ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក៖ កង​កម្លាំង​សម្ព័ន្ធ​មិត្ត​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង Mosul


ក្រុម​ជួយ​សង្គ្រោះ​ជន​ស៊ីវិល​រើ​កម្ទេច​ផ្ទះ​សម្បែង​ដើម្បី​យក​សាកសព​មនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្នុង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​អាកាស​មួយ ដែល​អ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​និយាយ​ថា បាន​សម្លាប់​ជន​ស៊ីវិល​ច្រើន​ជាង ១ រយ​នាក់ ក្នុង​អំឡុង​ពេល​វាយ​ប្រយុទ្ធ​ដើម្បី​ដណ្ដើម​យក​ទីក្រុង Mosul ពី​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​ទទួល​ស្គាល់​អំពី​រឿង​នេះ។

ប៉ុន្តែ នៅ​ថ្ងៃ​អាទិត្យ​នេះ ជន​ស៊ីវិល​ខ្លះ​បាន​និយាយ​ថា គ្រាប់​ផ្ទុះ​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​ធំ​មួយ​គ្រឿង ដែល​បំផ្ទុះ​ដោយ​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​នៅ​តំបន់​នោះ យ៉ាង​ហោច​ណាស់ ប្រហែល​ជា​រួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​មួយ​ចំនួន​នៅ​ក្នុង​អាគារ​នានា។

ជា​រួម​មក អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង Mosul ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ គឺ​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ណាស់។

ការ​ប្រកាស​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បញ្ជាក់​កាល​ពី​ពេល​ព្រឹក​ថ្ងៃ​ដដែល​នោះ​ថា ខ្លួន​នឹង​បញ្ឈប់​ការ​វាយ​ប្រហារ​ដណ្ដើម​យក​ទីក្រុង Mosul ពី​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​នេះ​ជា​បណ្ដោះ​អាសន្ន ក្រោយពី​មាន​ការ​រាយការណ៍​ថា មាន​ជន​ស៊ីវិល​ជា​ច្រើន​បាន​ស្លាប់ និង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​កង​កម្លាំង​សន្តិសុខ​មួយ​រូប។

សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ខ្លួន​ចាប់ផ្ដើម​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ចំនួន​អ្នក​ស្លាប់ និង​របួស​របស់​ជន​ស៊ីវិល​ជា​ផ្លូវការ​មួយ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ បាន​សម្លាប់​ជន​ស៊ីវិល​ច្រើន​ជាង ១ រយ​នាក់ នៅ​ក្នុង​តំបន់ Jidideh ក្នុង​ទីក្រុង Mosul៕

XS
SM
MD
LG