ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោកស្រី Tsai និង​លោក Trump ឆ្លុះបញ្ចាំង​ពី​​ទស្សនៈ​ដែល​ជំរុញ​ឲ្យ​លោក​Trump​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​ចិន


លោក Reince Priebus នាយក​ខុទ្ទកាល័យ​របស់​លោក Trump (រូប​ខាង​ស្តាំ​) ជួប​ជា​មួយ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ingwen កាលពី​ឆ្នាំ២០១៥។ (រូប​ថត៖ ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី Tsai Ingwen)

លោក Reince Priebus នាយក​ខុទ្ទកាល័យ​របស់​លោក Trump (រូប​ខាង​ស្តាំ​) ជួប​ជា​មួយ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ingwen កាលពី​ឆ្នាំ២០១៥។ (រូប​ថត៖ ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី Tsai Ingwen)

ការហៅ​ទូរស័ព្ទ​របស់​លោកស្រី​ប្រធានាធិបតី​ Tsai​ ត្រូវ​បាន​គេ​យល់​​ឃើញ​ថា​ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​កម្រោល​របស់​ក្រុម​ទីប្រឹក្សា​​របស់​លោក​Trump។

ជំនួយការ​ទទួល​បន្ទុក​ផ្នែក​គោលនយោបាយ​ការបរទេស​របស់​គណបក្ស​សាធារណរដ្ឋ​នៃ​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ដំណើរ​មក​ដល់​កោះតៃវ៉ាន់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្ដាហ៍។​ ក្នុង​នោះ​អាច​រួម​បញ្ចូល​ជំនួប​ជាមួយ​នឹង​លោកស្រី​ប្រធានាធិបតី Tsai Ing-wen បន្ទាប់​ពី​លោកស្រី​បាន​ទូរស័ព្ទ​ទៅ​អបអរសាទរ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ស.រ.អា. Trump​ កាល​ពី​ថ្ងៃ​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ។

ការហៅ​ទូរស័ព្ទ​របស់​លោកស្រី​ប្រធានាធិបតី​ Tsai​ ត្រូវ​បាន​គេ​យល់ឃើញ​ថា​ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​កម្រោល​របស់​ក្រុម​ទីប្រឹក្សារបស់​លោក​Trump។ ក្រុម​ទីប្រឹក្សា​នេះ​ថា​ រដ្ឋាភិបាល​វ៉ាស៊ីនតោន​គួរ​តែ​បន្ត​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង «ពី​ការ​បង្ហាញ​គោល​ជំហ​តាម​រយៈ​ការ​ប្រើ​ប្រាស់​អំណាច»។

លោក​ Stephan Yates បាន​ទៅ​កោះ​តៃវ៉ាន់​ជា​លើក​ដំបូង​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៨៧​ ក្នុង​ឋានៈ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​និកាយ​ Mormon។ លោក​ធ្លាប់​ចំណាយ​ពេល​អស់​ជាច្រើន​ម៉ោង​ជិះ​ឡាន​ក្រុង​ ដើម្បី​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ធំៗ រួម​មាន​ក្រុង​ Changhwa (彰化) និង Kaohsiung (高雄)។​ លោក​បាន​នៅ​ទីនោះ​អស់​ជិត​រយៈ​ពេល​២​ឆ្នាំ។

បី​ទសវត្សរ៍​ក្រោយ​មក​ មាន​ការផ្លាស់ប្ដូរ​ជាច្រើន​ ។ គេ​ឃើញ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ និង​អគារ​ខ្ពស់​ជា​ច្រើន​នៅ​គ្រប់​ទីកន្លែង ព្រម​ទាំង​រថភ្លើង​ល្បឿន​លឿន​ ដែល​ជួយ​ដល់​ការធ្វើដំណើរ​ឲ្យ​មាន​ភាពងាយស្រួល​ច្រើន។​ នេះ​មិន​ទាន់​រាប់​បញ្ចូល​នូវ​លទ្ធិប្រជាធិបតេយ្យ​ចាស់​ទុំ​ ដែល​មាន​ការ​ផ្លាស់ប្ដូរ​អំណាច​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀត​ ដោយ​សន្តិភាព។

ការគោរព​ចំពោះ​តៃវ៉ាន់

លោក Stephan Yates ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Idaho បាន​ប្រាប់ VOA កាល​ពី​ដើម​ខែ​ធ្នូ​ថា៖

«ប្រសិន​បើ​ប្រទេស​ចិន​ចង់​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ ពួកគេ​ត្រូវ​តែ​គោរព​ការធ្វើ​កំណែ​ទម្រង់​នយោបាយ​និង​លទ្ធិ​ប្រជាធិបតេយ្យ​បស់​តៃវ៉ាន់​ តួយ៉ាង​ទំនាក់ទំនង​ជាមួយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​Trump»។

ដោយ​រក្សា​ដំណើរ​ទស្សនកិច្ច​នេះ​ជា​លក្ខណៈ​ស្ងប់ស្ងាត់​ លោក Yates និយាយ​ថា​ លោក​មិន​បាន​ពាំនាំ​សារ​តំណាង​លោក​ Trump ​ទៅ​កាន់​លោកស្រី​ប្រធានាធិបតី Tsai នោះ​ទេ។

ការ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង

ខណៈ​ពេល​ដែល​ការសន្ទនា​រវាង​លោក​Trump និង​លោកស្រី​ Tsai បាន​បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​យ៉ាងខ្លាំងក្លា​ពី​សំណាក់​ប្រទេស​ចិន​ ការហៅ​ទូរស័ព្ទ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​លោក​ Yates​ និង​ទីប្រឹក្សា​ផ្សេងទៀត​នៃ​គណបក្ស​សាធារណរដ្ឋ​ ដែល​ជំរុញ​ឲ្យ​លោក​Trump​មាន​គោល​ជំហ​តឹងរ៉ឹង​ប្រឆាំង​នឹង​ចិន​ដោយ​បើក​ចំហ។

ក្រុម​មន្ត្រី​ការបរទេស​ចិន​បាន​និយាយ​ជាមួយ​នឹង​លោក​ Max Baucus​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន ដោយ​បង្ហាញ​ពី​ការ​ជំទាស់​ កាល​ពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ។

គោលនយោបាយ​ «ចិនតែមួយ» នៅ​តែ​មាន​ប្រសិទ្ធភាព

ក្រសួង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនបាន​ឲ្យ​ដឹង​ថា​ ការសន្ទនា​តាម​ទូរស័ព្ទ​នោះ​មិន​បាន​បង្ក​ការ​ប៉ះពាល់​ដល់​គោលនយោបាយ​ «ចិនតែមួយ» របស់​អាមេរិក​នា​ពេល​បច្ចុប្បន្ន​ឡើយ។

អ្នកនាំពាក្យ​ស្តី​ទី​ក្រសួង​ការបរទេស​អាមេរិក លោក Mark Toner បាន​និយាយ​កាល​ពី​ដើម​ខែ​ធ្នូ​ថា៖​

«ដោយ​បង្កើត​គោលនយោបាយ​ «ចិនតែមួយ»នេះ វា​បាន​ធ្វើ​ឲ្យ​យើង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ប៉េកាំង​ ព្រមទាំង​ធ្វើ​ឲ្យ​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​តៃប៉ិ​កាន់​តែ​ស៊ី​ជម្រៅ។ ដូច្នេះតាម​ការ​ប៉ាន់ប្រមាណ​របស់​យើង​ វា​គឺ​ជា​គោលនយោបាយ​ដ៏​មាន​ផ្លែផ្កា​មួយដែល​ត្រូវ​តែ​បន្ត​អនុវត្ត​ បើ​ទោះ​បី​ជាករណី​នេះ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ដោយ»។

ប្រទេស​ចិន​អះអាងថា ​ការគ្រប់គ្រង​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​គឺ​ស្រប​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ចិន​មិន​ដែល​បាន​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​កងកម្លាំង​យោធា ​ដើម្បី​យក​កោះ​តៃវ៉ាន់មក​គ្រប់គ្រង​នោះ​ទេ។ សហរដ្ឋ​អាមេរិក​បាន​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​នៅ​ក្នុង​ឆ្នាំ​១៩៧៩។

សេចក្តី​ប្រកាស​រួម​របស់​អាមេរិក​-ចិន កាល​ពី​ឆ្នាំ​ ១៩៧៩ សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ជា​រដ្ឋាភិបាល​ផ្លូវ​ការ​របស់​ប្រទេស​ចិនតែ​មួយ​គត់​។​ ក្នុង​នោះ​អាមេរិកយល់​ព្រម​ទទួលស្គាល់​ជំហរ​របស់​ចិន​ដែល​ថា​ មាន​ចិន​តែ​មួយ​ ហើយ​កោះតៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន។

សារ​របស់​លោក​Trump​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង

សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក​ Dana Rohrabacher បាន​ថ្លែង​ថា​ ការសន្ទនា​តាម​ទូរស័ព្ទ​នេះ​គឺ​ជា​ការព្រមាន​បែប​ការទូត​ចំពោះ​ចិន។

សារព័ត៌មាន​ជាច្រើន​រាយការណ៍​អំពី​ លោក Rohrabacher ថាជា​បេក្ខភាព​ដ៏​មាន​សក្ដានុពល​ សម្រាប់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក។ ​

លោក Rohrabacher​ បាន​និយាយ​នៅ​កម្មវិធី​ព័ត៌មានទូរទស្សន៍​ Fox News កាល​ពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ ថា​ «លោក​ Trump បង្ហាញ​អ្នកដឹកនាំ​ផ្តាច់​ការ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ថា​ លោក​មិន​មែន​ជា​មនុស្ស​ដែល​អាច​ឲ្យ​បញ្ជារ​បាន​ស្រេច​តែ​ចិត្ត​នោះ​ទេ»។

លោក​បន្ថែម​ថា៖ «ចិន​មាន​គោល​នយោបាយ​ការបរទេស​ដ៏​គគ្លើន»។

អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក John Bolton បាន​និយាយ​ថា វា​ដល់​ពេល​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ទំនាក់ទំនង​រវាង​អាមេរិក‍-ចិន ​ដោយ​លើក​ឡើង​ពី​«ការទាមទារ​ដ៏​គគ្លើន​និង​រឹងទទឹង​»របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​ John Bolton ​ក៏​អាច​ជា​អ្នក​ដែល​អាច​នឹង​ក្លាយ​ជា​មនុស្ស​បន្ទាប់​ចំពោះ​តំណែង​ការទូត​ជាន់​ខ្ពស់​របស់​អាមេរិក​ផង​ដែរ​។

ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​លោក Trump គឺ​លោក​ Peter Navarro និងទីប្រឹក្សា​ខាង​វិស័យ​ការពារ​ ប្រទេស​របស់​លោក Trump គឺលោកAlexander Gray បាន​ហៅ​កោះតៃវ៉ាន់​ជា​ «ពន្លឺ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​អាស៊ី» ហើយ​ហៅ​តៃវ៉ាន់​ថា​ «ប្រហែល​ជា​ សម្ព័ន្ធ​មិត្ត​អាមេរិក​ដែល​ងាយ​រងគ្រោះ​ផ្នែក​យោធា​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

អ្នក​ទាំង​ពីរ​ គាំទ្រ​ឲ្យ​មាន​ការលក់ អាវុធ​របស់​អាមេរិក​ក្នុង​បរិមាណ​ដ៏​ច្រើនឲ្យ​ទៅ​តៃវ៉ាន់​ ដើម្បី​ទប់ទល់​នឹង​ «​ភាព​លោភលន់​របស់​ចិន​» ព្រមទាំង​បំពេញ​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់។​

គោលនយោបាយ​ងាក​បែរ​ទៅ​តំបន់​អាស៊ី (​Asia ​Pivot) ​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា

​ទីប្រឹក្សា​ទាំងពីរ​បាន​ថ្លែង​ថា​ គោលនយោបាយងាក​ទៅ​តំបន់​អាស៊ី គឺ​ជា​ការបរាជ័យ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា ហើយ​ថា​ គោលនយោបាយ​នេះ​ បាន​បង្ក​ឲ្យ​ចិន​កាន់​តែ​គគ្លើន​ឡើង​នៅ​សមុទ្រ​ចិន​ខាង​កើត​និង​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​យោង​តាម​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​ក្នុងទស្សនាវដ្ដី «គោលនយោបាយ​ការបរទេស» កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

មាន​ការរំពឹង​ទុក​ខ្ពស់​ពេក?

ប៉ុន្តែ​អ្នកជំនាញ​តំបន់​មួយ​ចំនួន​ បាន​សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការបង្ហាញ​ទស្សនៈ​អំពី​ចិន​ជា​លើក​ដំបូង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​លោក Donald Trump។

លោក​ Bonnie Glaser នាយក​គម្រោង​អំណាច​របស់​ចិន​ នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) បាន​ថ្លែង​ថា៖

«វា​ហាក់​ដូចជា​ធ្វើ​ឲ្យ​តៃវ៉ាន់​បង្កើន​ការរំពឹង​ទុក​ អំពីការផ្លាស់ប្តូរ​មិន​ទាន់​សម្រេច​របស់​អាមេរិក​ ចំពោះ​គោលនយោបាយ​ចិន​តែ​មួយ​ ដែល​មិន​ទំនង​ជា​មាន​នា​ពេល​ខាង​មុខ​នោះ​ទេ។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​ជា​ទាមទារ​អ្វី​មួយ​ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Trump ហើយ​ចិនមិនទុកចិត្ត​លោក​និង​ក្រុម​ថ្មី​របស់​លោក​នោះ​ទេ»។​

លោក​ Glaser​ បន្ថែម​ថា​៖ «សហរដ្ឋ​អាមេរិក​ គួរតែ​រឹត​បន្តឹង​ចំណង​ទាក់ទង​ជាមួយ​តៃវ៉ាន់​ ប៉ុន្តែ​ជា​លក្ខណៈ​ច្បាស់លាស់​ជាក់ស្តែងជាជាង​គ្រាន់​តែ​ជា​និមិត្ត​សញ្ញា។​ យើង​គួរ​តែ​ចរចា​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​តៃវ៉ាន់​ ហើយ​ជំរុញ​ប្រទេស​ដទៃ​ទៀត​ឲ្យ​ធ្វើ​តាម​របៀប​នេះ​ផង​ដែរ»៕

ប្រែ​សម្រួល​ដោយ៖ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG