ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump សន្យា​បង្កើន​ការ​ចាយ​វាយ​លើ​វិស័យ​ការពារ​ប្រទេស ខណៈ​លោក​បំពេញ​ទស្សនកិច្ច​នៅ​កន្លែង​សង់​នាវា​មួយ​ក្នុង​រដ្ឋ Virginia


លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ អញ្ជើញ​ឡើង​យន្តហោះ Air Force One នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​ នៅ​ក្នុង​ក្រុង Hampton រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

លោក​ Trump បាន​សន្យា​បង្កើន​ការ​ចាយ​វាយ​លើ​វិស័យ​ការពារ​ប្រទេស នៅ​ពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​កន្លែង​សង់​នាវាមួយ​ក្នុង​រដ្ឋ​ Virginia កាល​ពី ថ្ងៃ​ព្រហស្សតិ៍​ដើម្បី​ទៅ​មើល​នាវា​ចម្បាំង​មួយ​គ្រឿង​ដែល​មាន​តម្លៃ​ច្រើន​ជាង​គេ​បង្អស់។

លោកពាក់​អាវ​យោធា ​និង​មួក​កន្តិប នៅ​ពេល​ដែល​លោក​ដើរ​មើល​នាវា USS Gerald R. Ford ដែល​មាន​តម្លៃ​១ម៉ឺន២ពាន់៩​រយ​លាន​ដុល្លារ។ នាវា​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បង្អស់​ហើយ​ត្រូវ​បាន​ពន្យារ​ពេល​ក្នុង​ការ​សាង​សង់ ប៉ុន្តែ​ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​យក​មក​ប្រើ​ប្រាស់​បាន​នៅ​ចុង​ឆ្នាំ​នេះ។ លោក Trump ​បាន​ប្រើ​ប្រាស់​ឱកាស​ដ៏​សំខាន់​នេះ​ដើម្បីបង្ហាញ​នូវ​ការ​សន្យា​បង្កើន​ការ​ចាយ​វាយ​ក្នុង​វិស័យ​យោធា​យ៉ាង​ច្រើន​ដែល​លោក​បាន​ធ្វើ​ឡើង​នៅ​សប្តាហ៍​នេះ។

ក្នុង​អំឡុង​សុន្ទរកថា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទៅ​កាន់សភា​អាមេរិក​ទាំង​ពីរ លោក​បាន​ថ្លែង​ថា «ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​មាន​សុវត្ថិភាព យើង​ចាំ​បាច់​ត្រូវ​តែ​ផ្តល់​ជូន​បុរស ​និង​ស្រ្តី​ក្នុង​កង​យោធា​សរអានូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​រារាំង​សង្គ្រាម»។

លោក​ប្រធានាធិបតី​ថ្លែង​ទៀត​ថា យើង​សង្ឃឹម​ថា​នឹង​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​នាវា​នេះ​ទេ ប៉ុន្តែ​បើ​យើង​ត្រូវ​ការ​ប្រើ ពួក​សត្រូវ​ច្បាស់​ជា​ជួប​នឹង​បញ្ហា​ធំ​ជា​មិន​ខាន៕

XS
SM
MD
LG