ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​តួកគី​បោះឆ្នោត​ប្រជាមតិ​ឯកភាព​លើ​ការ​ពង្រឹង​អំណាច​របស់​ប្រធានាធិបតី


លោក​ប្រធានាធិបតី Recep Tayyip Erdogan របស់​ប្រទេស​តួកគី​ចូល​ទៅ​ក្នុង​បន្ទប់​បោះ​ឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។

គណបក្ស​កាន់​អំណាច​របស់​តួកគី​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​ផ្តល់​អំណាច​ខ្លាំង​ជាង​មុន​ថ្មី​មួយ​ដល់​ប្រធានាធិបតី លោក Recep Tayyip Erdogan។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ជាមួយ​នឹង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ដែល​បាន​បញ្ចប់ ​និង​ការ​អបអរ​សាទរ​បាន​ធ្វើ​ឡើង​ក្នុង​រដ្ឋធានី​អ៊ីស្តង់ប៊ុល លោក Erdogan បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ដែល​សប្បាយ​រីករាយ​ថា ចម្លើយ​យល់​ស្រប‍​បាន​ទទួល​២៥​លាន​សម្លេង ដែល​ច្រើន​ជាង​សម្លេង​បដិសេធទៅ​លើ​ការ​កែប្រែ​នេះ​ចំនួន​១​លាន​៣​សែន​សម្លេង។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​ប្រជាមតិ​នេះ​បាន​បញ្ចប់​ប្រវត្តិ​អន្តរាគមន៍​យោធា​រយៈពេល​រាប់​ទសវត្សរ៍​នៅ​ក្នុង​រដ្ឋាភិបាល​របស់​តួកគី។ ​

លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​សង្ខេប​មួយ​ថា «ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាធារណរដ្ឋ​នេះ ដែល​យើង​កំពុង​តែ​កែប្រែ​ប្រព័ន្ធ​កាន់​អំណាច​របស់​យើង​តាមរយៈ​នយោបាយ​ស៊ីវិល‍»។

ការ​បោះឆ្នោត​គាំទ្រ​មាន​ន័យ​ថា សភា​តួកគី​នឹង​ក្លាយ​ជា​អង្គ​បន្ទាប់បន្សំ​មួយ។ នាយករដ្ឋមន្ត្រី​ និង​គណៈរដ្ឋមន្ត្រី​នឹង​ត្រូវ​លុប​ចោល ហើយ​រដ្ឋមន្ត្រី​នឹង​ត្រូវ​តែងតាំង​ដោយ​ផ្ទាល់​ដោយ​ប្រធានាធិបតី​ និង​មាន​ទំនួលខុសត្រូវ​ចំពោះ​លោក។ ប្រធានាធិបតី​ក៏​នឹង​កំណត់​ថវិកា​ផង​ដែរ។

ការ​ធ្វើ​វិសោធនកម្ម​នេះ​ក៏​នឹង​បញ្ចប់​នូវ​អព្យាក្រឹតភាព​ជា​ផ្លូវ​ការ​របស់​ប្រធានាធិបតី ដែល​អនុញ្ញាត​ឲ្យ​លោក​ដឹកនាំ​គណបក្ស​នយោបាយ​បាន។ ប្រធានាធិបតី​នឹង​មាន​អំណាច​រំលាយ​សភា​និង​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន ខណៈ​ដែល​មាន​អំណាច​ខ្លាំង​ជាង​មុន​ក្នុង​ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​និង​តុលាការ​ធម្មនុញ្ញ​ផង​ដែរ៕

XS
SM
MD
LG