ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជម្លោះ​រវាង​​តួ​ក​គី​និង​អឺរ៉ុប​កាន់តែខ្លាំង​ឡើង ប៉ុន្តែ​អាល្លឺម៉ង់​ចង់​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​ចូលរួម​សហការ


ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ កាល​ពី​ថ្ងៃទី​១១ ខែ​មីនា។ រដ្ឋាភិបាល​ហូឡង់​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ដក​ការ​អនុញ្ញាត​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​តួក​គី ចុះ​ចត​ក្នុងប្រទេស​ហូឡង់។

លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​តួ​ក​គី បាន​ត្រូវគេ​រារាំង​កាលពី​ថ្ងៃ​សៅរ៍​មិន​ឲ្យ​ចុះចត​នៅក្នុង​ប្រទេស​ហូឡង់ ខណៈ​មាន​ការតវ៉ា​ប្រឆាំង​កាន់តែខ្លាំង​ដល់​យុទ្ធនាការ​របស់​តួ​ក​គី​នៅ​ទូទាំង​សហភាព​អឺរ៉ុប។

ប្រធានាធិបតី Recep Tayyip Erdogan នៃ​ប្រទេស​តួ​ក​គី បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ចំណាត់ការ​នេះ ដោយបាន​ហៅ​ដៃគូ​អង្គការ​អូតង់​របស់លោក​ថា​ជា «សំណល់​ពួក​ណា​ហ្ស៊‍ី» ដែលជា​ការប្រៀបធៀប​លើក​ទី២ដែល​លោក​បានធ្វើ​រវាង​ប្រទេស​នៅ​អឺរ៉ុប​និង​ពួក​ណា​ហ្ស៊ី​នៅ​សប្តាហ៍​នេះ។

លោក Mark Rutte នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុ​ល្លង់ បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា៖ «ជាការ​ពិត វា​ជា​កំណត់សម្គាល់​ដ៏​ល្ងង់ខ្លៅ​មួយ។ ខ្ញុំ​យល់​អ្វីដែល​ពួកគេ​ខឹងសម្បា ក៏ប៉ុន្តែ ជាការ​ពិត វា​ជាការ​មិនអាច​ទទួល​បា​ន‍»។ ភ្លាមៗបន្ទាប់ពី​ការអត្ថាធិប្បាយ​ទាំងនេះ ទីភ្នាក់ងារ​ព័ត៌មាន Anadolu ដែល​កាន់កាប់​ដោយ​រដ្ឋ​តួ​ក​គី បានប្រកាសថា លោកស្រី Fatman Betul Sayan Kaya រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សង្គម​ដែល​នៅពេល​បច្ចុប្បន្ននេះ​បាន​ស្ថិតនៅ​ក្នុងប្រទេស​អាល្លឺម៉ង់ នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហុ​ល្លង់​តាម​ដីគោក ដើម្បី​ចូលរួម​ពិធី​មួយ​ដែល​លោកស្រី​គ្រោង​នឹង​និយាយ​ទោះបី​វា​ត្រូវបាន​លប់ចោល​ក៏ដោយ។

ប្រទេស​ជាច្រើន​នៅ​សហភាព​អឺរ៉ុប បាន​ជំទាស់​ប្រឆាំង​ដំណើ​ទស្សនកិច្ច​ដោយ​រដ្ឋមន្ត្រី​តួ​ក​គី​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​មុនពេល​ការបោះឆ្នោត​ប្រជាមតិ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​តួ​ក​គី។ រដ្ឋាភិបាល​តួ​ក​គី​ចង់​ទទួលបាន​ការគាំទ្រ​ក្នុងចំណោម​ជនជាតិ​តួ​ក​គី​រាប់លាន​នាក់​ដែល​កំពុង​រស់នៅក្នុង​សហភាព​អឺរ៉ុប​ដើម្បី​ផ្តល់​អំណាច​កាន់តែច្រើន​ឡើងដល់​ប្រធានាធិបតី Recep Tayyip Erdogan ដែល​គ្រោង​កាន់អំណាច​រហូតដល់​ឆ្នាំ២០២។

ការតានតឹង​បាន​កើនឡើង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ នៅពេលដែល​ពួក​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ប្រទេស​អូទ្រីស និង​អាល្លឺម៉ង់ បាន​រារាំង​ការបង្ហាញ​ខ្លួន​របស់​ពួក​មន្ត្រី​តួ​ក​គី ដែល​សង្ឃឹម​ទទួលបាន​ពួក​អ្នកគាំទ្រ​នៅ​អឺរ៉ុប៕

XS
SM
MD
LG