ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​នយោបាយ​អាមេរិក ក្រោយ​លោក Trump ​បណ្តេញនាយក FBI ចេញ​ពីតំណែង


រូប​ឯកសារ៖ លោក​ប្រធានាធិបតី Donald Trump និង​លោក James Comey នាយក​ទីភ្នាក់ងារ​ FBI។ (រូបថត៖ Reuters)

លោក​ប្រធានាធិបតី​បាន​ប្រាប់​លោក Comey នៅ​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក Comey «មិន​អាច​ដឹកនាំ​ការិយាល័យ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ត​ទៅ​ទៀត​នោះ​ទេ»។

នៅ​ក្នុង​ចំណាត់​ការ​មួយ​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បណ្តេញ​លោក James Comey ចេញ​ពី​តំណែង​ជា​នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI។

លោក​ប្រធានាធិបតី​បាន​ប្រាប់​លោក Comey នៅ​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក Comey «មិន​អាច​ដឹកនាំ​ការិយាល័យ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ត​ទៅ​ទៀត​នោះ​ទេ»។

លោក Trump បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​របស់​លោក​គឺ​ផ្អែក​ទៅ​តាម​លិខិត​ដាច់​ដោយ​ឡែក​សរសេរ​ដោយ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ Jeff Sessions និង​លោក​អនុ​រដ្ឋ​មន្ត្រី Rod Rosenstein ដែល​បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការងារ​របស់​លោក Comey ដោយ​សារ​តែ​ការងារ​ស៊ើប​អង្កេត​របស់​លោក​ទៅ​លើ​អ៊ីម៉ែល​របស់​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​លោក​ស្រី Hillary Clinton ដែល​បាន​ចាញ់​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ។

ប៉ុន្តែ​ក្រុម​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​លោក Chuck Schumer នោះ បាន​ចោទ​ប្រកាន់​ទាំង​ខឹង​សម្បារ​ថា ការ​ដែល​លោក Comey ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើ​បទ​ចោទ​ប្រកាន់​ពី​ទំនាក់​ទំនង​រវាង​រស្ស៊ី​ជាមួយ​នឹង​សមាជិក​នៃ​ក្រុម​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក Trump។

«យើង​ដឹង​ថា សភា​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​យើង ដែល​ផ្តល់​ប្រយោជន៍​ដល់​យុទ្ធនាការ​របស់​លោក Trump។ យើង​ដឹង​ថា ព្រឹទ្ធសភា​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​យើង​ដឹង​ថា​ទីភ្នាក់ងារ FBI កំពុង​ស្វែង​រក​ថា​តើ​យុទ្ធនាការ​របស់​លោក Trump មាន​ឃុប​ឃិត​ជាមួយ​រុស្ស៊ី​ដែរ​ឬ​យ៉ាង​ណា។ នេះ​គឺ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​មួយ។ តើ​ការ​ស៊ើប​អង្កេត​ទាំង​នេះ​ប៉ះពាល់​ដល់​លោក​ប្រធានាធិបតី​ធ្ងន់ធ្ងរ​ពេក​ឬ​យ៉ាង​ណា»?

លោក Schumer បាន​អំពាវនាវ​ឲ្យ​ក្រសួង​យុត្តិធម៌​តែង​តាំង​រដ្ឋ​អាជ្ញា​ពិសេស​មួយ​ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត​ទៅ​លើ​បទ​ចោទ​ប្រកាន់​ទៅ​លើ​ទំនាក់​ទំនង​រវាង​យុទ្ធនាការ​របស់​លោក Trump ជាមួយ​នឹង​រុស្ស៊ី។

ក្រុម​តំណាង​រាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ខឹង​សម្បារ​របស់​ខ្លួន​និង​បាន​បង្ហាញ​ភាព​ស្រងាកចិត្តចំពោះ​ការ​ដែល​លោក​ប្រធានាធិបតី​បណ្តេញ​លោក Comey ចេញ​ពី​តំណែង។

លោក Comey កំពុង​តែ​ថ្លែង​ទៅ​កាន់​ក្រុម​បុគ្គលិក​ FBI នៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋ​ California នៅ​ពេល​ដែល​លោក​ដឹង​ថា​លោក​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​លោក​មើល​សេចក្តី​រាយការណ៍​ព័ត៌មាន​តាម​ទូរទស្សន៍។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក​ត្រូវ​បាន​ហែរ​ហម​ទៅ​កាន់​អាកាសយានដ្ឋាន​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​វិល​ត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ។

សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​ហៅ​សកម្មភាព​របស់​លោក Trump ថា​ ជា​សកម្មភាព «Nixonian» ដែល​ប្រៀប​ធៀប​ទៅ​លើ​សកម្មភាព​របស់​លោក​អតីត​ប្រធានាធិបតី Richard Nixon ដែល​បាន​បញ្ឈប់​ការ​ងារ​របស់​ក្រុម​មន្ត្រី​ដែល​កំពុង​ស៊ើប​អង្កេត​ទៅ​លើ​រូប​លោក​ ក្នុង​អំឡុង​ពេល​រឿង​អាស្រូវ Watergate កាលពី​ដើម​ទសវត្សរ៍​ ១៩៧០។

ទូរទស្សន៍ CNN ក្រោយ​មក​បាន​រាយការណ៍​ថា ​ក្រុម​ប្រឹក្សា​តុលាការ​ថ្មីៗ​នេះ​បាន​ចេញ​ដីកា​កោះ​ហៅ​ទាក់​ទិន​នឹង​ការ​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ FBI ទៅ​លើ​រុស្ស៊ី ដើម្បី​ព្យាយាម​ស្វែង​រក​ឯកសារ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពី​សហការី​របស់​លោក Michael Flynn ដែល​លោក​ Trump បាន​បញ្ឈប់​តួនាទី​របស់​លោក​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ៕

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG