ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump នឹង​ជួប​ជាមួយ​មេដឹកនាំ​ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក


លោក James Clapper ប្រធាន​ក្រុម​ស៊ើបការ​សម្ងាត់​ជាតិ​អាមេរិក​ធ្វើ​សក្ខីកម្ម​នៅ​ពេល​មុខ​គណៈកម្មការ​សេវាកម្ម​យោធា​របស់​ព្រឹទ្ធសភា​អាមេរិក​នៅ​វិមានCapitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក Donald Trump ដែល​បាន​ច្រានចោល​គំនិត​របស់​ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក​ដែល​ថា រុស្ស៊ី​បាន​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ពេល​ថ្មីៗ​នេះ នឹង​ទទួល​ការ​ពន្យល់​ណែនាំ​លម្អិត​ពី​មេដឹកនាំ​ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ។ ​

នៅ​ក្នុង​ដំណើរ​វិវត្តន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ លោក Trump ដែល​ជា​អ្នក​រិះគន់​ខ្លាំងៗ​ទៅ​លើ​ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក បាន​និយាយ​បន្ទន់​សម្តី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Tweeter ថា លោក​គឺ​ជា «អ្នកគាំទ្រ​ខ្លាំង​ក្លា​ម្នាក់»​ ទៅ​លើ​ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក។ ​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ស៊ើប​ការសម្ងាត់​កំពូល​របស់​អាមេរិក​បាន​ធ្វើ​សក្ខីកម្ម​ថា ភស្តុតាង​ដែល​ថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​គឺ​ពិត​ប្រាកដ ប៉ុន្តែ​គ្មាន​មធ្យោបាយ​ដែល​អាច​ដឹង​បាន​ទេ ថា​តើ​រុស្ស៊ី​បាន​ជួយ​ឲ្យ​លោក Trump ឈ្នះ​ឬ​យ៉ាង​ណា។

លោក James Clapper ប្រធាន​ក្រុម​ស៊ើបការ​សម្ងាត់​ជាតិ​អាមេរិក​បាន​ថ្លែង​ប្រាប់​គណៈកម្មការ​ត្រួត​ពិនិត្យ​យោធា​អាមេរិក​ថា «រុស្ស៊ី​មាន​ប្រវត្តិ​ជា​យូរ​ណាស់​មក​ហើយ​ក្នុង​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត ប្រជាពលរដ្ឋ​របស់​ខ្លួន និង​ប្រជាពលរដ្ឋ​របស់​ប្រទេស​ដទៃ។ ប៉ុន្តែ​យើង​មិន​ដែល​ប្រឈម​នឹង​យុទ្ធនាការ​ដោយ​ផ្ទាល់​ក្នុង​ការ​ជ្រៀតជ្រែក​ជាមួយ​នឹង​ដំណើរការ​បោះឆ្នោត​ដែល​យើង​ឃើញ​ក្នុង​ករណី​នេះ​នោះ​ទេ»។

លោក Clapper បាន​និយាយ​ថា​ លោក​មិន​ដឹង​ឲ្យ​ប្រាកដ​នោះ​ទេ ថា​តើ​ការបែកធ្លាយ​ព័ត៌មាន​សម្ងាត់​ទៅ​ដល់​រុស្ស៊ី​ ជះ​ឥទ្ធិពល​ទៅ​លើ​ជម្រើស​របស់​អ្នក​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ឬ​យ៉ាង​ណា។ ប៉ុន្តែ​លោក​បាន​និយាយ​ថា រុស្ស៊ី​មិន​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​ឬ​លទ្ធផល​ចុង​បញ្ចប់​នោះ​ទេ៕

XS
SM
MD
LG