ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.នឹង​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​ផ្អាក​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ទីក្រុង Aleppo


Nisrin Malaji ត្រឡប់​មក​ផ្ទះ​ដែល​ត្រូវ​បាន​លួច​នៅ​ក្នុង​ស្រុក Hanano ភាគខាង​កើត​ទីក្រុង Aleppo ប្រទេស​ស៊ីរីកាល​ពីថ្ងៃទី​០៤ ធ្នូ ២០១៤។

Nisrin Malaji ត្រឡប់​មក​ផ្ទះ​ដែល​ត្រូវ​បាន​លួច​នៅ​ក្នុង​ស្រុក Hanano ភាគខាង​កើត​ទីក្រុង Aleppo ប្រទេស​ស៊ីរីកាល​ពីថ្ងៃទី​០៤ ធ្នូ ២០១៤។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ​លើ​សេចក្ដី​សម្រេច​មួយ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ៧ ថ្ងៃ នៅ​ក្នុង​ទីក្រុង Aleppo ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី និង​ឲ្យ​ជំនួយ​មនុស្ស​ធម៌​អាច​ដឹក​ជញ្ជូន​ចូល​ទៅ​កាន់​តំបន់​ដែល​មាន​ជម្លោះ​ដោយ​មិន​មាន​ការ​រារាំង។

ទីក្រុង Aleppo គឺ​ជា​ទីក្រុង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ស៊ីរី មុន​ពេល​ដែល​សង្គ្រាម​ស៊ីវិល​បាន​ផ្ទុះ​ឡើង​កាល​ពី​ជិត ៦ ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន​នេះ ទីក្រុង​នេះ​គឺ​ជា​ទីតាំង​នៃ​ការ​វាយ​ប្រហារ​របស់​យោធា​រដ្ឋាភិបាល​ស៊ីរី ដែល​គាំទ្រ​ដោយ​រុស្ស៊ី ដើម្បី​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង​នេះ ដែល​សព្វថ្ងៃ​កំពុង​ត្រួតត្រា​ដោយ​ក្រុម​អ្នក​ប្រយុទ្ធ​ពួក​ឧទ្ទាម។

សេចក្ដី​ព្រាង​សេចក្ដី​សម្រេច ដែល​ព្រាង​ឡើង​ដោយ​ប្រទេស​អេហ្ស៊ីប អេស្ប៉ាញ និង​នូវែលសេឡង់ បាន​សរសេរ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ពិចារណា​ឲ្យ​មាន​ការ​ផ្អាក​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ៧ ថ្ងៃ។

សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​នេះ​ក៏​បាន​រារាំង​ការ​វាយ​ប្រហារ​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អាវុធ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​វាយ​ប្រហារ​តាម​អាកាស និង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ត្បាល់ ដែល​កន្លង​មក​ត្រូវ​បាន​ប្រើ​ដើម្បី​បំផ្លាញ​តំបន់​នានា​ជា​ច្រើន​ទាំង​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល និង​ទាំង​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម នៅ​ក្នុង​ទីក្រុង Aleppo។

ដូច​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​លើក​មុនៗ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែរ កិច្ច​ព្រមព្រៀង​លើក​នេះ​នឹង​មិន​ផ្ដោត​លើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​នានា ដូច​ជា​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​ជា​ដើម។ ការ​ផ្អាក​ការ​វាយ​ប្រយុទ្ធ​គ្នា​កាល​ពី​លើក​មុនៗ ទទួល​បាន​ជោគជ័យ​មួយ​ចំនួន​ដោយសារ​ជំនួយ​មនុស្ស​ធម៌​អាច​ដឹក​ជញ្ជូន​ចូល​ក្នុង​តំបន់​ជម្លោះ​ដើម្បី​ចែកចាយ​ដល់​ជន​ស៊ីវិល៕

XS
SM
MD
LG