ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​អាច​បញ្ជូន​ទាហាន​ជាង​១ពាន់​នាក់​ទៀត​ក្នុង​ការ​វាយ​ប្រហារ​របស់​រដ្ឋឥស្លាម​


ក្បួន​រថយន្តបំពាក់​អាវុធ​​របស់​កងកម្លាំង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ដំណើរ​នៅ​ក្បែរ​ភូមិ Yalanli ភាគខាងលិច​ជាយក្រុង​ Manbij ភាគ​ខាងជើង​ប្រទេស​ស៊ីរីកាល​ពី​ថ្ងៃទី០៥ មីនា ២០១៧។

មន្ត្រី​យោធា​ស.រ.អា.ម្នាក់បាន​និយាយ​ប្រាប់ VOAកាលពី​ថ្ងៃ​សុក្រ​ថា​ផែនការ​ថ្មីមួយដោយ​ស.រ.អា.ដើម្បី​ទប់ទល់នឹងពួករដ្ឋឥស្លាម​ នៅ​ក្នុង​ប្រទេសស៊ីរី​និង​ប្រទេស​អ៊ីរ៉ាក់​មាន​ទាក់ទិន​នឹង​ការ​ដាក់​ពង្រាយ​ទាហាន១ពាន់នាក់​ក្នុង​ប្រទេស Kuwait។

ផែនការ​នេះកំពុង​រង់ចាំ​ការ​យល់​ព្រម​ចុងក្រោយ​បង្អស់​ដោយ​រដ្ឋបាលអាមេរិកាំង​ក៏​ប៉ុន្តែពួក​ទាហាន​ស.រ.អា.​មក​ពី​ក្រុមប្រយុទ្ធនៃកងពល​តូចទី​២នៃកងពលធំទី ៨២​សម្រាប់ដឹក​តាម​យន្តហោះ​មាន​មូលដ្ឋាន​នៅ​ក្នុងបន្ទាយFort Bragg រដ្ឋ​ North Carolina បាន​ទទួល​ការ​អនុញ្ញាត​ពីពួក​មេដឹកនាំ​យោធា​ហើយ​សម្រាប់ការ​ដាក់​ពង្រាយ​នេះ នៅ​ពេល​ណា​ដែល​ផែនការ​នេះបានត្រូវ​ចុះ​ហត្ថលេខា​ហើយ​នោះ។

មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ក្រុម​ទាហាន​ទាំងនេះ​នឹង​មាន​សម្រាប់លោក​ឧត្តម​សេនីយនៃ​កងទ័ព​ជើង​គោក Stephen Townsend មេបញ្ជាការ​នៅ​លើដី​នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​រដ្ឋ Islam។​ លោកឧត្តមសេនិយ​រូប​នេះ​នឹង​ដាក់​ពង្រាយ​ទាហាន​ទាំង​នេះនៅ​កន្លែង​នានា​តាម​សេចក្តី​ត្រូវការ។ មន្ត្រី​រូបនេះ​មិន​បាន​ផ្តល់សេចក្តីលម្អិត​ថែម​ទៀត​ទេ​ពី​ព្រោះ​លោក​មិនចង់​និយាយ​ដោយ​ជាក់​លាក់អំពី​បេសកកម្ម​នេះ​ទេ។

ផែនការ​នេះ​មានឡើងនៅ​ពេល​ដែល​ពួកមន្ត្រី​បាន​និយាយ​ប្រាប់ VOAថាពួក​ទាហាន​ជើង​ទឹក​ប្រមាណ​៣រយ​នាក់​បានទៅ​ដល់ប្រទេស​ស៊ីរី​ហើយ​ដើម្បី​ផ្តល់​កម្លាំងបន្ថែម​ដល់​កងកម្លាំង​សម្ព័ន្ធមិត្ត​ក្នុង​ការ​វាយ​បណ្តេញ​កងកម្លាំង​រដ្ឋ​ឥស្លាម​ ចេញ​ពីក្រុង Raqqa ដែល​ជា​រដ្ឋធានី​តាមព្រឹត្តន័យ​របស់​ពូករដ្ឋ​ឥស្លាម​ នៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG