ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​សហជីព​ថាការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជួប​សម្ពាធ​បើ​អ្នក​នយោបាយ​ចូល​ពាក់ព័ន្ធ


រូបឯកសារ៖ កម្មករ​ម្នាក់​គប់​ដុំ​ថ្ម​ទៅ​កាន់​សមត្ថកិច្ច​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​នៅ​រោង​ចក្រកាត់ដេរ​​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺកាល​ពីខែ​មិថុនា ឆ្នាំ២០១៣។

គ្រា​ដែល​ក្រុម​សហជីព​ កំពុង​ធ្វើការ​ចរចា​ជាមួយ​ថៅកែ​រោង​ចក្រដើម្បី​​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ឲ្យ​ដល់​ជិត​ ១៨០​ដុល្លារ​ក្នុង​មួយខែសម្រាប់​កម្មករក្នុង​ឧស្សាហកម្ម​កាត់​ដេរ​​នោះ​ លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​បញ្ចេញ​សារ​នយោបាយ​គាំទ្រ​ការ​ទាម​ទារ​ដែល​លោក​ជឿ​ថា​ អាច​ធ្វើ​បាន​​ និង​សមស្រប​ដល់​ជីវភាព​ប្រចាំ​ថ្ងៃរបស់​កម្មករ​​។​

​ក្រុម​មេដឹក​នាំ​សហជីព​និយាយ​ថា​ អ្នក​នយោបាយ​មិន​គួរ​ភ្ជាប់​ខ្លួន​មក​លើ​ដំណើរ​ការ​ចរចា​ប្រាក់​ឈ្នួលនេះ​ឡើយ​ ហើយ​ថា កម្មករ​អាច​រង​សម្ពាធ​ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​ខ្លួន ចំពោះ​ការតវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​នៅ​មាន​តិចតួច​នៅ​ឡើយ​នេះ។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​ VOA​ ថា​ អ្នក​នយោបាយ​គួរ​ណា​ កុំយក​ខ្លួន​មក​ជាប់​ពាក់​ព័ន្ធ​ក្នុង​ដំណើរ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ ដោយហេតុថា​ ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួកគេ​ក្នុង​ដំណើរ​ការ​ចរចានេះ​ អាច​ជាការ​កេង​ប្រយោជន៍​នយោបាយ​ ជា​ជាង​ការជួយ​កម្មករ។​

«​ជាទូទៅ​ គឺ​យើង​មើល​ឃើញ​ថា​ វា​មិន​ចង់​ឃើញ​ស្ថាន​ភាពនយោបាយ ញាំញី​នៅ​ចំពេល​យើង​ចរចា​ប្រាក់​ឈ្នួល​ហ្នឹង​ទេ​ ខ្លាច​តែ​កម្មករ​របស់​យើង​ត្រូវ​បាន​ គេ​ដាក់​សម្ពាធ​ទៅ​គាត់​ ​ដោយសារ​តែ​រឿង​នយោបាយ​ ធ្វើ​ឲ្យ​គាត់​ពិបាក​នៅ​ក្នុងការ​ទទួល​បាននូវ​សិទ្ធិ​ ដែលគាត់​ត្រូវ​តែទទួល​ស្រប​ច្បាប់»។​

​លោក​ អាត់​ ធន់​ ​និយាយ​ថា​ ​ស្ថាន​ភាព​នយោបាយ​មួយ​ចំនួន ​ក៏អាចហុច​ប្រយោជន៍​ដល់​កម្មករ​ ដូច​ជា​ ​ពេល​វេលា​នៃ​ការបោះ​ឆ្នោតជាដើម។

«​ស្ថាន​ភាព​ខ្លះ​ វា​អាច​ប្រសើរ​សម្រាប់​គាត់​ដែរ​ ​បើ​សិនជា​ស្ថាន​ភាព​ពេល​បោះ​ឆ្នោត ​ពេល​អី​អញ្ចឹង​ទៅ​ ជួន​កាល​អ្នក​នយោបាយ​គាត់​តែង​តែ​ ​យក​ចិត្ត​ទុកដាក់​ទៅលើ​កម្មករ​ច្រើន​ អញ្ចឹង​កម្មករ​អាច​នឹង​មានឱកាស​ដែរ»។​

លោក​ សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួនទៅរស់​នៅ​ក្នុង​ប្រទេស​បារំាង​ បាន​ថ្លែង​ពី​ការ​គាំទ្រ​របស់លោក​ ​ចំពោះ​ការ​ទាម​ទារ​ ដោយ​លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាល​ពីថ្ងៃ​អា​ទិត្យ​ថា៖​ «ខ្ញុំសូម​គាំទ្រ​ ការទាម​ទារ​ ​របស់​សហជីព​ តំណាង​ឲ្យកម្មករ​នៅប្រទេស​កម្ពុជា​ ដែល​ទាមទារ ​ឲ្យថៅ​កែ​រោងចក្រ​ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ពី​១៤០​ដុល្លា​រ ដល់​១៨០​ដុល្លារ​យ៉ាងតិច​ សម្រាប់​ឆ្នាំ​២០១៧​ខាង​មុខ»។

លោក​ ពន្យល់ថា​ ប្រាក់​ខែ​គោល ១៤០​ដុល្លារ​ដូច​សព្វថ្ងៃ​ មិន​អាច​រស់​បាន​ទេ​ ហើយ​ក៏​មិន​អាច​ប្រៀប​ធៀប​ ទៅនឹង​ប្រាក់​ខែកម្មករ​នៅ​ប្រទេស​ជិតខាង​បាន​ដែរ ពីព្រោះ​ទំនិញ​នៅ​ប្រទេស​កម្ពុជា​ ថ្លៃ​ជាង​នៅ​ប្រទេស​ជិត​ខាង​ ឆ្ងាយណាស់។​ លោក​បាន​បន្ទោស​ការ​ផ្តល់​ប្រាក់​ឈ្នួល​ទាប​នេះ​ ​ថា​បណ្តាល​មក​ពី​ការ​ជំរិត​ទារ​លុយ​ក្រៅ​ប្រព័ន្ធ​ពន្ធដារ​របស់​រដ្ឋ​ សិទិ្ធ​ផ្តាច់​មុខ​ក្នុង​អាជីវកម្ម​ជា​ច្រើន​បាន​មក​ពី​អំពើ​ពុក​រលួយ​ ​និង​ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ ​ជា​ទូទៅ​ក្នុង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ។​

មេ​បក្ស​ប្រឆាំង​ដែល​ព្យាយាម​គេច​ខ្លួន​ពីការ​ជាប់​ពន្ធនាគារ​ ទាក់​ទិន​សំណុំរឿង​បរិហារកេរ្ត៍​ និង​ការ​ចូល​មក​បំភ្លឺ​រឿង​ក្តី​ក្តាំ​ផ្សេងទៀតដែល​ត្រូវ​បាន​មហាជន​យល់​ថា​ ជាការ​គេចវេស​ផងដែរនោះ ​បាន​អះអាង​ថា​ ថៅកែ​រោង​ចក្រ​ អាច​ដំឡើង​ប្រាក់​ខែ​ យ៉ាង​ងាយ​ តាម​ការ​ទាម​ទារ​របស់​កម្មករ។​

អ្នក​ស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន​សហជីព​កម្ពុជា​ ​បាន​ប្រាប់​ VOA ​ថា​ អ្នក​នយោបាយ​តែង​តែ​ចង់​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ ​ដែល​ជាហេតុ​ធ្វើ​ឲ្យពួក​គេ​ពេលខ្លះ​ ​ចំណាយ​ពេល​គិត​ដល់ស្ថាន​ភាពរស់​នៅរបស់​កម្មករ។

​អ្នក​ស្រីនិយាយ​បន្ថែម​ថា​ អ្នក​នយោបាយ​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ជួយ​កម្មករ​ឲ្យពិតប្រាកដ ប្រសិន​បើ​ខ្លួន​ចង់​ចូល​រួម​ចំណែក​ក្នុងការ​ទាមទារ​ប្រាក់​ឈ្នួល​ ដែល​អ្នកស្រី​យល់​ថាមិន​ជា​ការ​ខុស​ទាស់​អ្វី​នោះ​ទេ​។​ អ្នក​ស្រីថា​ ប្រាក់​ឈ្នួល​ដែល​សហជីព​បាន​ឯកភាព​គ្នាសម្រាប់​ការចរចា​នោះ​ គឺ​ជាចំនួន​មួយ​សមស្រប​ ដែល​ភាគី​និយោជក​ ​អាច​ផ្តល់​ជូន។​

​អ្នក​ស្រីសង្កត់​ធ្ងន់​ថា​ កម្មករ​នឹង​សម្រេច​ចិត្ត​ថា​ ពួកគេ​នឹង​ត្រូវ​ធ្វើ​កូដកម្ម​ ឬយ៉ាងណា​ ​ ប្រសិន​បើ​និយោជក​មិន​អាច​ផ្តល់​ការដំឡើង​ប្រាក់​ឈ្នួល​មួយ​ ដែល​អាចឲ្យពួកគេរស់​បាន​ប្រសើរ​ជាង​មុន​នោះ។

«អញ្ចឹង​បើសិន​ណា​គាត់​ចាយ​ខ្លួន​ឯង​មិន​បានហើយ​ ហើយ​មិន​អាច​ទទួលខុសត្រូវ​អ្នកដែល​នៅ​ក្នុង បន្ទុក​គ្រួសារ​របស់​គាត់​បាន​ទៀត​ គាត់​សម្រេច​ចិត្ត​ក្នុង​ការធ្វើ​កូដកម្ម​ ខ្ញុំ​ខ្លួន​ឯង​ ខ្ញុំ​នឹង​គាំ​ទ្រ​គាត់»។​

​នៅ​មុន​ការ​ចរ​ចា​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ចាប់​ផ្តើម​ នា​សប្តាហ៍មុន សមា​គមរោងចក្រ​កាត់​ដេរ​នៅកម្ពុជា​ ​ហៅ​កាត់​ថា​ GMAC​ ​បាន​ផ្ញើ​លិខិត​ប្រាប់​ ​លោក​ ​អ៊ិត​ ​សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​កា​រងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ថា​ ​ខ្លួន​អាច​មាន​លទ្ធភាព​ផ្តល់​ជូន​កម្មករនូវ​ប្រាក់​ឈ្នួល​អប្បបរមា​ មាន​ចំនួនត្រឹម​តែ​ ​១៤៤​.២០​ ដុល្លារ​ប៉ុណ្ណោះ។​

​GMAC ​ផ្តល់​ហេតុផល​នៃ​ការផ្តល់ប្រាក់​ឈ្នួល​នេះថា​ ​ជាការ​សម្រេច​ឡើង​ ដោយ​ឈរលើ​សូច្ចនាករ​សំខាន់​ៗ​មួយ​ចំនួន​ ដែល​នៅ​ជាក្តី​បារម្ភ​របស់​ឧស្សហកម្ម​ រួម​មាន​ ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​បញ្ជា​ទិញ​ពី​អ្នក​បញ្ជា​ទិញ ឬម្ចាស់​ម៉ាក​ ការ​ធ្លាក់​ចុះ​នូវផលិត​ភាព​ការ​ងារ​ អត្រាកំណើន​នៃទឹកប្រាក់​នាំ​ចេញ​មានការ​ធ្លាក់ចុះ ហើយ​និង​អត្រា​កំណើន​នៃ​រោង​ចក្រ​ថ្មី​មានការ​ធ្លាក់​ចុះ​ ខណៈ​ដែលចំនួន​រោង​ចក្រ​បិទ​មាន​ការ​កើន​ឡើង។​

​ក្រោយ​ការ​ប្រជុំ​ត្រី​ភាគី​ពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ​ដែល​រៀប​ចំ​ដោយ​ក្រសួង​ការ​ងារ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​ ហេង​ សួរ​ ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​ងារ⁣​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ប្រាប់​ VOA​ ​ថា​ ​ភាគី​រដ្ឋា​ភិបាល​ បាន​ពន្យល់​ពីកំណើន​ផលិត​ភាព​ការ​ងារ​ និង​ស្ថាន​ភាព​ប្រកួត​ប្រជែង​របស់ឧស្សាហកម្ម​កាត់ដេរ​ ​និង​ការ​ប្រែប្រួល​កម្រិត​អតិផរណា​ ​មក​ពិភាក្សា​លើការដំឡើង​ប្រាក់​ឈ្នួល​ដល់កម្មករ​។​ ​ដំណើរ​ការ​ចរចា​ នឹង​នៅ​បន្ត​ទៅមុខ​ទៀត​ នៅ​ក្នុង​ខែកញ្ញា​ដដែលនេះ។​

​លោក​ អាត់​ ធត់​ ថ្លែង​ថា ការដំឡើង​ប្រាក់​ឈ្នួល​នៅ​ដើម​ឆ្នាំ​ ២០១៤​ គឺបាន​មក​ពីការ​តស៊ូ​របស់​កម្មករ​ខ្លួន​ឯង​ ​ដែល​បាន​ធ្វើ​បាតុកម្ម​ដាច់​ដោយឡែក​ពី​ការ​ធ្វើបាតុកម្ម​របស់​គណបក្ស​ប្រឆាំង​។ លោក​ថា​ ​ការ​ធ្វើ​បាតុកម្ម​របស់​គណ​បក្ស​ប្រឆាំង​ ក៏​បាន​រួម​ចំណែក​ខ្លះ​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់កម្មករ​ផង​ដែរ។

​កាល​ពី​ឆ្នាំ​ ២០១៣ គណបក្ស​ប្រឆាំង​ត្រូវ​គេ​ដឹងថា​ បាន​ចូល​រួម​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​។ ​ការ​បាតុកម្ម​នៅ​ចុងឆ្នាំ​ ២០១៣​ និង​ឈាន​ដល់​ដើមឆ្នាំ​ ២០១៤​ បាន​បង្ក​ឲ្យ​មានកម្មករ​មួយ​ចំនួនស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស៕

XS
SM
MD
LG