ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋអាមេរិក​ព្យាយាម​បញ្ជូន​សារ​ច្បាស់​លាស់​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD


អ្នក​ស្រុក​ដើរ​កាត់​ហាង Lotte Mart កន្លែង​ដែល​វិធានការ​សន្តិសុខ​បន្ថែម​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

នៅ​ពេលមាន​ភាព​តានតឹង​ខ្លាំង​រវាង​ស.រ.អា. និង​ប្រទេស​ចិន​អំពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​កាំ​ជ្រួច​មីស៊ីល​ស.រ.អា.​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ពួក​អ្នក​ជំនាញ​និយាយ​ថា​ ស.រ.អា.​គួរ​បញ្ជូន​សារច្បាស់លាស់​មួយ​នៅ​ក្នុង​ជំនួប​កំពូល​នៅ​ខែ​ក្រោយ​ថា​សកម្មភាពរបស់​ស.រ.អា.​នេះ​គ្មាន​បំណង​ធ្វើ​ឱ្យ​ចិន​យល់ឃើញ​ថា​ ជា​សកម្មភាព​ប៉ង​វាយ​លុក​ឬ​គឃ្លើន​ទេ។​

សេចក្តី​សម្រេច​រួម​គ្នា​រវាង​ស.រ.អា. និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​តម្លើង​ប្រព័ន្ធ​ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីល THAAD នៅ​លើ​ឧបទ្វីប​កូរ៉េ​មាន​ឡើង​កាលពី​ខែ​កក្កដា​នៅ​ក្រោយ​ការ​បាញ់​ពិសោធ​កាំជ្រួច​មីស៊ីល​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ​ប្រទេស​ចិន​បាន​ថ្កោលទោស​ចំណាត់​វិធានការ​នេះ​ច្រើន​ដង​មក​ហើយ​ដោយ​និយាយ​ទទូច​ថា ​រ៉ាដា​របស់​ប្រព័ន្ធ​នេះ​អាច​ពិនិត្យ​មើល​ដែនដី​ខ្លួន និង​ឃ្លាំ​មើល​កង​យោធា​ចិន​ផង​ដែរ ហើយ​នៅ​ពេល​នេះ​ដែល​ផ្នែក​នានា​នៃ​ប្រព័ន្ធ​បាញ់​ស្ទាក់​កាំជ្រួច​មីស៊ីល​នេះ​កំពុង​ត្រូវ​តម្លើង​ហើយ​នោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​គេ​ជឿ​ថា​ គ្រោង​នឹង​ធ្វើ​ការ​សងសឹក​ខាងសេដ្ឋកិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្កើន​កិច្ចការ​ទូត​ដើម្បី​បង្រួម​ឱ្យ​តូច​ការ​ខ្វែង​គំនិត​ជាមួយ​ប្រទេស​ចិនអំពី​បញ្ហា​ THAAD ក៏​ប៉ុន្តែ​ភាគី​ទាំង​ពីរ​ហាក់​ដូចជា​គ្មាន​ការ​ព្រមព្រៀង​គ្នា​ទេ។​

អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ចិន Wang Yi បាន​និយាយ​ជា​ថ្មី​ទៀត​អំពី​ការ​មិន​យល់ព្រម​ដល់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ THAAD ក្នុង​កូរ៉េខាង​ត្បូង​ទេ​នៅ​ក្នុង​ជំនួប​មួយកាលពី​ចុង​សប្តាហ៍​មុន​នៅ​ក្នុង​ក្រុង​ប៉េកាំង​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិកាំង​ Rex Tillerson។ ​ហើយ​លោក Joseph Yun អ្នក​តំណាង​ពិសេស​របស់​ក្រសួង​ការបរទេស​ស.រ.អា.​សម្រាប់​គោលនយោបាយ​ស្តី​ពី​កូរ៉េ​ខាង​ជើង​បាន​និយាយ​ប្រាប់ សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​លោកគឺ​លោក Kim Hong-kyun ថា​លោក​ Tillerson បាន​និយាយ «ហ្មត់ចត់​ណាស់» ដល់​ភាគី​ចិន «ដោយ​លោក​បាន​គូស​បញ្ជាក់​ថា​ THAAD ជា​វិធានការ​ការពារ​ប្រឆាំង​នឹង​សក្តានុពល​នៃ​ការ​បង្ហោះកាំ​ជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង»៕

XS
SM
MD
LG