ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ត្រាំ​ប្តេជ្ញា​​សាង​​សង់​របង​នៅ​ព្រំដែន​ ប៉ុន្តែ​ផ្អាក​និយាយ​ពី​ថវិកា​សម្រាប់​សាងសង់


រូបឯកសារ៖ បុរស​ម្នាក់​បង្ហាញ​ពី​របៀប​ឡើង​លើ​របង​ដែល​ពុះ​ចែក​ព្រំដែន​ប្រទេស​ម៉ិកស៊ិក និង​ សហរដ្ឋ​អាមេរិក នៅ​ត្រង់​ចំណុច​បញ្ចប់​នៃ​របង​នេះ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ បាន​ប្តេជ្ញា​ជា​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ថា នឹង​សាង​សង់​របង​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក ​ដើម្បី​រារាំង​ដល់​ការ​ធ្វើ​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។ ​

ទោះ​យ៉ាង​ណា​លោក​កំពុង​តែ​ផ្តល់​សញ្ញា​ថា លោក​មាន​ឆន្ទៈ​នឹង​ផ្អាក​ការ​តស៊ូ​មតិ​ទៅ​លើ​ថវិកា​សម្រាប់​សាង​សង់​របង​នេះ​រហូត​ដល់​ចុង​ឆ្នាំ​នេះ ដើម្បី​ចៀសវាង​ការ​ផ្អាក​ដំណើរការ​របស់​រដ្ឋាភិបាល​ក្នុង​សប្តាហ៍​នេះ។ ​

លោក ត្រាំ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​លើ​បណ្តាញ​សង្គម Twitter ថា៖ «កុំ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្លែងក្លាយ​ប្រាប់​អ្នក​ថា ខ្ញុំ​បាន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្ញុំ​ទៅ​លើ​ការ​សាងសង់​របង​នេះ។ ខ្ញុំ​នឹង​ឲ្យ​គេ​សាងសង់​របង​នេះ និង​ជួយ​បញ្ឈប់​ការ​នាំ​ចូល​ថ្នាំញៀន និង​ការ​ជួញ​ដូរ​មនុស្ស‍»។

កាល​ពី​ថ្ងៃ​ចន្ទ លោក ត្រាំ បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​អភិរក្ស​និយម​មួយ​ក្រុម​នៅ​សេតវិមាន​ថា លោក​អាច​រង់ចាំ​ដល់​ខែ​កញ្ញា​ដើម្បី​ជំរុញ​ឲ្យ​បង្ហាញ​ថវិកា​សម្រាប់​សាងសង់​របង​នេះ ដែល​អ្នក​ខ្លះ​ប៉ាន់​ប្រមាណ​ថា​អាច​មាន​តម្លៃ​ជាង​២០​ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG