ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ច្រានចោល​បណ្តឹង​ប្រឆាំង​លោក​ ហ៊ុន ម៉ាណែត

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

នៅក្នុង​ដីកា​សម្រេច​កាលពី​ថ្ងៃ​ច័ន្ទ​​ដែល​មាន​១៧​ទំព័រ​ហើយ​រៀបរាប់​លម្អិត​ពី​ដំណើរការ​រឿង​ក្តី​នេះ​ដោយ​ផ្អែកលើ​បណ្តឹង​ជំទាស់​របស់​លោក​ ហ៊ុន ម៉ាណែត​នាយរងសេនាធិការ​ចម្រុះ​នៃ​កងយោធ​ពល​​ខេមភូមិន្ទ​​ ដែល​ក្នុង​នោះ​លោក​បាន​អះអាង​ថា​លោក​មិនដែល​បាន​ទទួលដីកា​កោះ​​ទេ។

តុលាការ​សហរដ្ឋ​អាមេរិក​បាន​សម្រេច​តាម​ការស្នើសុំ​របស់​លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត​ក្នុង​ការ​សុំ​ឱ្យ​លើកលែង​បណ្តឹង​ប្រឆាំង​នឹង​លោក​ដោយ​ហេតុផល​ថា​អ្នកប្រគល់​ដីកា​កោះ​មិន​បាន​យក​មក​ឱ្យ​លោក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ទេ។ នេះ​បើ​តាម​ឯកសារ​តុលាការ​ដែលវីអូអេទទួលបាន​នៅ​ថ្ងៃ​អង្គារ​នេះ។

ប៉ុន្តែ​ដើមបណ្តឹង​ប្តេជ្ញា​ថា​នឹង​ដាក់​ពាក្យ​សុំបន្ត​សំណុំរឿង​នេះ​រហូត​ដល់​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅក្នុង​ដីកា​សម្រេច​កាលពី​ថ្ងៃ​ច័ន្ទដែល​មាន​១៧​ទំព័រ​ហើយ​រៀបរាប់​លម្អិត​ពី​ដំណើរការ​រឿង​ក្តី​នេះ​ដោយ​ផ្អែកលើ​បណ្តឹង​ជំទាស់​របស់​លោក​ ហ៊ុន ម៉ាណែត​នាយរងសេនាធិការ​ចម្រុះ​នៃ​កងយោធ​ពលខេមភូមិន្ទ ដែល​ក្នុង​នោះ​លោក​បាន​អះអាង​ថា​លោក​មិនដែល​បាន​ទទួលដីកា​កោះទេ។

ចៅក្រម​ George Wu ​នៃតុលាការ​ជាន់​ទាបប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​បាន​យោង​ហេតុផល​នៃ​ការ​សម្រេច​នេះថាដើមបណ្តឹង​បាន​ខកខាន​មិនអាច​ផ្តល់​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា​លោក​ហ៊ុន ម៉ាណែត​ព្យាយាម​គេច​ពី​ការទទួល​ដីកាកោះ​ឬ​បាន​ដឹង​ពី​ខ្លឹមសារ​នៅក្នុង​ឯកសារ​ដែល​អ្នកប្រគល់ដីកា​ព្យាយាម​ប្រគល់​ថា​ជា​ពាក្យ​បណ្តឹង​ទេ​ហើយដូច្នេះគឺមិន​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃការ​ប្រគល់​ឯកសារ​ដល់​លោក ​ហ៊ុន ម៉ាណែត​ទេ‍។​

សាលក្រម​នេះ​បាន​សម្រេច​ថា៖

«ដោយ​ផ្អែក​តាម​ហេតុផល​ខាងលើ​និង​ការសម្រេច​ក្នុង​ពេល​កន្លងមក​គឺ​តុលាការ​ផ្តល់​ជូន​តាម​ញត្តិរបស់​ចុងចម្លើយ​ម៉ាណែត​ក្នុង​ការ​សុំ​លើកលែង​បណ្តឹង​នេះ​ចោល​និង​ឱ្យ​លោក​រួចផុត​ពី​ចំណាត់ការ​ផ្លូវ​ច្បាប់‍»។​

តុលាការ​ក៏​កំណត់ពេល​ឱ្យ​ភាគី​ដើមបណ្តឹង​និងចុងចម្លើយជួបគ្នា​នៅ​ថ្ងៃទី១ខែ​ឧសភា​ដើម្បី​ពិនិត្យ​មើលរបាយការណ៍​រួមគ្នា​ហើយ​កែសម្រួល​ពាក្យ​បណ្តឹង​ឡើងវិញ។

លោក មាជ សុវណ្ណារ៉ា ​និង​ភរិយា​ជេមី មាជព្រម​ទាំង​កូនស្រី​ទាំងបី​នាក់​របស់​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​លោក​ហ៊ុន ម៉ាណែត​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធ​ពលខេមភូមិន្ទនិង​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៦នៅ​តុលាការ​រដ្ឋ​កាលីហ្វញ៉ា។ បណ្តឹង​នោះ​ចោទប្រកាន់​ពី​ការធ្វើ​ទារុណកម្ម​ អំពើ​ភេរវកម្ម ​ការឃុំឃាំង​ដោយ​ខុសច្បាប់​និង​ការ​វាយ​ធ្វើ​បាប​ជាដើម។ លោកមាជ សុវណ្ណារ៉ា​ដែល​ជា​អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃគណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០ឆ្នាំ​ដោយសារតែ​បាន​ចូលរួម​ក្នុង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ២០១៤​ក្នុង​ពេល​ដែល​មាន​ការជាប់គាំង​នយោបាយ​ក្រោយពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

អ្នកស្រីជេមី មាជបាន​បញ្ជាក់​ថា​អ្នកស្រី សុខចិត្ត​ទទួល​យក​ការសម្រេច​របស់​តុលាការ​ប៉ុន្តែ​សម្តែង​នូវ​ការខកចិត្ត។

«នៅពេល​ដែល​នាង​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ចៅក្រម​គឺ​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​សោកស្តាយ‍»។​

អ្នកស្រី​បន្ថែម​ថា​ដើមបណ្តឹង​នឹង​ព្យាយាម​ប្រគល់​ដីកា​នេះ​ទៅ​លោក​ហ៊ុន​ម៉ាណែត​ម្តង​ទៀត​ពេល​ដែល​លោក​មក​ដល់ទឹកដី​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ខាងមុខ​ហើយ​ក្នុងពេល​ដែល​រង់ចាំ​នេះ​គឺ​ដើម​បណ្តឹង​នឹង​បន្ត​ការប្តឹង​លើ​រាជរដ្ឋាភិបាល​កម្ពុជា។

អ្នកស្រី​បន្ថែម​ថា៖ «ពាក្យបណ្តឹង​ដែល​យើង​ដាក់​ទៅ​គឺ​យើង​ប្តឹង​រដ្ឋាភិបាល​លោក​ហ៊ុនសែន​និង​កូនប្រុសរបស់​គាត់​គឺ​លោក​ហ៊ុនម៉ាណែត។ អីចឹង​ការដែល​យើង​ប្តឹង​ប្រទេស​មួយ​នឹង​ប្រទេស​មួយ​គេ​មិន​អាច​អនុម័ត​ឱ្យ​យើង​ដាក់​នៅក្នុង​រដ្ឋ​កាលីហ្វញ៉ា​នេះ​ទេ។ អីចឹង​យើង​នឹង​ដាក់​ពាក្យ​បណ្តឹងបន្ត​នៅ​ខាង​រដ្ឋធានី វ៉ាស៊ីនតោន​ឌីស៊ី ​ព្រោះគេ​ថា​យើង​ប្តឹង​ប្រទេស​មួយ​នឹង​ប្រទេស​មួយ​គឺប្តឹង​នៅ​តុលាការ​វ៉ាស៊ីនតោន​ឌីស៊ី ​អីចឹង​យើង​នឹង​បង្វែរ​សំណុំរឿង​ហ្នឹង​ទៅរដ្ឋធានី​ វ៉ាស៊ីនតោនឌីស៊ី​នៅពេល​ឆាប់ៗ​នេះ‍»។​

លោក Paul Hayes ​ជា​អ្នកប្រគល់​ដីកាកោះ​ត្រូវបាន​គេ​វាយ​ឱ្យ​របួស​ពេល​ដែល​លោក​ព្យាយាម​ប្រគល់​ឯកសារ​បណ្តឹងដល់​លោក​ហ៊ុន​ ម៉ាណែត​នៅ​ភោជនីយដ្ឋាន​ឡាលូន​កាលពីថ្ងៃទី៩​ខែមេសា​ឆ្នាំមុន។

នៅក្នុង​សវនាការ​ស្តីពី​ភស្តុតាង​ដែល​បាន​បើក​កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍​មុននោះ​មាន​សាក្សី​សំខាន់​ចំនួន​បីនាក់​ដែល​ចូលមក​ឆ្លើយ​បំភ្លឺ​ក្នុង​នោះ​មាន​លោក​សាន គឹមហុង ​និង​លោក​នួន ខាវី ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា។ ក្រុមមេធាវី​ដើមបណ្តឹង​សង្ឃឹម​ថា​នឹង​បញ្ចុះបញ្ចូល​ឱ្យ​តុលាការ​ជឿថា​សាក្សី​ទាំងពីរស្ថិតនៅ​ក្បែរ​លោកហ៊ុន ម៉ាណែត​ក្នុងពេល​ដែល​កើតហេតុ​នោះ​ព្រោះ​សំអាង​លើ​ភស្តុតាង​រូបថត​ដែល​ថតបាន​ដោយ​អ្នក​ចូលរួម​ក្នុង​ពិធី​នោះ។ ប៉ុន្តែ​សាក្សី​ទាំងពីរ​បាន​បដិសេធថាពួក​គេមិន​បានដឹងពី​ការព្យាយាម​ប្រគល់ដីកាកោះ​ឱ្យ​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ាណែត​ទេ។ ហើយ​សាក្សី​ឈ្មោះសានគឹមហុងថែម​ទាំង​បដិសេធ​ថា​ខ្លួន​មិន​ដែល​ស្គាល់​លោកហ៊ុន ម៉ាណែត​ផង។ នេះ​បើតាម​ឯកសារ​របស់​តុលាការ​។

សាលក្រម​បាន​បន្ថែម​ថា៖

«ផ្អែក​លើ​ភស្តុតាង​ដែល​បាន​បង្ហាញ​នៅ​សវនាការ​កាលពី​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០១៧​និង​ដំណើរការ​ផ្សេង​ទៀត​ស្តីពី​ញត្តិ​សូម​ឱ្យ​លើកលែង​ តុលាការ​រក​ឃើញ​ថា​ដើម​បណ្តឹង​បាន​ខកខាន​ក្នុងការ​ផ្តល់​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា​លោកម៉ាណែត ​និង​ភ្នាក់ងារ​ណាមួយ​របស់​គាត់​ដើរ​តួនាទី​ក្នុង​ការវាយ​ប្រហារ​មកលើ​លោ​ក​Hayes ​ឬ​ក៏​ថា​ទាំង​លោក​ម៉ាណែត​និង​ភ្នាក់ងារ​របស់​គាត់​បាន​ដឹង​ថា​លោក​ Hayes ​ព្យាយាម​ប្រគល់​ដីកាកោះ​ទៅ​ឱ្យ​លោក​ម៉ាណែត​ទេ​នៅ យប់​ថ្ងៃទី​៩ខែ​មេសា​ឆ្នាំ​២០១៦‍​នោះ»៕

XS
SM
MD
LG