ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump បង្ហាញ​សញ្ញា​ថា លោក​នឹង​បង្កើន​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាម​ឡើង​វិញ


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

ប្រទេស​វៀតណាម​កំពុង​សម្លឹង​មើល​រក​ឱកាស​ដើម្បី​ចាប់ផ្ដើម​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សន្តិសុខ ដែល​ជា​ទំនាក់​ទំនង​ដ៏​មាន​សារៈសំខាន់​នេះ ឡើង​វិញ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ស្រប​ពេល​នោះ​ដែរ វៀតណាម​ក៏​កំពុង​ស្ទាបស្ទង់​មើល​លើ​ឥទ្ធិពល​បញ្ចុះបញ្ចូល​របស់​ប្រទេស​ចិន ដែល​ជា​គូ​សត្រូវ​ចាស់​របស់​ខ្លួន។ វៀតណាម​ធ្វើ​កំពុង​ធ្វើ​ដូច្នេះ បន្ទាប់​ពី​មាន​សំណើ​ថ្មី​មួយ​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។

លិខិត​មួយ​ច្បាប់​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ដែល​បាន​ផ្ញើ​ជូន​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang បាន​ស្នើ​ថា កិច្ច​សហ​ប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​រសាយ​នូវ​ក្ដី​កង្វល់​របស់​ខ្លួន​ដែល​ខ្វាយ​ខ្វល់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាក​ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​វៀតណាម​នោះ ទោះបីជា​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​នេះ​ទំនង​ជា​មិន​អាច​ផ្ដល់​ជា​សញ្ញា​ឲ្យ​ឃើញ​ពី​ការ​សម្រេច​បាន​ណា​មួយ​ភ្លាមៗ​ក៏​ដោយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

ប៉ុន្តែ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​អធិប្បាយ​ផ្លូវការ​ណា​មួយ​អំពី​រឿង​នេះ ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

អ្នក​តាមដាន​ស្ថានការណ៍​នានា​ជឿជាក់​ថា រដ្ឋាភិបាល​វៀតណាម​សង្ឃឹម​ថា លិខិត​ដែល​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​កាល​ពី​សប្ដាហ៍​មុន​នេះ មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​នឹង​យល់ព្រម​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ទោះបីជា​លោក Trump លះបង់​ចោល​នូវ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ក៏​ដោយ។

លិខិត​របស់​លោក Trump នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc និង​លោក Trump កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។ នៅ​ពេល​នោះ លោក Trump បាន​និយាយ​ថា លោក​ចង់​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ប្រទេស​ទាំង​ពីរ​ត្រូវ​រិះរក​មធ្យោបាយ​នានា​ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ។

ប៉ុន្តែ អ្នក​វិភាគ​នានា​និយាយ​ថា កិច្ច​ព្រមព្រៀង​ណា​មួយ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​វៀតណាម ដើម្បី​កាត់​ពន្ធ​លើ​ទំនិញ​នាំ​ចូល ឬ​ក៏​ធ្វើ​ទីផ្សារ​ឲ្យ​ក្លាយជា​ទីផ្សារ​សេរី​នោះ គឺ​ត្រូវការ​ពេលវេលា​រាប់​ឆ្នាំ​ដើម្បី​ពិភាក្សា​គ្នា៕

XS
SM
MD
LG