះបីជា​មាន​ជោគជ័យ​ខ្លះ​ទាក់ទិន​នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ ដើម្បី​រារាំង​សកម្មភាព​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង​ក៏​ដោយ ក៏​យើង​ត្រូវ​ចាត់​វិធានការ​ផ្សេងៗ​បន្ត​ទៀត​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Rex Tillerson បាន​បញ្ជាក់​នៅ​ក្នុង​សន្ទរកថា​របស់​លោក​ទៅ​កាន់​បុគ្គលិក​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «នៅ​ទូទាំង​ទ្វីប​អាស៊ី យើង​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន»។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពង្រឹង​ការ​ដឹកនាំ​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ​ឡើង​វិញ ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ផ្សេងៗ​ជា​ច្រើន។

លោក Tillerson នឹង​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​មកពី​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​សមាគម​អាស៊ាន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​នោះ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​រិះគន់​លើ​ភាព​គឃ្លើន​របស់​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG