ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump បញ្ជូន​បេសកជន​ឲ្យ​ចូលរួម​ក្នុង​កិច្ចចរចា​ឈប់​បាញ់​គ្នា​របស់​ស៊ីរី


អ្នក​ចូលរួម​ក្នុង​កិច្ចចរចា​ចាប់​ដៃ​គ្នា បន្ទាប់​ពី​មាន​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ក្រោយ​កិច្ចចរចា​អំពី​សន្តិភាព​ក្នុង​ប្រទេស​ស៊ីរី ក្នុង​ក្រុង Astana ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

កិច្ចចរចា​អំពី​ការ​ឈប់បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ដោយ​ប្រទេស​រុស្ស៊ី ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ធ្វើ​នៅ​ថ្ងៃ​ពុធ ​និង​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ក្រុង Astana ប្រទេស​កាហ្សាក់ស្ថាន ហើយ​នឹង​មានការ​ចូល​រួម​ដោយ​បេសកជន​ម្នាក់​របស់​ក្រសួង​ការបរទេស​ស.រ.អា.​ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍។​

ចំណាត់ការ​នេះ​បាន​ត្រូវ​បញ្ជាក់​ថា ជា​ការ​ពិត​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​នៅ​ក្រោយ​ការ​សន្ទនា​គ្នា​តាម​ទូរសព្ទ​រវាង​លោក​ប្រធានាធិបតី Donald Trump និង​សមភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក​ប្រធានាធិបតី​ Vladimir Putin។

ការ​និយាយ​គ្នា​តាម​ទូរសព្ទ​កាលពី​ថ្ងៃ​អង្គារ ដែល​បាន​ត្រូវ​ពណ៌នា​ដោយ​សេតវិមាន​ថា​ជា «ការ​សន្ទនា​គ្នា​ល្អ​ណាស់» បាន​ត្រូវ​ជឿ​ថា​ជា​ការ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​លើក​ទី​មួយ​រវាង​មេដឹកនាំ​ទាំង​ពីរ​នាក់​ ចាប់តាំង​ពី​នាវា​ចម្បាំង​ស.រ.អា.​បាន​យក​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នូវ​មូលដ្ឋាន​មួយ​នៃ​កងទ័ពអាកាស​ស៊ីរី​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​កង​ក​ម្លាំង​ស៊ីរី និង​ពួក​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ពួក​គេ ដោយ​បាន​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​រាប់​សិប​គ្រឿង​កាលពីថ្ងៃ​ទី៤ខែ​មេសា។

លោក Trump បាន​ភ្ជាប់​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ផ្លោង​នេះ​ដែល​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​ខឹង​សម្បា​ខ្លាំង​ ទៅ​នឹង​ការ​ប្រើអាវុធ​គីមី​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុង​ការវាយ​ប្រហារ​មួយ​ដែល​បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​ជិត​១០០​នាក់​ស្លាប់​កាល​ពី​ប៉ុន្មានថ្ងៃ​មុន៕

XS
SM
MD
LG