ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​​អាមេរិក​បញ្ជាក់​ឡើង​វិញ​ពីការ​គាំទ្រ​របស់​​អាមេរិក​ដល់​អ៊ីស្រាអែល


រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក Jim Mattis (ស្តាំ) និង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីស្រាអែល Avigdor Lieberman​ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃទី​២១​ ខែ​មេសា។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ Jim Mattis ​បញ្ជាក់​ឡើង​វិញ​ពីការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់ប្រទេស​អ៊ីស្រាអែល​ដែល​ជា​មិត្តភ័ក្រ្ត​និង​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែងរបស់​ខ្លួន​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី Benjamin Netanyahu នៃ​ប្រទេស​អ៊ីស្រាអែល។

លោក​រដ្ឋមន្រ្តី​ និង​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល ​Metanyahu​ បាន​ព្រម​ព្រៀង​គ្នា​ថា ​ប្រទេស​ទាំង​២​មាន​សត្រូវ​រួម​គ្នា​គឺ​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ ហើយ​បាន​សន្យា​ថា ​នឹង​ធ្វើ​អ្វីៗ​ដើម្បីឲ្យ​បាន​សម្រេច​នូវ​សន្តិភាព។ ​

លោក​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិកាំង Mattis ​បាន​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​គិតថា ការណ៍​នេះ​មាន​សារៈ​សំខាន់​ដែលយើង​រំឭក​ប្រាប់​ខ្លួន​យើង​ថា ​ប្រសិន​បើ ​មនុស្ស​ល្អ​មិនរួប​រួម​គ្នា​ទេ ​ពួក​មនុស្ស​អាក្រក់​អាច​ធ្វើឲ្យ​ខូចខាត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភពលោក​នេះ។ ហើយ​យើង​ត្រូវ​តែ​តាំងចិត្ត​បញ្ឈប់​បញ្ហា​នេះ​ហើយ​នឹង​ធ្វើ​អ្វីៗ​ដែល​ចាំ​បាច់​ដើម្បី​រក្សា​សន្តិភាព​ និង​សេរីភាព​នេះ​ដល់​មនុស្ស​ជំនាន់​ក្រោយ‍»។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក Mattis បាន​ជួប​លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែលNetanyahu​ និង​លោក​ Avigdor Lieberman ​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង Tel Avivបន្ទាប់​ពី​ជួប​នៅ​សប្តាហ៍​នេះ​ជាមួយ​មេដឹកនាំ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី ​សាអូឌីត ​និង​ប្រទេស​អេហ្ស៊ីប។

នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល Netanyahu​ បាន​មាន​ប្រសាសន៍​ថា ​លោក​ថ្លែង​អំណរ​គុណ​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ ​ចំពោះ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល។

លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល ​Netanyahu​ មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​គិតថា ​នេះ​ជា​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​ការ​ស្វាគមន៍ ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​របស់​មេដឹកនាំ​អាមេរិកាំង ​និងគោល​នយោបាយ​អាមេរិកាំង។ យើង​មាន​តម្លៃ​រួម​ហើយ​ក៏មាន​គ្រោះ​ថ្នាក់​រួម​ដែរ‍»៕

XS
SM
MD
LG