ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ត្រាំ​លើក​ឡើង​ថា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​អូបាម៉ា​លួច​ស្តាប់​សន្ទនា​ទីប្រឹក្សា​របស់​លោក


រូប​ឯកសារ៖ លោក​ស្រី Susan Rice អតីត​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​អាមេរិក ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​លើក​ឡើង​ថា​លោក​ស្រី Susan Rice ដែល​ជា​ទីប្រឹក្សា​ជាតិ​របស់​អតីត​ប្រធានាធិបតី ​លោក បារ៉ាក់ អូបាម៉ា​ បាន​លួច​ស្តាប់​បទ​សន្ទនា​របស់​ទីប្រឹក្សា​លោក​ជាមួយ​នឹង​ជន​បរទេស​កាល​ពី​ឆ្នាំ​មុន និង​បាន​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​របស់​ពួក​គេ​ដោយ​សារ​ហេតុផល​នយោបាយ។ ក៏​ប៉ុន្តែលោក​ស្រី​ Rice ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ចោទ​ប្រកាន់នេះ​គឺ​ជា​រឿង​ដែល​«មិន​ពិត​ទាល់​តែ​សោះ»។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ ​MSNBC ​លោក​ស្រី Rice បាន​និយាយ​ថា ការ​អះអាង​របស់​លោក ត្រាំ​ ដែល​ថា លោក អូបាម៉ា​ បាន​លួច​ថត​សំឡេង​លោក គឺ​ជា​រឿង​មិន​ពិត​ទាល់​តែ​សោះ។ ការ​ចោទ​ប្រកាន់​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​តំណាង​រាស្រ្ត និង​ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ផង​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លោក ត្រាំ​ ក៏​បាន​ស្រង់​គណនី​សារព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចោទ​ប្រកាន់​ថា លោកស្រី​ Rice ​«បាន​បញ្ជា​ឲ្យ​លួច​មើល​ឯកសារ​មួយ​ចំនួន​របស់​លោក ត្រាំ»។

លោក​ស្រី​ Rice ថ្លែង​ថា​ក្នុង​តួនាទី​របស់​លោក​ស្រី​នៅ​សេតវិមាន​ លោកស្រី​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ទាំង​អស់​ជា​រៀងរាល់​ថ្ងៃ។ លោកស្រី​ក៏​បាន​បន្ថែម​ថា «វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​លោកស្រីក្នុង​ការ​ស្នើ​ឲ្យ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ប្រមូល​ព័ត៌មាន​ដើម្បី​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​និយាយ​ជា​មួយ​ភ្នាក់ងារ​បរទេស​ក្នុង​ពេល​ពេល​ឈ្លប​យកការណ៍​ជា​ប្រចាំ​នោះ៕

XS
SM
MD
LG