ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិកាំង៖ លោក ហ៊ុន សែន ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឱ្យ​​ត្រឹមត្រូវ​តាម​ការសន្យា


​លោក​ អាឡាំង ឡូវឹនសល ​សមាជិក​សភា​មកពី​រដ្ឋ​កាលីហ្វញ៉ា​ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា (Congressional Cambodia Caucus)។​
​លោក​ អាឡាំង ឡូវឹនសល ​សមាជិក​សភា​មកពី​រដ្ឋ​កាលីហ្វញ៉ា​ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា (Congressional Cambodia Caucus)។​

[កំណត់និពន្ធ៖ ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួនបាន​បង្កើត​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា(Congressional Cambodia Caucus) ​កាលពី​ថ្ងៃទី​១៧ខែ​មីនាឆ្នាំ​២០១៦។ ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​នេះ​ក្រុម​ការងារ​នេះ​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏​ដូច​ជា​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​ឡើង។ ប៉ុន្តែ​បេសកកម្ម​នេះ​បាន​ជួប​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​នៅ​មិន​ទាន់​អាច​ឱ្យ​ពួកគេ​សម្រេច​បាន​កិច្ចការ​ធំៗ​ជាច្រើន​តាម​ការចង់​បាន​នៅឡើយ​ទេ។ សហ​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុម​គឺ​លោក​អាឡាំង ឡូវឹនសល ​សមាជិក​សភា​មកពី​រដ្ឋ​កាលីហ្វញ៉ា​មើលឃើញ​ថា​ សមាជិកសភា​សហរដ្ឋ​អាមេរិក​ត្រូវតែរិះរក​វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត​ដើម្បី​ជួយ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ក្នុង​នោះ​មាន​ការទាមទារ​ឱ្យរដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ប្រកប​ដោយ​សេរី​និង​ត្រឹមត្រូវ។ ខាង​ក្រោម​នេះ​ជា​បទសម្ភាស​រវាង​លោក​ម៉ែន គឹមសេង​នៃ​ VOA​ជាមួយ​នឹង​លោក​អាឡាំង​ ឡូវឹនសល។]

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖សូម​អរគុណ​លោក​ដែល​យល់​ព្រម​ផ្តល់​បទសម្ភាសន៍​ដល់​VOA។ នៅខែ​នេះ​គឺ​ជា​ខួប​លើក​ទីមួយ​នៃ​ការ​បង្កើតក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ (Congressional Cambodia Caucus)។ ដូច្នេះ​តើ​អ្វី​ទៅ​ជា​សមិទ្ធិផល​ដែល​ក្រុម​សមាជិក​សភា​សម្រេច​បាន​កន្លង​មក​នេះ?

លោក​អាឡាំង ឡូវឹនសល៖ ក្រុម​សមាជិក​សភា​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ហើយ​ក៏​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​យើង​បាន​ធ្វើ។ ក្រុម​យើង​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១៧​ខែ​មី​នា​ឆ្នាំ​មុន​ដោយ​មាន​សកម្មភាព​ដំបូង​គឺ​ជួប​ជាមួយ​នឹង​លោកWilliam Heidt ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ នៅ​ពេល​នោះ ​លោក​ឯកអគ្គរដ្ឋ​ទូត​ផ្តល់​ព័ត៌មាន​ចុងក្រោយ​ឱ្យ​យើង​ដឹងពី​ស្ថានភាព​នយោបាយ​កម្ពុជា​ហើយ​យើង​ក៏​ចាប់ផ្តើម​សម្តែង​ប្រាប់​លោក​ឯកអគ្គរដ្ឋទូត​ពីការព្រួយបារម្ភ​របស់​យើង​ពី​ស្ថានភាព​នយោបាយ​ដែល​បន្ត​ធ្លាក់​ចុះ។ ក្តី​សង្ឃឹម​របស់​យើង​ចង់​បាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ ហើយ​ឱ្យលោក​(ឯកអគ្គរដ្ឋទូត) ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ដល់​ពលរដ្ឋ​កម្ពុជា។ នោះ​គឺជា​កិច្ច​ការ​ដំបូង​ដែល​យើង​បាន​ធ្វើ។

បន្ទាប់​ពី​នោះ​យើង​ក៏​បាន​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​លោកសមរង្ស៊ី។ យើង​ចង់​ដឹង​ដោយផ្ទាល់​ពី​លោក​សមរង្ស៊ី​ថា​ស្ថានភាព​គាត់​យ៉ាងម៉េច​ដែរ​ដែល​មិន​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​បាន​អីចឹង។ បន្ទាប់​ពី​នោះ​ក្រុម​យើង​ក៏​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​លោក​កឹម​សុខា​ដែល​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ស្ថានភាព​ដែល​កាន់តែ​អាក្រក់​ជាពិសេស​ការ​ឃុំ​ខ្លួន​គាត់​នៅ​ក្នុង​ទីស្នាក់ការ។

បន្ទាប់​មក​ទៀត​យើង​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​លេខ​៧២៨​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ដោយ​សំឡេង​ឯកច្ឆ័ន្ទ​កាលពី​ខែ​កញ្ញា​ឆ្នាំមុន។ នៅក្នុង​នោះ​យើង​និយាយ​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​និង​អ្វី​ដែល​បាន​កើត​មានឡើង​ក្នុង​ការបោះឆ្នោត​កាលពី​ពេល​មុន ​ការខិតខំ​ធ្វើការ​របស់​យើង​សម្រាប់​កម្ពុជា​និង​ការគាបសង្កត់​ក្នុង​ពេល​កន្លង​មក​ហើយ​យើង​បាន​អំពាវនាវ​តាម​រយៈ​សេចក្តី​សម្រេច​ចិត្ត​នោះ​ដែរ​ឱ្យ​លុបចោល​ដីការ​ចាប់​ខ្លួន​លោក​សមរង្ស៊ី ​ហើយ​អនុញ្ញាត​ឱ្យ​សមាជិក​សភា​ដទៃ​ទៀត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​មិន​ភ័យ​ខ្លាច​ពីការ​ចាប់​ខ្លួន។

នៅពេល​នោះ ​យើង​ក៏​បាន​និយាយ​ដល់​ការបាញ់​សម្លាប់​លោកកែមឡី​ដែល​ជា​អ្នក​វិភាគសង្គម។ យើង​សម្តែង​ការខក​ចិត្ត​របស់​យើង​នៅក្នុង​សេចក្តី​សម្រេចចិត្ត​នោះ​ហើយ​យើង​ផ្តល់​ដំណោះស្រាយ​ថា​សហរដ្ឋ​អាមេរិក​ត្រូវ​ជួយ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ យើង​ក៏​បាន​ថ្កោសទោស​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ជាពិសេស​ការរំលោភ​សិទ្ធិ​មនុស្ស​ហើយ​យើង​បាន​អំពាវនាវឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​និង​សិទ្ធិ​ពលរដ្ឋ​ក៏​ដូច​ជា​ឱ្យ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹង​ប្រែង​កែទម្រង់​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា។ យើង​ស្នើ​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ដោយ​យើង​ស្នើ​ឱ្យ​មាន​ការ​ចូលរួម​សង្កេត​ការណ៍​ពី​សហគមន៍អន្តរជាតិ។ យើង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​រាល់​ការ​យាយី​រំខាន​សកម្មជន​គណបក្ស​ប្រឆាំង​ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង។ កិច្ច​ការ​នោះ យើង​បាន​ធ្វើ​នៅ​ខែ​កញ្ញា។

ខ្ញុំ​តំណាង​ឱ្យ​ក្រុម​សមាជិក​សភា​ក៏​បាន​សរសេរ​លិខិត​ទៅប្រាប់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន​ពី​សេចក្តី​សម្រេច​ចិត្ត​ដែល​រដ្ឋ​សភា​បាន​អនុម័ត​ហើយ​ស្នើ​សុំ​រដ្ឋាភិបាល​របស់​លោក​ឱ្យ​បញ្ចប់​ការ​យាយី រំខាន​និង​ការធ្វើ​ទុក្ខ​បុកម្នេញ​នានា។ ជាពិសេស​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា​ខាងមុខ​និង​ការ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​២០១៨។

តាង​នាមឱ្យ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ កាលពី​ខែកុម្ភៈ​ខ្ញុំ​និង​សហប្រធាន​គឺ​លោក​ស្ទីវ​ ឆាបុត​ក៏​បាន​សរសេរ​លិខិត​មួយ​ទៅ​រដ្ឋ​មន្ត្រី​ការបរទេស​ថ្មី គឺ​លោក​ Rex Tillerson ​បញ្ជាក់​ពី​ការវិវត្តន៍​ដែល​យើង​ឃើញ​កើត​មាន​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​បញ្ជាក់​ប្រាប់​លោក​រដ្ឋ​មន្ត្រី​ថ្មី​ពី​ការអនុម័ត​សេចក្តី​សម្រេច​ចិត្ត​លេខ​៧២៨​ដែល​គាំទ្រ​ដល់​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​ក៏​ព្រួយ​បារម្ភ​ពី​ច្បាប់​ថ្មី​ដែល​ហាមឃាត់​លោកសមរង្ស៊ី​មិន​ឱ្យ​ដឹកនាំ​គណបក្ស​នយោបាយ។ ដូច្នេះ​យើង​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ណាស់។

នៅ​ឆ្នាំ​នេះ​លោក​ឆាបុត​និង​ខ្ញុំ​នឹង​ជួបគ្នាក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ត្រូវ​ចាត់វិធានការ​យ៉ាងម៉េច​ទៀត។ ជាការពិត​យើង​ចង់​ជំរុញ​ឱ្យ​មាន​អ្នកសង្កេតការណ៍​នៅពេល​បោះឆ្នោត​ព្រោះ​យើង​ព្រួយបារម្ភ​ថា​អ្នកដឹកនាំ​នេះ​ដូច​ជា​មិន​ចង់​ជំរុញ​ឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ទេ។ ​

យើង​សប្បាយ​រីករាយ​ខ្លាំងណាស់​ដែល​ក្នុង​ឆ្នាំ​កន្លង​មក​នេះ​ចាប់តាំងពី​ការបង្កើត​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​មក​ឥឡូវនេះ​សមាជិក​សភា​គ្រប់គ្នា​នៅ​ក្នុង​រដ្ឋសភា​យល់​ដឹង​ថា​មាន​ស្ថានភាព​នយោបាយធ្ងន់ធ្ងរ​កំពុង​កើត​មានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែតម្រូវ​ស្ថានការណ៍​នោះ​ដោយ​អនុញ្ញាត​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​ដូច​ការព្រមព្រៀងគ្នា​កាលពី​ឆ្នាំ​២០១៣‍។​

VOA៖ សូមអរគុណ​លោក​ដែល​បាន​ផ្តល់​ព័ត៌មាន​ថ្មីៗ​ដល់​VOA។ ដូច​លោក​បាន​មាន​ប្រសាសន៍​ហើយ​ថា​មិន​ត្រឹម​តែ​មិន​អនុញ្ញាត​ឱ្យ​លោកសមរង្ស៊ី​បាន​វិលត្រឡប់​ទៅ​ប្រទេស​វិញ​ដោយ​គ្មាន​ទោសពៃរ៍​ទេ​ គណបក្ស​កាន់​អំណាច​ថែម​ទាំង​ធ្វើ​ច្បាប់​ដែល​ហាមឃាត់​លោក​សមរង្ស៊ី​មិន​ឱ្យ​ដឹកនាំ​គណបក្ស​បាន​ទៀត។ គណបក្ស​ប្រឆាំង​នៅពេល​នេះ​មាន​លំហរ​ប្រតិបត្តិ​ការ​កាន់តែ​រួមតូច​។ តាម​រយៈ​សារបែកធ្លាយ​ក្នុង​ពេល​ថ្មីៗ​នេះ លោក​ហ៊ុន សែន​បាន​បង្ខំ​ឱ្យ​លោក​កឹម សុខា​ធ្វើ​បក្ស​ប្រហារដោយ​យក​រឿងក្តីក្តាំ​នៅ​តុលាការ​មកគាបសង្កត់។ ដូច្នេះ​តើ​សហរដ្ឋ​អាមេរិក​គួរ​តែ​ធ្វើ​យ៉ាង​ណា​ទៀត​ដើម្បី​ធានា​ឱ្យ​មាន​បរិយាកាស​នយោបាយ​មួយ​ស្មើ​គ្នា​បាន?

លោក អាឡាំង​ឡូវឹនសល៖ ជា​ការពិត​ហើយ​។ លោក​និយាយ​ត្រូវ​ហើយ។ នេះ​គឺជា​អ្វី​ដែល​លោក​សមាជិក​សភា​ឆាបុត​និង​ខ្ញុំ​សម្រេច​ថា​យើង​ត្រូវ​តែ​ជួប​ប្រជុំ​គ្នា​ឱ្យ​បាន​ឆាប់ៗ​ជាមួយ​នឹង​បុគ្គលិក​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​អ្វី​មួយ​ ​ព្រោះ​ស្ថានភាព​បាន​ដើរ​មកដល់​ចំណុច​សំខាន់​មួយ​ហើយ។ បញ្ហា​នៅ​ត្រង់​ថា​តើ​សហរដ្ឋ​អាមេរិក​អាច​នឹង​ធ្វើ​អ្វី​បាន? យើង​បាន​ជម្រាប​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ហើយ។ នៅ​សប្តាហ៍​កន្លង​មក​នេះ​យើង​បាន​ឮ​ការ​សន្ទនា​ជាមួយ​នឹង​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​របស់​រដ្ឋមន្ត្រី​ការបរទេស​អំពី​ទំនាក់​ទំនង​កាន់​តែ​អាក្រក់​នេះ‍»។

ស្ថានភាព​អាក្រក់​ខ្លាំង​ណាស់​ ពិត​ជា​មានការ​វាយ​ប្រហារ​ដោយ​ចំហរ​ពីលោកនាយករដ្ឋ​មន្ត្រី​ហ៊ុន​សែន​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​អាច​ឱ្យ​ពួកគេ​ធ្វើ​ជា​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំង​បាន‍។​ យើង​នឹង​ទទួល​យក​ព័ត៌មាន​ពី​គ្រប់​ភាគី​ហើយ​សម្រេច​លើ​ជំហាន​បន្ទាប់​របស់​យើង​ទៀត។ ជាការពិត​ការព្រួយ​បារម្ភ​ខ្លាំង​របស់​យើង​គឺ​ការរៀបចំ​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ។ យើង​នឹង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​អ្វី​ដែល​ពួកគេ​បាន​សន្យា​កាលពីឆ្នាំ​២០១៣​ក្នុងការ​រៀបចំ​ការបោះឆ្នោត​មួយ​ដោយសេរី​និង​ត្រឹមត្រូវ។ នេះ​ជា​ជំហាន​បន្ទាប់​របស់​យើង។

VOA៖ ​សូម​អរគុណ​លោក​ដែល​បាន​រៀបរាប់​ពី​ចំណុច​ទាំងអស់​នេះ។ តើ​ជំនួស​ឱ្យ​ការណ៍​ដែល​គ្រាន់តែ​ចេញ​សេចក្តី​ថ្លែងការណ៍​សម្តែង​ការព្រួយបារម្ភ ​តើ​លោក​អាចរៀបរាប់​ពី​វិធានការ​ជាក់​លាក់​ណា​មួយ​ ឬ ​ពីរ​ដែល​ក្រុម​សមាជិក​សភា​អាច​នឹង​ចាត់​វិធានការ​ដើម្បី​ឱ្យ​លោក​ហ៊ុន សែន​ស្តាប់​សហរដ្ឋ​អាមេរិក​ច្រើន​ជាងមុន?

លោក​អាឡាំង ឡូវឹនសល៖ ក្នុង​ពេល​កន្លង​មក​សហរដ្ឋ​អាមេរិក​ក៏​ដូច​ជា​ប្រទេស​ដទៃ​ទាំង​សម្រាប់​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត​បាន​ចាប់​ផ្តើម​ចងភ្ជាប់​ជំនួយ​ដើម្បី​ឱ្យ​ប្រទេស​នានា​គោរព​តាម​កិច្ច​ព្រមព្រៀង​របស់​គេ។ ដូច្នេះ​នេះ​គឺ​ជា​អ្វី​ដែល​យើង​នឹង​ពិភាក្សាសម្រាប់​ជំហាន​បន្ទាប់​ដូចដែល​លោក​បាន​លើកឡើង​ក្រៅពី​សម្តែង​ការព្រួយ​បារម្ភ​ក្នុង​នាម​ជា​ប្រទេស​មួយ​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​ ឬ​ទៅ​ឯកអគ្គរដ្ឋ​ទូត​របស់​យើង ​និង​បញ្ជាក់​ទៅ​លោកហ៊ុន សែន​ថា​នេះ​គឺជា​គោលនយោបាយ​របស់​យើងហើយ​បើ​នៅតែ​មិន​ដំណើរការ​ទៀត​គឺ​យើង​នឹង​ស្វែងរក​គ្រប់​លទ្ធភាព​ដែល​មាន​ដូច​ជា​ដាក់​លក្ខខណ្ឌ​លើ​ជំនួយ​ដែល​យើង​ធ្លាប់​ផ្តល់​ជូន​កន្លងមក។ ខ្ញុំ​មិន​គិត​ថា​តើ​វាដំណើការ​ឬយ៉ាងណាទេ​ប៉ុន្តែ​យើង​នឹង​ដាក់​លក្ខខណ្ឌ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ធ្វើ​តាម​អ្វី​ដែល​ជា​ការទទួល​ខុសត្រូវ​របស់​ខ្លួន។ យើង​មិន​ទាន់​ធ្វើ​អីចឹង​នៅឡើយ​ទេ​ប៉ុន្តែ​យើង​នឹង​ពិនិត្យ​មើល​ថា​តើ​ក្រុម​សមាជិក​សភា​នឹង​ត្រូវ​ដើរផ្លូវ​មួយ​នេះ​ឬ​យ៉ាងណា ​ប៉ុន្តែ​យើង​ពិតជា​នឹង​ពិភាក្សា​លើ​បញ្ហា​នេះ។

VOA៖ ទោះបី​ជា​មានការ​រឹតបន្តឹង​ប៉ុន្តែ​សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា​គណបក្ស​ប្រឆាំង​កំពុង​តែ​កើនឡើង​ប្រជាប្រិយ៍ភាព។ ប្រសិនបើ​ការបោះឆ្នោត​ជាតិ​លើក​ក្រោយ​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត​តើ​សហរដ្ឋ​អាមេរិក​អាច​នឹង​ជួយ​យ៉ាងម៉េច​បាន​ដើម្បី​ធានា​ឱ្យ​មាន​ការផ្ទេរ​អំណាច​ដោយសន្តិវិធី?

លោកអាឡាំង ឡូវឹនសល៖ ដូច​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាងដើម​ហើយ​ថា​យើង​ត្រូវ​តែ​មាន​អ្នក​សង្កេតការណ៍ ​អន្តរជាតិ​និង​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ដើម្បី​សម្រេច​លើ​ដំណើរការ​នោះ។ ហើយ​អ្វី ដែល​លោក​សួរនោះ​គឺ​ថា​បើ​សិន​ជា​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ហើយ​ប៉ុន្តែ​ត្រូវ​គេ​បដិសេធ​មិន​ប្រគល់​អំណាច។ ​នោះគឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ហើយ​ចំពោះ​រដ្ឋាភិបាល​នោះ​ហើយ​បើ​យើង​មាន​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ហើយ​បាន​និយាយ​ដោយ​ច្បាស់​ថា​នោះ​គឺ​ជា​អ្វី​ដែល​បាន​កើត​មាន​ឡើង​ខ្ញុំ​អាចប្រាប់​លោក​បាន​ថា​សភាជាតិ​នឹង​ចាត់​វិធានការ​ជាច្រើន​ព្រោះ​វា​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់។

VOA៖ ​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​មាន​វោហាសាស្រ្ត​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ជាច្រើន​ចេញ​មកពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​និង​អ្នក​គាំទ្រ​របស់​គាត់​ជាពិសេស​ពាក់​ព័ន្ធ​នឹង​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក។ តើ​សភាសហរដ្ឋ​អាមេរិក​នឹង​គិត​គូ​ចរចា​ឡើង​វិញ​ទេ​ហើយ​ជា​កាយវិការ​ល្អ​គឺគួរលុប​បំណុល​ទាំង​នោះ​ចោល?

លោក​អាឡាំង ឡូវឹនសល៖ លោក​សួរ​សំណួរ​ដែល​យើង​ខ្ញុំ​នឹង​សួរ​ខ្លួន​ឯង​ដែរ។ យើង​មិន​អាច​ឆ្លើយ​ថា​ព្រម​ឬ​មិនព្រម​ទេ​ប៉ុន្តែ​នឹង​មាន​ការពិភាក្សា​ពី​បញ្ហា​នេះ​ហើយ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​នឹង​ពិភាក្សា​ពី​បញ្ហា​នេះ។ ខ្ញុំ​មិន​អាច​និយាយ​ថា​យើង​នឹង​ចរចា​ពី​បំណុល​នេះ​ឡើង​វិញឬបង្ខំ​ពួកគេ​ឱ្យ​សង​យើង​ទេ​។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​យើង​នឹង​ពិភាក្សា​ពី​បញ្ហា​ទាំងនោះ​ដើម្បី​មើល​ថា​តើ​នោះ​ជា​ដំណាក់ការ​សមរម្យ​សម្រាប់​ជំហាន​បន្ទាប់​ឬទេ។​ ប៉ុន្តែ​យើង​នៅតែ​សង្ឃឹម​ថា​លោក​ហ៊ុន សែន​នឹង​អនុញ្ញាត​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​។ គាត់​ជំពាក់​ពលរដ្ឋ​កម្ពុជា​ដោយ​ត្រូវ​បំពេញ​តាម​អ្វី​ដែល​គាត់​បាន​សន្យា​។ គាត់​បាន​សន្យា ​ដូច្នេះ​គាត់​ជំពាក់​ពលរដ្ឋ​កម្ពុជា​គឺ​មិនមែន​សហរដ្ឋ​អាមេរិក​តែមួយ​ទេ។ ហើយ​យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​គាត់​ធ្វើ​តាម​ការសន្យា​នោះ។

VOA៖ តើ​លោក​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​យ៉ាង​ណា​ទៀត​ដើម្បី​ជួយ​ដល់​ដំណើរការ​ទាំងអស់​នេះ?

លោក​អាឡាំង​ ឡូវឹនសល៖ ពួកគេ​ត្រូវ​ចូលរួម​ធ្វើ​សកម្មភាព។ ពួកគេ​ត្រូវ​តែ​សរសេរ​លិខិត​ទៅ​សមាជិក​សភា​របស់​ពួកគេ​។ ពួកគេ​ត្រូវ​តែ​ពិភាក្សា​ក្នុង​សហគមន៍​ខ្មែរ​ពី​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើងនៅក្នុង​ប្រទេស​កម្ពុជា។​ពួកគេ​ត្រូវ​បង្ហាញ​ពី​តម្រូវការ​និង​ប្រាប់​ឱ្យ​សមាជិក​សភារបស់​គេ​ដឹង​ពី​ស្ថានភាព​កម្ពុជា។

ឥឡូវនេះ​យើង​មាន​ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ដែល​ដឹង​ពី​បញ្ហា​នេះ​។ សមាជិក​សភាដទៃទៀត​មាន​កិច្ចការ​ជាច្រើន​ដែល​គេ​ត្រូវ​ដោះស្រាយ​ហើយ​បើ​អ្នកបោះឆ្នោត​មិន​បាន​ប្រាប់​ពួកគេ​ឱ្យ​ដឹង​ទេ​គឺ​គេ​មិន​ដឹង​ពី​ស្ថានភាព​នោះ​ហើយ​ត្រូវ​ជួយ​ដល់​កម្ពុជា​ទេ។ ឥឡូវនេះ​លោក​ឆាបុត​ហើយ​នឹង​ខ្ញុំ​មិន​អាច​ទាមទារ​អស់​ទេ។​ បញ្ហា​ទាំងអស់​នេះ​ត្រូវតែ​ចេញពី​សហគមន៍​ខ្មែរ​អាមេរិកាំង​ផងដែរ​ដោយ​ប្រាប់​សមាជិកសភា​របស់​អ្នក​នូវ​បញ្ហា​ដែល​លោ​កបាន​ចោទ​សួរ​គឺ​ថា​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​បែបណា។ តើ​យើង​នឹង​ចាត់​ការ​យ៉ាង​ណា​លើ​រដ្ឋាភិបាល​មួយ​ដែល​មិន​គោរព​តាម​ការ​សន្យា​ហើយថា​តើ​យើង​នឹង​ត្រូវ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​នោះ​ដូច​ធម្មតា​ឬ​ក៏​ត្រូវ​ដាក់​ទណ្ឌកម្ម។ ទាំងអស់​នេះ​គឺ​មិន​ត្រូវ​ចេញតែ​ពី​ខ្ញុំ​និង​លោកឆាបុត​ទេ​គឺ​ត្រូវ​ចេញ​ពី​សហគមន៍​ខ្មែរ​ផង​ដែរ។

VOA៖ សូម​អរគុណ​លោក​អាឡាំង​ ឡូវឹនសល​ដែល​បាន​ផ្តល់​បទសម្ភាស​ដល់​VOA។​

លោក​អាឡាំង ឡូវឹនសល៖ សូម​អរគុណ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ជជែក​នឹង​លោក៕

XS
SM
MD
LG