ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​នាំពាក្យ​និយាយ​ថាលោក​ ត្រាំ​ បាន​លក់​ភាគហ៊ុន​និង​មូលប័ត្រ​របស់​លោក​ទាំងអស់​កាល​ពី​ខែ​មិថុនា


លោក Jason Miller អ្នក​នាំពាក្យ​និង​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​កាល​ពីខែ​វិច្ឆិកា នៅ​ទីក្រុងញូវយ៉ក។

លោក Jason Miller អ្នក​នាំពាក្យ​និង​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​កាល​ពីខែ​វិច្ឆិកា នៅ​ទីក្រុងញូវយ៉ក។

អ្នកនាំពាក្យ​របស់​ក្រុមការងារ​រៀបចំ​ដំណើរការ​ផ្ទេរ​តំណែង​របស់​លោក ​ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ប្រធានាធិបតី​ជាប់ឆ្នោត​បាន​លក់​ភាគហ៊ុន​ទាំងអស់​របស់​លោក​កាល​ពី​ខែ​មិថុនា​ហើយ។ នេះ​គឺ​ជា​ដំណើរ​វិវត្តន៍​មួយ​ដែល​អាច​ដោះស្រាយ​ការព្រួយបារម្ភ​អំពី​ជម្លោះ​ផល​ប្រយោជន៍។

នៅ​ក្នុង​ការឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ជាមួយ​នឹង​អ្នក​កាសែត លោក Jason Miller អ្នក​នាំ​ពាក្យ​របស់​ក្រុមការងារ​រៀប​ចំ​ដំណើរការ​ផ្ទេរ​តំណែង​ត្រូវ​បាន​គេ​សួរ​នាំ​អំពី​ភាគហ៊ុន​របស់​លោក ត្រាំ នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​យន្តហោះ បូអ៊ីង បន្ទាប់​ពី​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​បាន​រិះ​គន់​ក្រុមហ៊ុន​នោះ​ចំពោះ​អ្វី​ដែល​លោក​និយាយ​ថា តម្លៃ​សាង​សង់​យន្តហោះ Air Force One កើន​ឡើង។ យន្តហោះ Air Force One នេះ​គឺ​ជា​យន្តហោះ​សម្រាប់ប្រធានាធិបតី​អាមេរិក​ថ្មី​ធ្វើ​ដំណើរ។

លោក Miller បាន​ឆ្លើយ​ថា៖ «ប្រធានាធិបតី​ជាប់​ឆ្នោត​បាន​លក់​ភាគហ៊ុន​ទាំងអស់​របស់​លោក​ហើយ​កាល​ពី​ខែ​មិថុនា»។ បន្ទាប់​មក ​លោក Miller បាន​បញ្ជាក់​ថា មហាសេដ្ឋី​អចលនទ្រព្យ លោក ត្រំ​ បាន​លក់​ភាគហ៊ុន​ទាំងអស់​របស់​លោក​ហើយ មិន​មែន​ត្រឹម​តែ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​យន្តហោះ​នោះ​ទេ។​

ឯកសារ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ខែ​ឧសភា​សម្រាប់​ការិយាល័យ​ក្រមសីលធម៌​របស់​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​ថា​ លោក ត្រាំ​ មាន​ភាគហ៊ុន​និង​មូលប័ត្រ​ចំនួន​១៥០។ ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​យន្តហោះ បូអ៊ីង គឺ​ជា​ការវិនិយោគ​មួយ​របស់​លោក​ក្នុង​ចំណោម​ការវិនិយោគ​ដទៃទៀត ដូចជា​នៅ​ធនាគារ​និង​ក្រុមហ៊ុន​ប្រេង។ ឯកសារ​នោះ​បាន​បង្ហាញ​ថា ភាគហ៊ុន​និង​មូលប័ត្រ​របស់​លោក​មាន​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ៕

XS
SM
MD
LG