ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​អាមេរិក​ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​ការ​ផ្តល់​ការងារ​ដល់​ជន​ភៀស​ខ្លួន​និង​ការ​កាត់​បន្ថយ​ការ​បំពុល​សមុទ្រ


ក្រុម​ការងារ​ក្រុម​ហ៊ុន​ Andela កំពុង​ធ្វើ​ការ​លើ​គម្រោង​មួយ​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ឆ្នាំ​២០១៦។
ក្រុម​ការងារ​ក្រុម​ហ៊ុន​ Andela កំពុង​ធ្វើ​ការ​លើ​គម្រោង​មួយ​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ឆ្នាំ​២០១៦។

ក្រុម​ហ៊ុន​ទាំង​នេះ​រួម​មាន​ ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​ដែល​បាន​រើស​បុគ្គលិក​ស្ត្រី​និង​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​និង​ក្នុង​ប្រទេស​អាល្លឺម៉ង់​មក​ចូល​ធ្វើ​ការ ​ក្រុម​ហ៊ុន​មួយ​ដែល​បាន​បណ្តុះ​បណ្តាល​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ​រាប់​រយ​នាក់​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​និង​ប្រទេស​កេនយ៉ា ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​បាន​ដំណើរការ​កម្មវិធី​កែច្នៃ​ឡើង​វិញ​ក្នុង​ប្រទេស​ឈីលី​និង​ហ្វីលីពីន​ និង​ក្រុម​ហ៊ុនរុក​រក​រ៉ែ​មួយ​ដែល​ជំរុញ​ឲ្យ​មាន​តម្លាភាព​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ប្រទេស​ប៉េរូ។

កម្មវិធី​ផ្តល់​ពាន​រង្វាន់​នេះ​ បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៩ ​និង​បាន​កត់​សម្គាល់​អាជីវកម្ម​ទាំង​ឡាយ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព តម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​អនុវត្ត​ការងារ​ប្រកប​ដោយ​សីលធម៌​នៅ​បរទេស។

លោក​ Antony Blinken អនុ​រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​កាល​ពីថ្ងៃទី​៥ ខែ​មករា នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ដោយ​៩៥​ភាគរយ​នៃ​អ្នក​ប្រើប្រាស់​ទូទាំង​ពិភព​លោក​នៅ​ក្រៅ​ប្រទេស​របស់​យើង​ យើង​ពិត​ជា​មាន​មោទនភាព​ណាស់​ចំពោះ​ទង្វើ​គំរូ​ដែល​ក្រុម​ហ៊ុន​ទាំង​នេះ​កំពុង​អនុវត្ត​និង​ការ​បេ្តជ្ញាចិត្ត​របស់​ពួក​គេ​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្តង់ដារ​ខ្ពស់​បំផុត​ ដើម្បី​ការពារ​បុគ្គលិក​ អភិរក្ស​បរិស្ថាន​ ជំរុញ​ការ​ច្នៃ​ប្រឌិត ​និងការពារ​កម្មសិទ្ធិ​បញ្ញា»។

ការងារ​ល្អ​

ក្នុង​ចំណោម​អ្នក​ទទួល​ពាន​រង្វាន់​ក្នុង​ឆ្នាំ​នេះ មាន​ក្រុម​ហ៊ុន​ Interface ​ដែល​ជា​ក្រុមហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង Atlanta។ ក្រុមហ៊ុន​នេះ​ផលិត​កម្រាល​ព្រំ​និង​កម្រាល​ឥដ្ឋ​ដែល​អាច​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​សមុទ្រ​ក្នុង​តំបន់​ឆ្នេរ​នៅ​ប្រទេស​ហ្វីលីពីន។

គម្រោង​ Net-Works ​ដែល​បាន​ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន​ Interface ​«ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​សហគមន៍​តាម​ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​ប្រមូល​ និង​លក់​សំណាញ់​ចាប់​ត្រី​ធ្វើ​ពី​នីឡុង​ដែល​គេ​ឈប់​ប្រើ​ប្រាស់​ ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ដក​សំណាញ់​ទាំង​នោះ​ចេញ​ពី​មហា​សមុទ្រ​ ជា​ទី​ដែល​សំណាញ់​ទាំង​នោះ​បាន​បំផ្លិច​បំផ្លាញ​ជីវៈ​នានា​ក្នុង​សមុទ្រ»។​ នេះ​បើ​យោង​តាម​លោកស្រី Erin Meezan នាយក​ផ្នែក​ចីរភាពរបស់​ក្រុម​ហ៊ុន​នេះ។​ លោកស្រី​បាន​បន្ត​ថា៖ «សំណាញ់​ទាំង​នេះ​ត្រូវ​បាន​លក់​បន្ត​ឲ្យ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សាកល ​ហើយ​កែច្នៃ​ទៅ​ជា​អំបោះ​សម្រាប់​ធ្វើ​ជា​កម្រាល​ព្រំ»។

ចាប់​តាំង​ពី​ឆ្នាំ ២០១២​ មក ​គម្រោង​ Net-works ​បាន​ប្រមូល​សំណាញ់​ដែល​គេ​ឈប់​ប្រើ​ជាង​ ១០០​តោន​សម្រាប់​ធ្វើ​ការ​កែច្នៃ​ ដែល​ចំនួន​នេះគ្រប់​គ្រាន់​សម្រាប់​រុំ​ព័ទ្ធ​ជុំ​វិញ​ផែន​ដី​ដល់​ទៅ​២​ដង។​

ការ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល

នៅ​ទ្វីប​អាហ្រ្វិក​ ក្រុម​ហ៊ុន​ Andela​ ដែល​ជា​ក្រុម​ហ៊ុន​មួយ​បណ្តុះ​បណ្តាល​វិស្វករ​កម្មវិធី​កុំព្យូទ័រ​ ​បណ្តុះ​បណ្តាលបាន​អ្នក​បង្កើត​កម្មវិធី​ចំនួន​ ២៥០​នាក់នៅទូទាំង​ទីក្រុង​ Lagos នៃ​ប្រទេស​នីហ្សេរីយ៉ា​ និង​ទីក្រុង​ណៃរ៉ូប៊ី​ នៃ​ប្រទេស​កេនយ៉ា​ នៅ​ការិយាល័យ​កណ្តាល​នានា​ និង​បាន​បញ្ជូន​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ​របស់​ខ្លួន​ជាង ​១០០​នាក់​ទៅ​កាន់​ក្រុម​ហ៊ុន​ដៃ​គូ​ ក្នុង​ឆ្នាំ​២០១៦។

ក្រុមហ៊ុន ​Andela​ នេះ​បាន​ទទូល​ពាន​រង្វាន់​សម្រាប់​សហគ្រាស​របស់​ខ្លួន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។​

ក្រុមហ៊ុន ​McDonald ​នៅ​ប្រទេស​អាល្លឺម៉ង់​ ឬ ​McDonald's Deutschland ក៏​ត្រូវ​បាន​ទទួល​ស្គាល់ដែរ​ ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​ជន​ភៀស​ខ្លួន​ទៅ​ក្នុង​សង្គម និង​កម្លាំង​ពលកម្ម​របស់អាល្លឺម៉ង់។​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥ ​មក​ ក្រុមហ៊ុន McDonald​ បាន​ជួល​បុគ្គលិក​ជា​ជន​ភៀស​ខ្លួន​ជាង​ ៩០០​នាក់​ឲ្យ​ធ្វើ​ការ​ក្នុង​ហាង​ McDonald ​ចំនួន​ ១៥០០ កន្លែង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ហើយ​ក្រុម​ហ៊ុន​នេះ​ក៏​បាន​ចាប់​ដៃ​ជា​មួយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុង​ការ​ផ្តល់​វគ្គ​សិក្សា​ភាសា​ចំនួន​ ២០.០០០​វគ្គ​សម្រាប់​ជន​ភៀស​ខ្លួន៕

កម្មវិធី​ផ្តល់​ពាន​រង្វាន់​នេះ ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ការិយាល័យ​ផ្នែក​សេដ្ឋកិច្ច​ និង​កិច្ចការ​ពាណិជ្ជកម្ម​របស់​ក្រសួង​ការបរទេស​អាមេរិក៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ

XS
SM
MD
LG