ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump បង្ហាញ​សញ្ញា​ថា លោក​នឹង​បង្កើត​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាម​ឡើងវិញ

  • Ralph Jennings

រូបភាព​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan Phuc។

ប្រទេស​វៀតណាម​កំពុង​សម្លឹង​រក​ឱកាស​ដើម្បី​ចាប់ផ្ដើម​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សន្តិសុខ ដែល​ជា​ទំនាក់​ទំនង​ដ៏​មាន​សារៈសំខាន់​នេះ ឡើង​វិញ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ស្រប​ពេល​នោះ​ដែរ វៀតណាម​ក៏​កំពុង​ស្ទាបស្ទង់​មើល​លើ​ឥទ្ធិពល​បញ្ចុះបញ្ចូល​របស់​ប្រទេស​ចិន ដែល​ជា​គូ​សត្រូវ​ចាស់​របស់​ខ្លួន។

វៀតណាម​ធ្វើ​កំពុង​ធ្វើ​ដូច្នេះ បន្ទាប់​ពី​មាន​សំណើ​ថ្មី​មួយ​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។

លិខិត​មួយ​ច្បាប់​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ដែល​បាន​ផ្ញើ​ជូន​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang បាន​ស្នើ​ថា កិច្ច​សហ​ប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​រសាយ​នូវ​ក្ដី​កង្វល់​របស់​ខ្លួន​ដែល​ខ្វាយ​ខ្វល់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាក​ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​វៀតណាម​នោះ ទោះបីជា​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​នេះ​ទំនង​ជា​មិន​អាច​ផ្ដល់​ជា​សញ្ញា​ឲ្យ​ឃើញ​ពី​ការ​សម្រេច​បាន​ណា​មួយ​ភ្លាមៗ​ក៏​ដោយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

ប៉ុន្តែ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​អធិប្បាយ​ផ្លូវការ​ណា​មួយ​អំពី​រឿង​នេះ ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

វៀតណាម​សង្ឃឹម​ថា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង​កើន​ឡើង

អ្នក​តាមដាន​ស្ថានការណ៍​នានា​ជឿជាក់​ថា រដ្ឋាភិបាល​វៀតណាម​សង្ឃឹម​ថា លិខិត​ដែល​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​កាល​ពី​សប្ដាហ៍​មុន​នេះ មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​នឹង​យល់ព្រម​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ទោះបីជា​លោក Donald Trump លះបង់​ចោល​នូវ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ក៏​ដោយ។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TPP នេះ ជា​កិច្ច​ព្រមព្រៀង​មាន​ប្រទេស​ចំនួន ១២ ជា​សមាជិក ដែល​ក្នុង​នោះ មាន​ទាំង​ប្រទេស​វៀតណាម​ផង​ដែរ។

លិខិត​នោះ​ក៏​អាច​ជា​សញ្ញា​នៃ​ការ​រស់​ឡើង​វិញ​នៃ​ទំនាក់ទំនង​ផ្នែក​ការពារ​ជាតិ​ដែល​វៀតណាម​បាន​បង្កើត​ឡើង នៅ​ក្រោម​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama ផង​ដែរ ដោយសារ​តែ​កាល​ពី​ពេល​នោះ ប្រទេស​ចិន​បាន​ដាក់​យោធា​លើ​ដែន​សមុទ្រ​ដែល​ទាម​ទារ​ដោយ​វៀតណាម។

លោក Carl Thayer សាស្ត្រាចារ្យ​ចូលនិវត្តន៍​ជំនាញ​នយោបាយ​នៅ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការ​ប្រឹងប្រែង​របស់​វៀតណាម​ដើម្បី​រក្សា​តុល្យភាព​គំនិត​ផ្ទុយ​គ្នា​ជា​ច្រើន​នោះ អាច​នឹង​ទទួល​បរាជ័យ ប្រសិនបើ​លោក Donald Trump មាន​ទំនាក់ទំនង​តែ​ជាមួយ​ចិន ហើយ​មិន​ខ្វាយខ្វល់​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​នោះ»។

ការ​ពិភាក្សា​ក្រៅ​ផ្លូវការ​ជាមួយ​លោក Donald Trump កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦

លិខិត​របស់​លោក Trump នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc និង​លោក Trump ខ្លួន​ឯង​ផ្ទាល់ កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។ នៅ​ពេល​នោះ លោក Trump បាន​និយាយ​ថា លោក​ចង់​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​លោក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​នានា ដែល​អាច​នឹង​អនុវត្ត​បន្ថែម​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ប្រទេស​វៀតណាម​អាច​រំពឹង​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្នុង​រយៈពេល​វែង​តែ​ប៉ុណ្ណោះ ដោយសារ​តែ​លោក Trump នៅ​តែ​ប្រកាន់​ខ្ជាប់​ថា​ក្រុមហ៊ុន​អាមេរិក​គួរ​តែ​រក្សា​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ជាជាង​បង្កើត​រោងចក្រ​នៅ​ក្រៅ​ប្រទេស​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​នោះ។

លោក Adam McCarty ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្រុម​ហ៊ុន Mekong Economics ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម បាន​និយាយ​ថា៖ «លោក Donald Trump ចាត់ទុក​វៀតណាម​ជា​ប្រទេស​នាំចេញ​ដ៏​ធំ​មួយ ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​ជា​ប្រទេស ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ តាម​ពិត មាន​ការ​ពិចារណា​តាម​បែប​ភូមិសាស្ត្រ​នយោបាយ​ដែរ ប៉ុន្តែ​អ្នក​មិន​អាច​ដឹង​ឲ្យ​ប្រាកដ​ថា លោក Donald Trumpគិត​គូរ​បាន​ស៊ីជម្រៅ​ប៉ុណ្ណា​នោះ​ទេ»។

សេដ្ឋកិច្ច​វៀតណាម​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ល្អ​ធម្មតា

ទំហំ​សេដ្ឋកិច្ច ២ រយ​ពាន់​លាន​ដុល្លារ​អាមេរិក របស់​ប្រទេស​វៀតណាម ដែល​ក្នុង​នោះ ប្រហែល ៤០ ភាគរយ​បាន​មកពី​វិស័យ​ផលិតកម្ម បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​ឆ្នាំ ២០១១ មក ដោយសារ​ការ​វិនិយោគ​ពី​បរទេស​លើ​ការ​នាំ​ចេញ​ទំនិញ​នានា ដែល​ក្នុង​នោះ មាន​ដូចជា​ស្បែកជើង និង​ទូរស័ព្ទ​ទំនើប​ជា​ដើម។

ប៉ុន្តែ អ្នក​វិភាគ​នានា​និយាយ​ថា កិច្ច​ព្រមព្រៀង​ណា​មួយ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​វៀតណាម ដើម្បី​កាត់​ពន្ធ​លើ​ទំនិញ​នាំ​ចូល ឬ​ក៏​ធ្វើ​ទីផ្សារ​ឲ្យ​ក្លាយទៅជា​ទីផ្សារ​សេរី​នោះ គឺ​ត្រូវការ​ពេលវេលា​រាប់​ឆ្នាំ​ដើម្បី​ពិភាក្សា​គ្នា។ គេ​បាន​ចំណាយ​ពេល​អស់ ១០ ឆ្នាំ ដើម្បី​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TPP មុន​ពេល​ដែល​ប្រទេស​ជា​សមាជិក​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ ២០១៦។ លោក Donald Trump បាន​បញ្ចប់​កិច្ច​ព្រមព្រៀង TTP នេះ ដោយ​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ កាល​ពី​ខែ​មករា កន្លង​មក​នេះ។

គោលដៅ​សេដ្ឋកិច្ច​រយៈពេល​វែង

ប្រទេស​ទាំង​ពីរ ដែល​ធ្លាប់​ជា​គូ​ប្រជែង​សម័យ​សង្គ្រាម​កាល​ពី ៥ ទសវត្សរ៍​មុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ទូលំទូលាយ​រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាម ក្នុង​ឆ្នាំ ២០១៣។ កិច្ច​ព្រមព្រៀង​នោះ​គ្រប​ដណ្ដប់​លើ​ផ្នែក​ពាណិជ្ជកម្ម ការ​អភិវឌ្ឍន៍ និង​សន្តិសុខ​ដែន​សមុទ្រ ប៉ុន្តែ មិន​បាន​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​សកម្មភាព​ជាក់​លាក់​ណា​មួយ​នោះ​ទេ។

លិខិត​របស់​លោក Donald Trump បាន​បញ្ជាក់​អំពី «បំណង​ប្រាថ្នា» មួយ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​បញ្ហា​អន្តរជាតិ និង​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​មាន «សន្តិភាព» នៅ​ក្នុង​ទ្វីប​អាស៊ី ដោយ​ផ្អែក​លើ​ការ​គោរព​តាម​ច្បាប់​អន្តរជាតិ។ នេះ​បើ​តាម​ការ​រាយការណ៍​ឲ្យ​ដឹង​របស់​គេហទំព័រ​ព័ត៌មាន​វៀតណាម Vietnamplus.vn។ លិខិត​នោះ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លោក Donald Trump កំពុង​ពិចារណា​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា APEC នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ​នេះ។

ប្រទេស​វៀតណាម​ចាត់ទុក​សហរដ្ឋអាមេរិក​ថា​ជា​ទីផ្សារ​នាំចេញ​កំពូល​របស់​ខ្លួន ហើយ​កាល​ពី​ឆ្នាំ​មុន វៀតណាម​បាន​បង្កើន​ការ​នាំ​ចេញ​ឲ្យ​ច្រើន​ជាង​ការ​នាំ​ចូល ដែល​ការ​នាំ​ចេញ​មាន​ទឹកប្រាក់​ចំនួន​៣៨,១ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ការ​នាំចូល​មាន​ទឹក​ប្រាក់​ចំនួន ៨,៧ ពាន់​លាន​ដុល្លារ​អាមេរិក។

កិច្ច​សហប្រតិបត្តិការ​នៃ​ទំនាក់ទំនង​ជាមួយ​ចិន

អ្នក​វិភាគ​មួយ​ចំនួន​រំពឹង​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្រហែល​ជា​នឹង​ស្នើ​សុំ​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​វៀតណាម​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ប្រទេស​ចិន។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Barack Obama បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​មុន ហើយ​បាន​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ការ​ជួញដូរ​អាវុធ​ប្រល័យ​ជីវិត។ លោក Obama ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ប្រើប្រាស់​វៀតណាម​ដើម្បី​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ ដែល​មាន​គោល​បំណង​រារាំង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ប្រទេស​ចិន​បាន​ចាក់​ដី​បំពេញ​កូន​កោះ​តូចៗ​សម្រាប់​កិច្ចការ​យោធា និង​កិច្ចការ​ស៊ីវិល​ផ្សេងៗ​របស់​ខ្លួន។

រដ្ឋបាល​របស់​លោក Donald Trumpក៏​បាន​គាំទ្រ​ចំពោះ​ការ​រារាំង​ការ​ពង្រីក​ដែន​សមុទ្រ​របស់​ចិន​ផង​ដែរ ប៉ុន្តែ​មិន​បាន​និយាយ​ថា តើ​វៀតណាម​អាច​នឹង​មាន​តួនាទី​បែប​ណា​នោះ​ទេ។

ការ​ទាមទារ​របស់​ប្រទេស​វៀតណាម នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ នេះ បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ការ​ទាមទារ​របស់​ចិន ហើយ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​ញឹកញាប់​ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៧០ មក បន្ទាប់​ពី​ប្រទេស​ចិន​បាន​គ្រប់គ្រង​ប្រជុំ​កោះ Paracel ដែល​ភាគី​ទាំង​ពីរ​អះអាង​ថា​ជា​របស់​ខ្លួន។ កាល​ពី​ឆ្នាំ ២០១៤ ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ខឹង​សម្បារ ដោយសារ​តែ​ចិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់​រដ្ឋ​មួយ​សាងសង់​ស្ថានីយ​ខួង​យក​ប្រេង ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ។

ប៉ុន្តែ ក្នុង​រយៈពេល ៣ ឆ្នាំ កន្លង​មក​នេះ ប្រទេស​ចិន និង​វៀតណាម​បាន​ខិត​ជិត​គ្នា​ចំពោះ​កិច្ចការ​ពាណិជ្ជកម្ម ដោយ​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​នៅ​ដែន​សមុទ្រ។ ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ប្រទេស​វៀតណាម។

លោក Kevin Snowball នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PXP Vietnam Asset Management នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​និយាយ​ថា វៀតណាម​ទំនង​ជា​នឹង​មិន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​សហរដ្ឋអាមេរិក ក្នុង​ករណី​ណា​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ចិន​ថ្នាក់ថ្នាំង​ចិត្ត​នោះ​ទេ នា​ពេល​បច្ចុប្បន្ន​នេះ។

លោក Kevin Snowball បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «នា​ពេល​បច្ចុប្បន្ន​នេះ បើ​សិន​ជា​យើង​ក្រឡេក​មើល​លើ​តួលេខ​ពាណិជ្ជកម្ម​របស់​ប្រទេស​វៀតណាម យើង​ឃើញ​ថា វៀតណាម​នៅតែ​ធ្វើ​បាន​ល្អ ទោះបីជា​មាន ឬ​គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TTP ឬ​ក៏​មាន ឬ​គ្មាន​លោក Donald Trump ក៏​ដោយ»៕

ប្រែសម្រួល​ដោយ​ ទុំ​ ម្លិះ

XS
SM
MD
LG