ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​តួកគី​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​ឲ្យ​មាន​តុល្យភាព​តំបន់


ប្រធានាធិបតី​ប្រទេស​តួកគី Recep Tayyip Erdogan ថ្លែងទៅកាន់​ប្រជាកសិករ​មួយ​ក្រុម​ក្នុង​រដ្ឋធានី​អង់ការ៉ា ប្រទេស​តួកគី កាល​ពី​ថ្ងៃទី​១៤ វិច្ឆិកា ២០១៦។
ប្រធានាធិបតី​ប្រទេស​តួកគី Recep Tayyip Erdogan ថ្លែងទៅកាន់​ប្រជាកសិករ​មួយ​ក្រុម​ក្នុង​រដ្ឋធានី​អង់ការ៉ា ប្រទេស​តួកគី កាល​ពី​ថ្ងៃទី​១៤ វិច្ឆិកា ២០១៦។

រដ្ឋាភិបាល​ប្រទេស​តួកគី​កំពុង​វាយតម្លៃ​សារជាថ្មី​នូវ​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច​ និង​អភិវឌ្ឍ​ចំណង​ថ្មី​ជាមួយ​ប្រទេស​រុស្ស៊ី​ដែល​ជា​អតីត​គូប្រជែង​របស់​ខ្លួន។ ទីប្រឹក្សា​កិច្ចការ​បរទេស​របស់​ ប្រធានាធិបតី​ប្រទេស​តួកគី​ លោក​ Recep Tayyip Erdogan​ បាន​និយាយ​អំពី​បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​មួយចំនួន​ ដើម្បី​សម្រួល​វិបត្តិ​ក្នុងតំបន់​ និង​ទំនាក់ទំនង​របស់​ប្រទេស​តួកគី​ជាមួយ​គូប្រជែង​ និង​សម្ព័ន្ធមិត្ត។

ស្របពេល​សង្គ្រាម​រវាង​រដ្ឋ​ឥស្លាម​កំពុង​ឆាបឆេះ​នៅ​ប្រទេស​អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី​ បូកផ្សំ​នឹង​សង្គ្រាម​ផ្ទៃក្នុង​របស់​ប្រទេស​ស៊ីរី​ដែល​នៅតែ​បន្ត​ ការ​បង្ការ​ការ​បែកបាក់​របស់​ប្រទេស​ជិត​ខាង​នៅ​ភាគ​ខាង​ត្បួង​របស់​ប្រទេស​តួកគី​ជា​អាទិភាព​ទី១​ នេះ​បើ​យោង​តាម​លោកស្រី​ Ayse Sozen Usluer ​ ប្រធាន​ផ្នែក​កិច្ចការ​បរទេស​របស់​លោក​ប្រធានាធិបតី ​Recep Tayyip Erdogan។ លោក​ស្រី​ Usluer​ បាន​បន្ថែម​ទៀតថា​ ចំនុច​សំខាន់​ចំពោះ​កិច្ច​ខិតខំប្រឹងប្រែង​ទាំងនេះ​ គឺ​ការ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​ និង​ការ​ប្រជែង​គ្នា​របស់​និកាយ​ផ្សេងៗ ជាពិសេស​រវាង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ និង​ប្រទេស​អ៊ីរ៉ង់។

«យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ ហើយ​យើង​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែរ។ រាល់​ពេល​ដែល​ពួក​យើង​ជួបគ្នា​ និង​អង្គុយ​ជជែកគ្នា​ជាមួយ​ពួកគេ​ យើង​តែងតែ​ពិភាក្សា​អំពី​ការ​ការពារ​សាមគ្គីភាព»។

ការ​គំរាមកំហែង​ទៅ​កាន់​ជនជាតិ​ Turkmen​ ជនជាតិ​ដើម​ Turks​ និង​ជនជាតិ​ភាគតិច​ Sunni ​ដែល​មាន​ចំនួន​ច្រើន​ គឺ​ដោយសារ​ការ​ប្រជែងគ្នា​ ដែល​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​លើក​ឡើង​ជា​មូលហេតុ​ដែល​មាន​កម្លាំង​យោធា​ជាច្រើន​ឈរ​ជើង​នៅ​តាម​ព្រំប្រទល់​អ៊ីរ៉ាក់។ រដ្ឋាភិបាល​ទីក្រុង​បាកដាដ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ពី​ការ​ប៉ង​យក​ទឹកដី​ប្រទេស​អ៊ីរ៉ាក់​ ដែល​ធ្លាប់​ជា​មួយ​ផ្នែក​នៃ​អាណាចក្រ​ Ottoman ​មកវិញ​ប៉ុន្តែ​លោកស្រី​ Usluer ​នៅតែ​និយាយថា​កម្លាំង​យោធា​របស់​តួកគី​គឺ​គ្រាន់តែ​ជា​ការ​ប្រុងប្រយ័ត្ន​ជាមុន​ប៉ុណ្ណោះ។

«ឲ្យ​តែ​យើង​ការពារ​បូរណភាព​ទឹកដី​របស់​អ៊ីរ៉ាក់​ តួកគី​នឹង​គ្មាន​មហិច្ចិតា​ ចូល​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ​…​ ហើយ​តួកគី​គួរតែ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ និង​ចូលរួម​ក្នុង​តុ​ចរចា​ផងដែរ។ នេះ​គឺ​ពីព្រោះ​តួកគី​ចង់​ការពារ​ផលប្រយោជន៍​របស់​ក្រុម​តូចៗ​នៅ​ក្នុង​តំបន់​ ព្រោះ​តួកគី​មាន​ចំណង​យ៉ាងមាំ​ ចំណង​ប្រវត្តិសាស្រ្ត​ជាមួយ​អ៊ីរ៉ាក់»។

រដ្ឋាភិបាល​តួកគី​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ដល់​អ៊ីរ៉ាក់​ តាមរយៈ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​លោក​ Masoud Barzani​ ប្រធានាធិបតី​របស់​រដ្ឋាភិបាល​តំបន់​ Kurdistan​ ដែល​ជា​រដ្ឋាភិបាល​ពាក់​កណ្តាល​ស្វយ័ត។ លោកស្រី​ Usluer​ និយាយថា​ លោក ​Barzani ​កំពុងតែ​ដើរតួ​សំខាន់​មួយ​ក្នុង​ការប្រយុទ្ធ​របស់​តួកគី​ជាមួយ​ក្រុម​ឧទ្ទាម ​Kurdish​ ក្រុម​ PKK​ ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋ​តួកគី​ដើម្បី​ទាមទារ​សិទ្ធិ​ជនជាតិ​ភាគតិច​ឲ្យ​បាន​កាន់​តែ​ច្រើន។

«លោក ​Barzani ​បាន​ក្លាយ​ជា​អ្នកដឹកនាំ​ Kurdishទីមួយ​ ដែល​យល់​ពី​បញ្ហា​របស់​ក្រុមPKK​ និង​បញ្ហា​ Kurdish​ នៅ​ប្រទេស​តួកគី​ ហើយ​លោក​អាច​បែងចែក​បញ្ហា​ទាំងនេះ​បាន។ លោក​ទទួល​ស្គាល់​ថា​ PKK​ ជា​អង្គការ​ភេរវជន​មួយ។ លោក​យល់ដឹង​ពី​បញ្ហា​ Kurdishនៅ​តួកគី»។

ក្រុម​បញ្ជាការ​របស់​យោធា ​PKK​ មាន​ទីតាំង​នៅ​ផ្នែក​ខាង​ជើង​របស់​អ៊ីរ៉ាក់​ដែល​នៅក្បែរ​នោះ​ ប៉ុន្តែ​ក៏​បាន​បង្កើន​ឥទ្ធិពល​ខ្លួន​ដល់​អ៊ីរ៉ាក់​ និង​ស៊ីរី​ ដោយ​ប្រើប្រាស់​អាវុធ​តទល់​នឹង​រដ្ឋ​ឥស្លាម។ សម្ព័ន្ធ​របស់​ពួកគេ​ គឺ​ក្រុម ​YPG ​នៅ​ស៊ីរី​ ទទួល​បាន​ជំនួយ​យោធា​ពី​សហរដ្ឋអាមេរិក​ និង​ប្រទេស​អឺរ៉ុប។

ដើម្បី​តទល់​នឹង​ការ​គំរាម​កំហែងនេះ​ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បានទាក់ទង​ទៅ​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ផលប្រយោជន៍​ដំបូង​នៃ​គោលនយោបាយ​នេះ​ គឺ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​ផ្តល់​ជំនួយ​សម្ងាត់​ទៅ​កាន់​យោធា​របស់​តួកគី​ ដើម្បី​ចូលក្នុង​ប្រទេស​ស៊ីរី​ប្រឆាំង​តទល់​នឹង​រដ្ឋឥស្លាម​ និង​ក្រុមYPG។ ខែ​ក្រោយ​ នាយករដ្ឋ​មន្រ្តី​ប្រទេស​តួកគី​ លោក​ Binali Yildirim ​នឹង​ចូលរួម​កិច្ច​ពិភាក្សា​អំពី​ស៊ីរី​ និង​ការ​ចងសម្ព័ន្ធ​ទ្វេ​ភាគី។ សម្ព័ន្ធមិត្តNATO ​មួយ​ចំនួន​របស់​តួកគី​កំពុង​សង្ស័យ​ ថា​តើ​ភក្តីភាព​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​នៅ​ត្រង់​ណា។ លោកស្រី​ Usluer​ និយាយថា​គោល​នយោបាយ​កិច្ចការ​បរទេស​របស់​តួកគី​កំពុង​វិវត្ត។

«នេះ​មិនមែន​ជា​ការ​ជ្រើសរើស​ធំ​ដុំ​រវាង​លោក​ខាងលិច​ និង​រុស្ស៊ី​ទេ។ វា​ក៏​មិនមែន​ជា​ការ​ជ្រើសរើស​យក​តែ​មួយ​ក្នុង​ចំណោម​២ដែរ។ ប៉ុន្តែ​ តួកគី​នៅ​តែ​អាច​មាន​ជម្រើស​គោលនយោបាយ​បរទេស​ច្រើនយ៉ាង​ ព្រោះ​យើង​មិនមែន​រស់នៅ​ក្នុង​សង្គ្រាម​ត្រជាក់​ទៀត​ទេ»។

ទំនាក់ទំនង​បរទេស​ច្រើន​យ៉ាង​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ កើតឡើង​ស្របពេល​ជាមួយ​នឹង​ទំនាក់​ទំនង​តានតឹង​ជាមួយ​សម្ព័ន្ធ​មិត្ត​ប្រទេស​ខាងលិច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ គោលបំណង​ចូលរួម​សហព័ន្ធ​អឺរ៉ុប​របស់​តួកគី​ដែល​ប៉ង​ជាច្រើន​ទសវត្សរ៍​មកហើយ​ ហើយក៏​ជា​ចំណត​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ការ​ឈាន​ទៅរក​លោក​ខាងលិច​របស់​តួកគី​ កំពុង​តែ​ជិត​រលាយ​សាបសូន្យ។ លោកស្រី ​Usluer​ និយាយ​ថា​ការ​ចូល​ជា​សមាជិក​នៅ​តែ​ជា​គោលដៅ​តាម​យុទ្ធសាស្រ្ត​មួយ​ ប៉ុន្តែ​វានឹង​មិនមែន​ជា​ការ​បញ្ចប់​នៃ​ប្រវត្តិសាស្រ្ត​ឡើយ។ ប្រសិន​បើ​វា​បញ្ចប់​ ការ​សម្រេចចិត្ត​ចាកចេញ​ពី​សហព័ន្ធ​អឺរ៉ុប​របស់​ប្រទេស​អង់គ្លេស​អាច​ជា​ឧទាហរណ៍​បាន៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG