ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ត្រូវ​ការ​ការគាំទ្រ​ពី​អាស៊ាន​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង


រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​នានា​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​គោរព​តាម​សេចក្តី​សម្រេច​ចិត្ត​ទាំង​អស់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដែល​ទាមទារ​ឱ្យ​ខ្លួន​បោះបង់​ចោល​មហិច្ឆតា​បរមាណូ​របស់​ខ្លួន។

ពួក​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​នេះ​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រជុំ​អាស៊ាន​ពិសេស​មួយ​ចាត់ចែង​ដោយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. Rex Tillerson។​

លោក​ Tillerson និង​រដ្ឋបាល​ Trump កំពុង​ស្វះស្វែង​រក​ការ​គាំទ្​រពី​ទ្វីប​អាស៊ី​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស.រ.អា.​ដើម្បី​គាបសង្កត់​ប្រទេស​កូរ៉េ​ខាង​ជើង​ឱ្យ​បញ្ឈប់​ការ​បង្កើន​គ្រឿង​អាវុធរបស់​ខ្លួន​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ខិតខំ​ប្រឹងប្រែង​ផលិត​កាំជ្រួច​មីស៊ីល​មាន​ផ្ទុក​អាវុធ​បរមាណូ​ដែល​អាច​វាយ​ប្រហារ​ស.រ.អា.​បាន។​

ការ​យក​ចិត្ត​ទុក​ដាក់ភាគ​ច្រើន​របស់​ស.រ.អា.​បាន​តម្រង់​ទៅ​រក​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​បំផុត​របស់​កូរ៉េ​ខាង​ជើង។ ក៏​ប៉ុន្តែ​ប្រទេស​ជា​សមាជិក​ទាំង​១០​នៃ​សមាគម​អាស៊ាន​មាន​ទំនាក់ទំនង​ការ​ទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ជំនឿ​ថា​ប្រទេស​ទាំង​នេះ​អាច​ដាក់​ឱ្យ​មាន​គំនាប​សង្កត់​លើ​កូរ៉េ​ខាង​ជើង​ដោយ​មាន​រួម​បញ្ចូល​ទាំង​គំនាប​ខាង​សេដ្ឋកិច្ច​ផង​ដែរ។​

ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​លោក​ Tillerson និង​ពួក​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក៏​បាន​ពិភាក្សា​គ្នា​ដែរ​អំពី​សេចក្តី​ត្រូវ​ការ «ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​អំពី​ការ​អនុវត្ត​ដោយ​ពេញលេញ​ និង​ដោយ​មាន​ប្រសិទ្ធិភាព» នូវ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពី​ឆ្នាំ២០០២​ជាមួយ​ប្រទេស​ចិន​ដែល​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​មាន​លទ្ធផល​ប្រកប​ដោយ​សន្តិវិធី​នៃ​ជម្លោះ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិន​ និង​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​នៃ​សមាគម​អាស៊ាន​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម​ផង​ដែរ បាន​អះអាង​ថា​ផ្នែក​ខ្លះ​នៃ​សមុទ្រ​នេះ​ជា​របស់​ខ្លួន។ ប្រទេស​ទាំង​នេះ​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​ បាន​ប្រើប្រាស់​កម្លាំង​សេដ្ឋកិច្ច​ និង​កម្លាំង​យោធា​របស់​ខ្លួន​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ពួក​គេ៕

XS
SM
MD
LG