ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ៖ អ៊ីរ៉ាក់​កំពុង​ជួប​ប្រទះ​វិបត្តិ​មនុស្សធម៌​ដ៏ស្តួចស្តើង


កងកម្លាំង​សន្តិសុខ​ និង​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​កន្លែង​កើតហេតុ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពី​រថយន្ត​មួយ​នៅ​ផ្សារ​មមារញឹក​មួយ​នៅ​ក្រុង Sadr ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៦។
កងកម្លាំង​សន្តិសុខ​ និង​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​កន្លែង​កើតហេតុ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពី​រថយន្ត​មួយ​នៅ​ផ្សារ​មមារញឹក​មួយ​នៅ​ក្រុង Sadr ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៦។

ប្រទេស​អ៊ីរ៉ាក់​កំពុង​ព្យាយាម​ទប់ទល់​ជាមួយ​នឹងវិបត្តិ​មនុស្ស​ធម៌​ដ៏​ស្តួចស្តើង​បំផុត​នៅ​លើ​ពិភព​លោក​ ក៏​ដូចជា​ការ​ប្រឈម​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ នៅ​ស្រប​ពេល​ស្ថិត​នៅ​ក្នុង​គំនាប​តម្លៃ​ប្រេង​ធ្លាក់​ចុះ ដែល​ជា​ផលិតផល​នាំ​ចេញ​ចម្បង​របស់​ប្រទេស​ និង​កំណើន​អស្ថេរភាព​នយោបាយ។​ VOA នា​ពេល​ថ្មីៗ​នេះ​ បាន​ពិភាក្សា​ជាមួយ​នឹង​អ្នក​សម្រប​សម្រួល​មនុស្សធម៌​អ.ស.ប​ លោកស្រី Lise Grande នៅ​ក្រុងអ៊ីប៊ីល (Irbil) ប្រទេស​អ៊ីរ៉ាក់​ ដើម្បី​និយាយ​អំពី​បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​នៅ​ក្រុង​បាកដាដ​​កំពុង​ប្រឈម​មុខ។

VOA៖ តើ​ការ​ខាត​បង់​ពី​ការ​ប្រយុទ្ធ​នឹង​កុ្រម​ជ្រុលនិយម​រដ្ឋឥស្លាម​មាន​អ្វីខ្លះ?

Grande៖ ការ​ខាត​បង់​ពី​ការ​ប្រយុទ្ធ​ដើម្បី​បន្ថយ​កម្លាំង ឬ​ផ្តួល​ក្រុម​រដ្ឋ​ឥស្លាម​ គឺ​មាន​យ៉ាង​ច្រើន​ នៅ​ប្រទេស​អ៊ីរ៉ាក់។ ចាប់តាំង​ពី​ក្រុម​រដ្ឋ​ឥស្លាម​បាន​ឡើង​អំណាច​នៅ​ក្នុង​ឆ្នាំ​២០១៤ ប្រជាជន​អ៊ីរ៉ាក់​ជាង ៣,៤ លាន​នាក់​ ត្រូវ​បាន​បង្ខំ​រត់​ភៀស​ខ្លួន​ចេញ​ពី​ទី​លំនៅ។ មួយ​ចំនួន​នៃ​ប្រជាជន​ទាំង​នោះ​បាន​បាត់បង់​អ្វីៗ​ទាំងអស់។ ពួកគេ​បាន​បាត់បង់​ទ្រព្យសម្បត្តិ បាត់បង់​សហគមន៍​ ត្រូវ​បង្ខំ​ចិត្ត​និរទេស​ខ្លួន ផល​ប៉ះពាល់​ពី​នេះ​គឺ​ធំធេង​ណាស់។ ក្នុង​រយៈពលេ​តែ​មួយ​ឆ្នាំ​កន្លង​ទៅ​ យើង​បាន​ឃើញ​ប្រជាជន​មួយ​លាន​នាក់​ បាន​បាត់បង់​ទី​លំនៅ ហើយ​យើង​រំពឹង​ថា នៅ​ស្រប​ពេល​ដែល​យុទ្ធនាការ​នៅ​ក្នុង​ការ​ផ្តួល​ពួក​រដ្ឋ​ឥស្លាម​ត្រូវ​បាន​ពង្រឹង យើង​អាច​ឃើញ​ប្រជាជន​មួយ​លាន​នាក់​ផ្សេង​ទៀត ប្រសិន​បើ​មិន​ច្រើន​ជាង​នេះ នឹង​បាត់បង់​ទី​លំនៅ​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ។ ប្រសិន​បើ​អ្នក​មើល​ទៅ​ចំនួន​ភាគរយ​នៃ​ប្រជាជន​ ដែល​បាន​រង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ពួក​រដ្ឋ​ឥស្លាម យើង​កំពុង​និយាយ​អំពី​ជិត​មួយ​ភាគ​បី​នៃ​ប្រជាជន​អ៊ីរ៉ាក់​ទាំង​អស់ ដែល​នឹង​រង​ការ​ប៉ះពាល់។

មាន​ប្រជាជន​ ៣,៤ លាន​នាក់​ ដែល​បាន​បាត់បង់​ទី​លំនៅ​ ប៉ុន្តែ​ មាន​ ៧​លាន​នាក់​បន្ថែម​ទៀត ដែល​កំពុង​រស់​នៅ​តាសហគមន៍​ជ្រកកោន​ផ្សេង​ក្រៅ​ពី​សហគមន៍​ខ្លួន ដែល​សហគមន៍​ជ្រកកោន​ទាំង​នោះ​ឥឡូវ​នេះ​កំពុង​ជួប​បញ្ហា ដោយសារតែ​ពួកគេ​បាន​បើកទ្វារ​ទទួល​ឲ្យ​ប្រជាជន​ពី​សហគមន៍​ដទៃ​មក​ជ្រកកោន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថានភាព​របស់​ពួកគេ​ផ្ទាល់​បាន​ចុះ​ដុនដាប​តាមរយៈ​នេះ។

សរុប​មក​ យើង​បាន​ប៉ាន​ប្រមាណ​ថា មាន​ប្រជាជន​អ៊ីរ៉ាក់​ ១០​លាន​នាក់​ នា​ពេល​នេះ​ ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ទម្រង់​ណា​មួយ ហើយ​នៅ​ចុង​ឆ្នាំ​នេះ ចំនួន​នេះ​អាច​នឹង​កើន​ជិត​១២​លាន​នាក់​ ឬ​១៣​លាន​នាក់។ វា​ជា​ចំនួន​ដ៏​ច្រើន​មួយ ពិត​ជា​ច្រើន​មែនទែន។

VOA៖ តើ​បញ្ហា​នេះ​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ទៅ​លើ​ប្រជាជន​អ៊ីរ៉ាក់?

Grande៖ រាល់​ពេល​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​បាន​បាត់បង់​ទីលំនៅ​ឬ​បាត់បង់​ទី​លំនៅ​ដោយសារ​តែ​អំពើ​ហិង្សា​ដ៏​អាក្រក់​បែប​នេះ​ មនុស្ស​ម្នា​ទាំង​នោះ​កំពុង​តែ​រត់​គេច​ខ្លួន​ចេញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​អាក្រក់​បំផុត​ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​លើ​ពិភពលោក។ ស្ថានភាព​ដែល​បណ្តាល​ឲ្យ​ពួកគេ​ចាក​ចេញ​ និង​រត់​ភៀសខ្លួន​នោះ​ គឺ​វា​មិន​គួរ​ឲ្យ​ជឿ។ នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​ ផល​ប៉ះពាល់​ទៅ​លើ​ផ្លូវ​ចិត្ត ​គឺ​សឹង​តែ​មិនអាច​គណនា​បាន។ យើង​នឹង​ហៅ​សំដៅ​ទៅ​លើ​ជំនាន់​មនុស្ស​មួយ​ដែល​បាន​បាត់បង់​ ហើយ​ជំនាន់​ដែល​បាត់​នេះ​ មិនមែន​បាត់​តែ​កុមារ​នោះ​ទេ ប៉ុន្តែ​ មនុស្ស​វ័យ​ក្មេង​ក៏​បាត់​បង់​ដែរ​ ហើយ​តាម​ពិត​ទៅ​ គឺ​គ្រួសារ​ទាំងមូល។ ការ​ចាកចេញ​ពី​ទី​លំនៅ​ ដែល​បណ្តាល​មក​ពី​កើត​មាន​អំពើ​ហិង្សា និង​ផល​ប៉ះពាល់​ដែល​មាន​ទៅ​លើ​ប្រជាជន វា​បាន​បង្ក​មហន្តរាយ​ដល់​ជីវិត​រស់​នៅ។ មនុស្សម្នា​អាច​ងើបរើ​ពី​វិបត្តិ​ផ្សេងៗ​ឡើង​វិញ ពួកគេ​ពិត​ជា​អាច​សង្រោះ​ឡើង​វិញ​បាន ប៉ុន្តែ​ នៅ​គ្រា​មាន​វិបត្តិ​ វា​ពិត​ជា​អណោចអធម​ណាស់​ ដែល​មើល​ឃើញ​នូវ​អ្វី​បាន​កើត​ឡើង។

VOA៖ តើ​ឱកាស​នៃ​ការ​ផ្សះផ្សា​មាន​អ្វី​ខ្លះ​ បន្ទាប់​ពី​ការ​ប្រេះ​ឆារ​ និង​អំពើ​ហិង្សាដូចនេះ?

Grande៖ យើង​ត្រូវ​និយាយ​ដោយ​ត្រង់​ថា នៅ​ក្នុង​ករណី​ផ្សេងៗ ដែល​គ្រួសារ​នានា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ពួក​រដ្ឋឥស្លាម ​គឺ​មាន​ការ​សង្ស័យ​ពីទឹក​ចិត្ត​របស់​ពួកគេ​ដែល​សុខ​ចិត្ត​ធ្វើ​ដូច្នេះ​ គឺ​ពី​គ្រួសារ​ដែល​បាន​ចាកចេញ​ ហើយ​នៅ​ពេល​គ្រួសារ​ ដែល​បាន​ចាកចេញ​នោះ ​វិលត្រលប់​មក​វិញ និង​គ្រួសារ​ដែល​មិន​បាន​ចាកចេញ​ក៏​នៅ​ទី​នោះ បញ្ហា​គឺ​តើ​អ្នក​នឹង​ធ្វើការ​ផ្សះផ្សា​រវាង​គ្រួសារ​ទាំង​នោះ​យ៉ាង​ដូចនេះ តើ​អ្នក​នឹង​បញ្ចៀស​ការ​សងសឹក​យ៉ាង​ដូចម្តេច​ ទៅ​លើ​ភាគី​ទាំង​សងខាង។ វា​ ជា​បញ្ហា​មួយ​ធំ​ណាស់។ នៅ​ក្នុង​ចំណោមមនុស្ស ៣,៤ លាន​នាក់​ ដែល​បាន​បាត់បង់​ទី​លំនៅ​ចាប់​តាំង​ពី​ក្រុម​រដ្ឋ​ស្លាម​បាន​ឡើង​កាន់​អំណាច​ មនុស្ស​៥០០.០០០​នាក់​ បាន​វិល​ត្រឡប់​មក​វិញ​ និង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល។ ​ការ​ផ្សះ​ផ្សា និង​សំណង​ផ្សេងៗ​ គឺ​ជា​កត្តា​ចម្បង​នៅ​ក្នុង​ដំណើរការ​នេះ។ យើង​ធ្លាប់​បាន​ឃើញ​ហើយ​ថា នៅ​ក្នុង​ករណី​មួយ​ចំនួន គ្រួសារ​ដែល​មិន​បាន​ត្រៀម​លក្ខណៈ​វិល​ត្រលប់​មកវិញ រហូត​ដល់​ពេល​ពួកគេ​ដឹង​ថា ការ​ផ្តល់​សំណង​ផ្សេងៗ​នឹង​ត្រូវ​ធ្វើ​ឡើង និង​មាន​ដំណើរ​វិនិច្ឆ័យ​នៅ​កម្រិត​សហគមន៍​ ដែល​បង្កើត​ជា​សំណង​នៅ​ក្នុង​ទម្រង់​មួយ ដែល​មាន​សារៈសំខាន់​ដើម្បី​បញ្ចៀស​ការ​សងសឹក។

វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដែល​វរជន​នយោយ​បាយ​ និង​មេដឹកនាំ​ចូលរួម​នៅ​ក្នុង​ដំណើរ​ផ្សះផ្សា​បែប​យុទ្ធសាស្រ្ត​ ដែល​មាន​ការ​បែង​ចែក​នយោបាយ​នៅ​ក្នុង​ចំណោម​មេដឹកនាំ​នយោបាយ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ មិន​ថា​ពួកគេ​មក​ពី​ណា​នោះ​ទេ ដើម្បី​បង្រួបបង្រួម​អ៊ីរ៉ាក់។ មាន​កត្តា​សំខាន់​មួយ​ទៀត​ ដើម្បី​ឲ្យ​ការ​ស្រុះស្រួល​គ្នា​កើត​មាន​ឡើង​នៅ​កម្រិត​សហគមន៍​ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការ​ពណ៌នា។ ក្រុម​គ្រួសារ​ កុលសម្ព័ន្ធ​ និង​សហគមន៍​ផ្សេងៗ​ត្រូវ​រក​វិធី​ដើម្បី​កែ​តម្រូវ​ និង​រៀន​រស់នៅ​ជាមួយ​គ្នា​ឲ្យ​បាន​ដូច​ពី​មុន។ វា​ជា​ដំណើរការ​ដ៏​លំបាក​មួយ ប៉ុន្តែ​ វា​សំខាន់។

VOA៖ រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​អាមេរិក​ ហាក់​ដូចជា​មាន​គំនិត​ផ្សេង​គ្នា​ ពាក់ព័ន្ធ​នឹង​ស្ថេរភាព​ទំនប់​វារីអគ្គិសនី Mosul។ តើ​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​យ៉ាង​ដូចម្តេច​ពាក់ព័ន្ធ​នឹង​លទ្ធភាព​នៃ​ការ​ដួលរលំ​នៃ​ទំនប់​វារីអគ្គិសនី​នោះ?

Grande៖ យើង​ពិតជា​បាន​ដឹង​ច្បាស់​មក​ហើយ​ពី​ការ​វិភាគ​របស់​សហ​រដ្ឋអាមេរិក​ទៅ​លើ​ទំនប់វារី​អគ្គិសនី Mosul។ យើង​បាននិយាយ​គ្រប់​ពេលទៅ​កាន់​អាជ្ញាធររដ្ឋាភិបាល​ ​ទាក់ទិន​នឹង​ការ​យល់នឹង​របស់​ពួកគេ​ពី​ស្ថានភាព។ ខ្ញុំ​គិត​ថា ការ​ដែល​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្រ្តី​នា​ពេល​ថ្មីៗ​នេះ​ធ្វើ​ការ​ទាក់ទង​នឹង​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហ​ប្រជាជាតិ​ ហើយ​បាន​ស្នើ​ឲ្យ​ពួក​យើង​បង្កើត​ជា​ប្រព័ន្ធ​ផ្តល់​ដំណឹង​ពី​ភាព​អាសន្ន​មួយ​ឲ្យ​ដឹង​មុន​ ដែល​បង្ហាញ​ថា​ពួកគេ​មាន​ក្តី​បារម្ភ​រួម​គ្នា​អំពី​ទំនប់​វារី​អគ្គិសនី​ Mosul អាច​នឹង​មិន​មាន​ស្ថេរភាព។ យើង​បាន​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​អស់​រយៈពេល​បួន​ខែ​កន្លង​មក​នេះ​ ដើម្បី​ដាក់​ឡើង​នូវ​ប្រព័ន្ធ​នេះ។ យើង​បាន​បង្កើត​នូវ​កិច្ចព្រមព្រៀង​មួយ​ ដែល​នឹង​ដាក់​ឲ្យ​មាន​នូវ​ការ​ឆ្លើយតប​ពី​សំណាក់​អន្តរជាតិ​នៅក្នុង​ករណី​កើត​មាន​គ្រោះមហន្តរាយ៕

ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG